(បាងកក)៖ ប្រទេសថៃ និងអេមិរ៉ាតអារ៉ាប់រួម (UAE) កំពុងឈានទៅមុខជាលំដាប់នៅក្នុងការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ដោយកិច្ចពិភាក្សាពេលនេះបានបញ្ចប់ ៨០% ហើយ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម Phumtham Wechayachai ត្រូវបានដកស្រង់សម្ដីដោយកាសែតបាងកកប៉ុស្តិ៍ដែលបានថ្លែងបន្ទាប់ពីពិភាក្សាជាមួយលោក Thani bin Ahmed Al Zeyoudi រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបរទេសរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួមថា កិច្ចព្រមព្រៀងនានាសម្រេចបានកាលពីព្រហស្បតិ៍ក្នុងវិស័យជាច្រើនរួមមានម្ហូបអាហារ ម៉ាស៊ីនត្រជាក់ គ្រឿងបន្លាស់រថយន្ត និងផលិតផលកសិកម្មមួយចំនួន។

លោក Phumtham បានមានប្រសាសន៍ថា៖ «ការចរចាបានបញ្ចប់ប្រហែល ៨០% ហើយគោលបំណងរបស់យើងគឺបញ្ចប់ការចរចានៅចុងឆ្នាំនេះ»

ប្រទេសថៃបានធ្វើជាម្ចាស់ផ្ទះនៃការចរចាជុំទីបួនសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរចាប់ពីថ្ងៃទី២៦ ដល់ ២៨ ខែកញ្ញា។ រដ្ឋាភិបាលថៃចង់ពន្លឿនការចរចាដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ។

ការសិក្សាមួយបានប៉ាន់ប្រមាណថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះអាចបង្កើនផលិតផលក្នុងស្រុកសរុបរបស់ថៃបានចំនួនពី ៣១៨ ទៅ ៣៥៧លានដុល្លារ និងបង្កើនការនាំចេញពី ១៩០ ទៅ ២៤៣ លានដុល្លារ ជាពិសេសសម្រាប់ម្ហូបអាហារ វាយនភ័ណ្ឌនិងសម្លៀកបំពាក់ ផលិតពីស្បែកសត្វ ឈើ កៅស៊ូ សារធាតុគីមី គ្រឿងអគ្គិសនី និងអេឡិចត្រូនិច ព្រមទាំងរថយន្ត និងគ្រឿងបន្លាស់រថយន្ត។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕