(តូក្យូ)៖ កាសែត Nikkei បានរាយការណ៍កាលពីថ្ងៃពុធថា ក្រុមហ៊ុន Mitsubishi Motors របស់ប្រទេសជប៉ុនបានសម្រេចចិត្តបញ្ចប់ផលិតកម្មរថយន្តរបស់ខ្លួននៅក្នុងប្រទេសចិន ហើយកំពុងពិភាក្សាអំពីការចាកចេញនេះជាមួយក្រុមហ៊ុន Guangzhou Automobile Group (GAC) ដែលជាដៃគូបណ្តាក់ទុនក្នុងស្រុករបស់ខ្លួន។

កាសែត Nikkei បានរាយការណ៍ដោយមិនផ្តល់ប្រភពព័ត៌មានថា ក្រុមហ៊ុន GAC ទំនងជានឹងផ្លាស់ប្តូររោងចក្រផលិតរថយន្តនៅក្នុងខេត្តហ៊ូណាទៅធ្វើជាមូលដ្ឋានផលិតកម្មសម្រាប់រថយន្តអគ្គិសនីវិញ។

ក្រុមហ៊ុន Mitsubishi Motors បានឱ្យដឹងថា ការពិភាក្សាអំពីអនាគតអាជីវកម្មនៅប្រទេសចិនរបស់ខ្លួនជាមួយនឹងម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដែលមានឈ្មោះថា GAC Mitsubishi Motors នៅក្នុងប្រទេសចិនកំពុងបន្តធ្វើឡើង ហើយមិនទាន់មានអ្វីដែលអាចឈានដល់ការសម្រេចនោះទេ។

ក្រុមហ៊ុន GAC Mitsubishi Motors បានចាប់ផ្តើមដំណើរការដោយក្រុមហ៊ុន GAC ក្រុមហ៊ុន Mitsubishi Motors និងក្រុមហ៊ុន Mitsubishi Corp ក្នុងឆ្នាំ២០១២ ដោយផ្តោតលើការលក់រថយន្ត SUV នៅក្នុងប្រទេសចិន។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះបានឱ្យដឹងកាលពីខែកក្កដាថា ខ្លួននឹងកាត់បន្ថយការចំណាយលើបុគ្គលិកដើម្បីស្តារក្រុមហ៊ុនឡើងវិញ បន្ទាប់ពីក្រុមហ៊ុនបានបញ្ឈប់ការផលិតរថយន្ត Outlander SUV បន្ទាប់ពីការលក់ធ្លាក់ចុះក្រោយពេលត្រឹមតែប៉ុន្មានខែបន្ទាប់ពីការចេញលក់ក្នុងខែធ្នូ។

ក្រុមហ៊ុន Mitsubishi Motors បានឱ្យដឹងកាលពីខែមេសាថា ក្រុមហ៊ុននឹងត្រូវចំណាយប្រាក់ ៧៨លានដុល្លារសម្រាប់ការលក់ខ្សោយក្នុងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ។ ក្រុមហ៊ុនផលិតរថយន្តនេះលក់បានត្រឹមតែក្រោម ៣២ ០០៩គ្រឿងប៉ុណ្ណោះក្នុងប្រទេសចិនកាលពីឆ្នាំមុន ពោលធ្លាក់ចុះប្រហែល ៥០ភាគរយធៀបនឹងឆ្នាំ២០២១។

ក្រុមហ៊ុន Mitsubishi Corp បានផ្តល់សេចក្តីប្រកាសព័ត៌មានដូចគ្នានឹងក្រុមហ៊ុន Mitsubishi Motors ដែរ៕