(ហ្សាការតា)៖ ប្រទេសឥណ្ឌូណេស៊ីបានបើកដំណើរការផ្លូវរថភ្លើងល្បឿនលឿនដំបូងគេនៅអាស៊ីអាគ្នេយ៍ដើម្បីបម្រើសេវាជូនសាធារណជន បន្ទាប់ពីមានការពន្យារពេលជាច្រើនឆ្នាំ និងការចំណាយលើសការគ្រោងទុក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា រថភ្លើងដែលតភ្ជាប់ពីរដ្ឋធានីហ្សាការតាទៅកាន់ទីក្រុងបានដុង (Bandung) ដែលស្ថិតក្បែររដ្ឋធានីហ្សាការតា អាចដឹកអ្នកដំណើរបានរហូតដល់ ៦០០នាក់ក្នុងល្បឿនអតិបរមា ៣៥០គីឡូម៉ែត្រ (២២០ម៉ាយ) ក្នុងមួយម៉ោង។ ផ្លូវរថភ្លើងត្រូវបានគេហៅថា WHOOSH ដែលជាអក្សរកាត់មកពីពាក្យថា «ការសន្សំពេលវេលា ប្រតិបត្តិការល្អបំផុត ប្រព័ន្ធដែលអាចទុកចិត្តបាន» នៅក្នុងភាសាឥណ្ឌូនេស៊ី។

ផ្លូវរថភ្លើងនេះគឺជាចំណុចកំពូលនៃការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់ឥណ្ឌូនេស៊ី ខណៈដែលប្រធានាធិបតីលោក Joko Widodo សាងសង់ផ្លូវ កំពង់ផែ និងអាកាសយានដ្ឋានដើម្បីជំរុញប្រទេសឆ្ពោះទៅរកឋានៈជាប្រទេសមានប្រាក់ចំណូលខ្ពស់។ ការបើកដំណើរការផ្លូវដែកនេះក៏បង្កើតបានជាផ្នែកសំខាន់មួយនៃកេរ្តិ៍ដំណែលរបស់លោកផងដែរ បើទោះបីជាការសាងសង់រថភ្លើងនេះបានរងផលប៉ះពាល់ដោយសារការចំណាយខ្ពស់ និងបញ្ហាជាច្រើនឆ្នាំក៏ដោយ។

ដំបុងឡើយផ្លូវរភ្លើងនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ២០១៩ តែជំងឺរាតត្បាតកូវីដ-១៩ បានរុញច្រានពេលវេលាបញ្ចប់របស់គម្រោងនេះ ខណៈពេលដែលបញ្ហានៃការទិញដីបាននាំឱ្យការចំណាយសរុបកើនឡើងដល់ ៧,២ពាន់លានដុល្លារពីចំនួន ៦ពាន់លានដុល្លារ។ ការធ្វើតេស្តសុវត្ថិភាពក៏បានពន្យារពេលដល់ការបើកដំណើរការផ្លូវរថភ្លើងដែលគ្រោងធ្វើឡើងនៅខែសីហាផងដែរ។

គម្រោងនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន ហើយត្រូវបានសាងសង់ដោយក្រុមហ៊ុនភាពជាដៃគូមួយដែលមានការចូលពីក្រុមហ៊ុន China Railway International Co. Ltd។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕