(សិង្ហបុរី)៖ ទូរទស្សន៍រដ្ឋចិនបានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រុមប្រឹក្សាពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិនបានស្នើសុំជាផ្លូវការឱ្យសហរដ្ឋអាមេរិក «ពិចារណាដោយប្រុងប្រយ័ត្ន» លើច្បាប់ដែលហាមឃាត់ ឬរឹតបន្តឹងការវិនិយោគរបស់សហរដ្ឋអាមេរិកនៅក្នុងវិស័យបច្ចេកវិទ្យារបស់ប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយកាលពីខែមុន ដែលហាមឃាត់ឬរឹតបន្តឹងការវិនិយោគនៅក្នុងក្រុមហ៊ុនរបស់ចិន ដែលពាក់ព័ន្ធនឹងស៊ីមីកុងដាក់ទ័រ និងមីក្រូអេឡិចត្រូនិច បច្ចេកវិទ្យាព័ត៌មាន Quantum និងប្រព័ន្ធបញ្ញាសិប្បនិម្មិតមួយចំនួន។

បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ទូរទស្សន៍រដ្ឋចិនបានរាយការណ៍និយាយថា ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិនស្ថិតក្រោមក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា បញ្ជាប្រតិបត្តិនេះមានចែងអំពី «ការរឹតបន្តឹងមិនច្បាស់លាស់ និងទូលំទូលាយ» លើអ្នកវិនិយោគនិងប្រភេទប្រតិបត្តិការ ហើយមិនបែងចែករវាងគោលបំណងយោធា និងស៊ីវិលនោះទេ។

ក្រុមប្រឹក្សានេះបានបន្ថែមថា៖ «[ការចែងអំពីភាពមិនច្បាស់លាស់និងទូលំទូលាយនេះ] មិនត្រឹមតែបង្កើតឱ្យមានការកើនឡើងហានិភ័យប្រតិបត្តិការ និងការចំណាយលើការអនុលោមភាពប៉ុណ្ណោះទេ... ប៉ុន្តែថែមទាំងធ្វើឱ្យខូចខាតដល់ខ្សែច្រវ៉ាក់ឧស្សាហកម្មសកលដែលពឹងផ្អែកគ្នាជាអន្តរជាតយ៉ាងខ្លាំងទៀងផង»

បញ្ជាប្រតិបត្តិរបស់លោក Biden មានគោលបំណងការពារសន្តិសុខជាតិ និងរារាំងមិនឱ្យមានការជួយដល់យោធារបស់ប្រទេសចិន។ ច្បាប់នេះត្រូវបានរំពឹងថានឹងត្រូវអនុវត្តនៅពេលណាមួយនៅឆ្នាំក្រោយ៕