(ភ្នំពេញ)៖ វិស័យឯកជនរបស់កម្ពុជា បានបង្ហាញនូវក្តីរំពឹងទុកថា នឹងអាចនាំចេញដំឡូងមីក្រៀមជាង ២លានតោន ទៅចិនដោយផ្ទាល់ក្នុងមួយឆ្នាំៗ។
ការរំពឹងទុកនេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនកម្ពុជាចំនួន២ បានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនចិន កាលពីសប្តាហ៍មុន ដើម្បីនាំចេញដំឡូងមីក្រៀម ទៅកាន់ប្រទេសចិន ក្នុងរយៈពេល៨ឆ្នាំ ដែលត្រូវបានបែងចែកចេញជា ៣ដំណាក់កាល។
ឧកញ៉ាបណ្ឌិត ឈិន កេន នាយកគ្រប់គ្រង Advance Digital World Trade (ADWT) បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បច្ចុប្បន្ននេះទីផ្សារដំឡូងមីនៅប្រទេសចិន មានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់។ ហេតុនេះហើយទើបក្រុមហ៊ុនដ៏ធំមួយរបស់ហុងកុង សម្រេចចិត្តចុះកិច្ចព្រមព្រៀងទិញដំឡូងមីពីកម្ពុជា ដើម្បីផ្គត់ផ្គង់ទៅទីផ្សារចិន។
លោកបន្តថា នេះគឺជាឱកាសមួយសម្រាប់កម្ពុជា លក់ផលិតផលដំឡួងមីក្រៀមដោយផ្ទាល់ ទៅទីផ្សារប្រទេសចិន តាមរយៈក្រុមហ៊ុនដ៏ធំមួយនេះ ខណៈដែលកន្លងការនាំចេញដំឡូងមីទៅប្រទេសចិន ធ្វើឡើងតាមរយៈប្រទេសទី៣ ពោលគឺប្រទេសជិតខាងកម្ពុជា ដូចជាថៃ វៀតណាម។
លោកបានគូសបញ្ជាក់ថា «តាមរយៈអនុស្សារណៈនេះ យើងរំពឹងថាយើងនឹងអាចលក់ដំបូងក្រៀម ក្នុងមួយឆ្នាំប្រហែល២លានតោន បើគិតជាទឹកលុយអាចទទួលបានប្រហែល ៥០០លានដុល្លារ អាស្រ័យទៅលើស្ថានភាពតម្លៃទីផ្សារឡើងចុះ។តាមរយៈកិច្ចព្រមព្រៀងនាំចេញដំឡូងមីក្រៀមទៅប្រទេសចិននេះដែរ នឹងជួយលើកស្ទួយវិស័យដំឡូងមីនៅកម្ពុជា ដែលអាចនាំចេញដោយត្រង់ទៅប្រទេសចិន»។
លោកលើកឡើងបន្តថា បន្ទាប់ពីការចុះកិច្ចព្រមព្រៀងនេះ ប្រជាកសិករកំពុងដាំដុះដំឡូងមី ដែលកន្លងមកតែងតែពឹងផ្អែកទៅទីផ្សារប្រែប្រួល នឹងកាន់តែមានទំនុកចិត្តជាងមុន ក្នុងការបង្កើនការដាំដុះឱ្យច្រើនជាងមុន ដើម្បីផ្គត់ផ្គង់ឱ្យទាន់ពេលរបស់ក្រុមហ៊ុននាំចេញ។
លោកបញ្ជាក់បន្ថែមថា «រំពឹងប្រជាកសិករ នឹងអាចចំណេញច្រើនជាងមុន ខណៈដែលពីមុនតម្លៃបានប្រែប្រួល តាមតែអ្វីដែលគេបានដាក់ ដែលមិនមានភាពជាក់លាក់ ហើយឥលូវនេះយើងអាចធានាតម្លៃ ក្នុងកម្រិតណាមួយ ដើម្បីរក្សាស្ថេរភាពផ្គត់ផ្គង់ដំឡូងមីទៅកាន់ក្រុមហ៊ុនហុងកុងនេះ»។
បណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមហ៊ុន ID Capital បានប្រាប់បណ្តាញព័ត៌មាន Fresh News ដែរថា កម្ពុជាជាប្រទេសដែលមានការដាំដុះដំឡូងមីដ៏ធំមួយ ប្រកបដោយសក្តានុពល សម្រាប់ការអភិវឌ្ឍលើប្រព័ន្ធទីផ្សារដំឡូងមី។ ការចុះអនុស្សារណៈយោគយល់នេះ គឺមានគោលបំណងលើកកម្ពស់ វិស័យពាណិជ្ជកម្មផលិតផលដំឡូងមី ដែលមានប្រភពដាំដុះដោយផ្ទាល់នៅកម្ពុជា និងស្វែងយល់បន្ថែមពីលទ្ធភាព នៃការកែច្នៃដំឡូងមីទៅជាផលិតផល ដែលមានគុណតម្លៃបន្ថែម។ បច្ចុប្បន្ន ID Capital កំពុងសិក្សាយ៉ាងលម្អិតទៅលើផលិតភាព និងលទ្ធភាពនៃបរិមាណ ដែលអាចនាំចេញបាន ជាមួយភាគីពាក់ព័ន្ធទាំងអស់នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងតម្លៃ។
លោកបន្ថែមថា «ការធ្វើកិច្ចសហប្រតិបត្តិការនេះ ដើម្បីបង្កើននូវប្រសិទ្ធភាពនៃទំនាក់ទំនងខ្សែច្រវាក់តម្លៃរវាងការដំាដុះ ការផ្គត់ផ្គង់ និងទីផ្សារ ដែលអាចផ្តល់នូវអត្ថប្រយោជន៍ដល់កសិករ និងលើកទឹកចិត្តពួកគាត់ក្នុងការដាំដុះដំឡូងមី ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារប្រទេសចិន ដែលមានសក្តានុពលបញ្ជាទិញ ក្នុងបរិមាណច្រើន ជាមួយនឹងតម្លៃសមស្រប។ ដោយឡែក ID Capital តាមរយៈសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ «IDI» នឹងធ្វើការជាមួយដៃគូហត្ថលេខី ក៏ដូចជាដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការកំណត់នូវផ្នែកអាទិភាពណាមួយ ដែលអាចជាឱកាសឱ្យយើងធ្វើការសហវិនិយោគជាមួយគ្នាបាន ដើម្បីនាំចេញផលិតផលដំឡូងមី ប្រកបដោយចីរភាព»។
របាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ ការនាំចេញចំណិតដំឡូងមីក្រៀម មានបរិមាណជាង ៩៦ម៉ឺនតោន ថយចុះជាង៤០ភាគរយ, ដំឡូងមីស្រស់ជាង៧២ម៉ឺនតោន ថយចុះជាង២៤ភាគរយ, ម្សៅដំឡូងមី ជាង២៤ពាន់តោន ថយចុះជាង៥២ភាគរយ និងកាកសំណល់ដំឡូងមីជាង៦ម៉ឺនតោន កើនឡើង៦៧៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
តំណាងក្រុមហ៊ុន Artwell Tapioca Limited (ATL) ដែលទទួលទិញដំឡូងមីក្រៀមពីកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជាស្ថិតនៅលំដាប់ទីពីរ បន្ទាប់ពីប្រទេសថៃ ដែលដាំដុះដំឡូងមីក្នុងបរិមាណច្រើន។ ការចុះហត្ថលេខាលើអនុស្សរណៈនេះ នឹងអនុញ្ញាតឱ្យមានសមាហរណកម្ម ដែលកាន់តែមានប្រសិទ្ធភាព រួមមានសមាហរណកម្មខ្សែច្រវាក់ផ្គត់ផ្គង់ដំឡូងមីស្ងួតកម្ពុជា និងការគ្រប់គ្រងគុណភាពកាន់តែល្អប្រសើរ។
លោកបន្តថា «សម្រាប់កសិករដាំដំឡូងមីកម្ពុជា ពួកគាត់អាចផ្តល់ការផ្គត់ផ្គង់ដោយផ្ទាល់ទៅក្រុមហ៊ុន ដែលជាអ្នកទិញទីមួយ ដោយលុបបំបាត់ ឬ កាត់បន្ថយការចំណាយលើការបង់ថ្លៃឈ្មួញកណ្តាល ដែលនឹងបង្កើនការលើកទឹកចិត្ត ដល់កសិករក្នុងការដាំដំឡូងមីនៅកម្ពុជា»។
តំណាងក្រុមហ៊ុន ATL បន្ថែមថា បច្ចុប្បន្នការប្រមូលផលដំឡូងមីនៅកម្ពុជាមានពី១០ ទៅ ១៥ តោនក្នុងមួយហិកតា ធៀបនឹង ៤០តោនក្នុងមួយហិកតា នៅប្រទេសថៃ និងវៀតណាម និង៩០ តោនក្នុងមួយហិកតា នៅតំបន់ក្វាងស៊ី ប្រទេសចិន។ ទិន្នផលដំឡូងមីនៅកម្ពុជា មានឱកាសច្រើនក្នុងការកែលម្អ។
ប្រទេសកម្ពុជាបានទទួលការបញ្ជាទិញពីក្រុមហ៊ុន ATL និងការគាំទ្រផ្នែកហិរញ្ញវត្ថុពី ID Captial PLC។ លើសពីនេះ ADWT នឹងធ្វើការជាមួយអ្នកជំនាញដំឡូងមី មកពីប្រទេសថៃ និងចិន ដោយសហការជាមួយអ្នកជំនាញមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងសាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) និងសមាគមកសិករខ្មែរ (KFCA) លើបច្ចេកទេសដាំដុះដំឡូងមី៕