(ភ្នំពេញ)៖ ពាណិជ្ជករ និងវិនិយោគិនកម្ពុជាជាច្រើននាក់ នឹងទៅទស្សនិកនៅអាមេរិក ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីស្វែងរកឱកាសនាំចេញផលិតផលកសិកម្មបន្ថែម ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សមាគមវិនិយោគិនវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI)។
ក្នុងដំណើរទស្សនកិច្ចនេះ ពាណិជ្ជករ និងវិនិយោគិនកម្ពុជា នឹងចូលរួមក្នុងពិធីតាំងពិព័រណ៍ និងសន្និសីទពាណិជ្ជកម្ម នៅទីក្រុងឡុងប៊ិច ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មអាមេរិក ដើម្បីដាក់តាំងបង្ហាញផលិតផលចំណីអាហារ ដល់អ្នកបញ្ជាទិញ និងអ្នកចូលរួម ព្រមទាំងបង្កើតទំនាក់ទំនងអាជីវកម្មផ្តួចផ្តើម ការពិភាក្សាជាមួយវិនិយោគិន និងផ្គូផ្គងផលិតផល ឬសេវាកម្មជាមួយធុរជនអាស៊ីរាប់រយនាក់ មកពីរដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក។
ក្រៅពីពិព័រណ៍ និងសន្និសីទពាណិជ្ជកម្មនេះ ពាណិជ្ជករ និងវិនិយោគិនរបស់កម្ពុជា ក៏នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់កំពង់ផែឡុងប៊ិច និងឃ្លាំងស្តុកទុកកសិផល និងផលិតផលចំណីអាហារ និងចូលរួមសិក្ខាសាលាស្តីពីបែបបទគយ ស្ថាប័នចំណីអាហារ និងឱសថ និងស្តង់ដារផលិតផលចំណីអាហាររបស់សហរដ្ឋអាមេរិកផងដែរ។
សមាគមវិនិយោគិនវានុវត្តន៍ និងអភិវឌ្ឍន៍ បានលើកឡើងថា នេះគឺជាលើកទី២ហើយ ដែលបានរៀបចំដំណើរទស្សនកិច្ចនេះឡើងដើម្បីឱ្យពាណិជ្ជកររបស់កម្ពុជា មានឱ្យពង្រីកទីផ្សាររបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក។ តាមរយៈដំណើរទស្សនកិច្ចនេះ នឹងក្លាយជាឱកាសល្អសម្រាប់ពាណិជ្ជករ និងអ្នកនាំចេញរបស់កម្ពុជា បានស្វែងយល់ពីបែបបទនៃការនាំចេញផលិតផលជាពិសេសកសិផលទៅសហរដ្ឋអាមេរិក និងបានបង្ហាញផលិតផលកសិកម្ម និងម្ហូបអាហារទៅកាន់អ្នកបញ្ជាទិញនៅអាមេរិក និងបានបង្កើតទំនាក់ទំនងជាមួយពួកគេទៀតផង។
សូមជម្រាបផងដែរ កម្មវិធី ទស្សនកិច្ចគណៈប្រតិភូធុរកិច្ច និងវិនិយោគិនកម្ពុជាទៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៧ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំឡើងដោយ សមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងក្រុមហ៊ុន ID Capital Plc. (IDC ) ក្រោមកិច្ចសហការពីសហគ្រិនខ្មែរ(KE) និង សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham)៕