(វ៉ាស៊ីនតោន)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា ការពិភាក្សាកំពុងបន្តធ្វើឡើងជាមួយប្រទេសស្រីលង្កាថាតើប្រទេសនេះកំពុងឆ្លើយតបទៅនឹងគោលដៅស្ថិតក្រោមកម្មវិធីថវិកាសង្គ្រោះ ៣ពាន់លានដុល្លារ ដែលជាជំហានចាំបាច់មួយមុនពេលមូលនិធិនេះផ្តល់ថវិកាបន្ថែមទៀតឬយ៉ាងណា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
ក្រុមការងាររបស់មូលនិធិ IMF បានបញ្ចប់ដំណើរទស្សនកិច្ចរបស់ខ្លួនទៅកាន់ប្រទេសស្រីលង្កាដែលជាផ្នែកមួយនៃការត្រួតពិនិត្យមើលលើកដំបូងរបស់ខ្លួនទៅលើប្រទេសនេះស្ថិតក្រោមកិច្ចព្រមព្រៀងថវិកាសង្គ្រោះ ដោយបាននិយាយថា «វឌ្ឍនភាពសំខាន់ៗលើកំណែទម្រង់សំខាន់ៗ» ត្រូវបានធ្វើឡើង។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយដោយស្ថាប័នផ្តល់ប្រាក់កម្ចីដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនមួយនេះថា៖ «ការពិភាក្សានឹងបន្តឆ្ពោះទៅរកការសម្រេចបាននូវកិច្ចព្រមព្រៀងកម្រិតបុគ្គលិកក្នុងរយៈពេលដ៏ខ្លីដែលនឹងរក្សាបាននូវសន្ទុះកំណែទម្រង់ដែលត្រូវការដើម្បីផ្តល់លទ្ធភាពឱ្យស្រីលង្កាងើបចេញពីវិបត្តិសេដ្ឋកិច្ចដ៏ជ្រៅរបស់ខ្លួន»។
ប្រភពមួយដែលស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់រ៉យទ័រថា ស្រីលង្កានឹងត្រូវជួបពិភាក្សាបន្ថែមទៀតជាមួយមូលនិធិ IMF ដើម្បីធានាថា ខ្លួនអាចសម្រេចបានតាមគោលដៅរបស់ខ្លួន។ ប្រភពដដែលនេះបានបន្ថែមថា ការពិភាក្សាអាចធ្វើឡើងនៅប្រទេសម៉ារ៉ុកនៅខាងក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់មូលនិធិ IMF នៅខែក្រោយ ឬនៅទីក្រុងវ៉ាស៊ីនតោនបន្ទាប់ពីកិច្ចប្រជុំនេះ។
កម្មវិធីប្រាក់កម្ចីរបស់មូលនិធិ IMF គឺជាកត្តាជំរុញឱ្យសេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កាងើបឡើងវិញបន្ទាប់ពីមានវិបត្តិដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ជាផ្នែកមួយនៃថវិកាសង្គ្រោះ រដ្ឋាភិបាលស្រីលង្កាចាំបាច់ត្រូវកែទម្រង់សហគ្រាសរដ្ឋរបស់ខ្លួន និងកែលម្អការបង្កើតប្រាក់ចំណូល។ ប្រទេសនេះក៏តម្រូវឱ្យនាំយកបំណុលជាតិមកកាន់កម្រិតប្រកបដោយនិរន្តរភាពផងដែរបន្ទាប់ពីទទួលរងការបរាជ័យសងបំណុលមិនធ្លាប់មានកាលពីឆ្នាំមុន៕