(គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃចន្ទបានប្រកាសពីការឧបត្ថម្ភធន និងវិធានការផ្សេងៗដើម្បីទប់ស្កាត់កំណើនតម្លៃអង្ករក្នុងគ្រាដែលមានក្តីបារម្ភអំពីការកើនឡើងតម្លៃទំនិញប្រើប្រាស់ និងកង្វះការផ្គត់ផ្គង់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

បណ្តាប្រទេសនៅទូទាំងតំបន់អាស៊ីបានមើលឃើញការផ្គត់ផ្គង់កាន់តែទាប និងតម្លៃអង្ករកាន់តែឡើងថ្លៃក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារការកើនឡើងសីតុណ្ហភាពគំរាមកំហែងដល់ការប្រមូលផល ហើយប្រទេសនាំចេញអង្ករធំៗដូចជាឥណ្ឌា បានដាក់កម្រិតលើការនាំចេញដើម្បីទប់ស្កាត់អតិផរណា និងធានាសន្តិសុខស្បៀង។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ម៉ាឡេស៊ីកំណត់តម្លៃអង្ករសក្នុងស្រុកក្នុងតម្លៃ ២,៦០ រីងហ្គីតម៉ាឡេស៊ី (០,៥៥ ដុល្លារ) ក្នុងមួយគីឡូក្រាម។

យោងតាមក្រុមហ៊ុន Bernas ដែលជាក្រុមហ៊ុននាំចូលអង្កររដ្ឋ តម្លៃលក់រាយអង្ករសដែលបាននាំចូលត្រូវបានប៉ាន់ប្រមាណថាបានកើនឡើងដល់ទៅ ៣១ភាគរយពី ២,៩រីងហ្គីតដល់ ៣,៨ក្នុងមួយគីឡូក្រាម ដែលជំរុញឱ្យមានការកើនឡើងតម្រូវការគ្រាប់ធញ្ញជាតិក្នុងស្រុក។

ម៉ាឡេស៊ីដែលជាប្រទេសមានប្រជាជនជាង ៣២លាននាក់ បាននាំចូលអង្ករប្រមាណ ៣៨ភាគរយនៃតម្រូវការអង្កររបស់ខ្លួន ហើយបានពិភាក្សាជាមួយប្រទេសឥណ្ឌាកាលពីសប្តាហ៍មុនស្តីពីការដកការរឹតបន្តឹងការនាំចេញ។

ក្រសួងកសិកម្ម និងសន្តិសុខស្បៀងម៉ាឡេស៊ីបានឱ្យដឹងថា ខ្លួននឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៩៥០រីងហ្គីត (២០១,៧៨ដុល្លារ) ក្នុងមួយតោនសម្រាប់អង្ករសដែលនាំចូលក្នុងរដ្ឋសាបា និងរដ្ឋសារ៉ាវ៉ាកចាប់ពីថ្ងៃទី៥ ខែតុលាតទៅ។

ការឧបត្ថម្ភធននេះនឹងអាចឱ្យអង្ករសដែលនាំចូលមានតម្លៃលក់រាយ ៣១រីងហ្គីតក្នុង ១០ គីឡូក្រាមក្នុងរដ្ឋទាំងពីរនេះ ដែលស្ថិតក្នុងចំណោមរដ្ឋដែលមានប្រជាជនច្រើនជាងគេរបស់ម៉ាឡេស៊ី។ ក្រសួងក៏បានស្នើឱ្យអាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធបង្កើនការចែកចាយអង្ករសក្នុងស្រុកទៅកាន់តំបន់ជនបទផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕