(វ៉ាស៊ីនតោន)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា និន្នាការកំណើនបំណុលសកលទំនងជានឹងកើតមានឡើងជាថ្មីបន្ទាប់ពីការធ្លាក់ចុះកាលពីឆ្នាំមុន ដោយសារការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច និងអតិផរណាមានស្ថិរភាព ក៏ដូចជាការបោះផ្សាយបំណុលជាបន្តបន្ទាប់ពីសំណាក់ប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
មូលនិធិ IMF បានឱ្យដឹងនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពចុងក្រោយស្តីពីបំណុលពិភពលោកដែលបានចេញផ្សាយនៅសប្តាហ៍នេះថា បំណុលសរុបទាំងបំណុលរបស់រដ្ឋាភិបាល បំណុលក្រុមហ៊ុនអាជីវកម្មឯកជន និងបំណុលគ្រួសារ បានធ្លាក់ចុះ ១០ពិន្ទុភាគរយមកនៅត្រឹម ២៣៨% នៃផលិតផលក្នុងស្រុកសរុបពិភពលោកក្នុងឆ្នាំ២០២២។ ទាំងបំណុលឯកជន និងបំណុលរដ្ឋាភិបាលបានធ្លាក់ចុះធៀបនឹងឆ្នាំ២០២១ ដោយបំណុលរដ្ឋាភិបាលបានធ្លាក់ចុះប្រហែលពាក់កណ្តាលនៃកំណើនបំណុលដែលធ្លាប់ទទួលបាន គិតចាប់តាំងពីពេលមានជំងឺរាតត្បាតមក។
ទោះជាយ៉ាងណា មូលនិធិ IMF បានឱ្យដឹងថា ក្នុងរយៈពេលមធ្យម បំណុលទំនងជានឹងបន្តកើនឡើងវិញ ដោយសារតែការស្ទុះងើបសេដ្ឋកិច្ចឡើងវិញរបស់ពិភពលោកពីវិធានការរឹតបន្តឹងជំងឺរាតត្បាតកំពុងថយចុះ ហើយអតិផរណាត្រូវបានព្យាករថានឹងមានស្ថិរភាព។
មូលនិធិ IMF បានឱ្យដឹងថា៖ «បំណុលសកលហាក់ដូចជាបានត្រលប់ទៅរកនិន្នាការកើនឡើងជាប្រវត្តិសាស្ត្ររបស់ខ្លួនវិញ»។ IMF បានបន្តថា៖ «ការគ្រប់គ្រងភាពងាយរងគ្រោះនៃបំណុលគួរតែជាកិច្ចការសំខាន់ដែលត្រូវធ្វើ»។
ប្រទេសចិនគឺជាករណីលើកលែងដ៏ធំបំផុតចំពោះការកាត់បន្ថយបំណុលពិភពលោកកាលពីឆ្នាំមុន ដោយសារប្រទេសនេះបានបោះផ្សាយបំណុលសាធារណៈបន្ថែមទៀតដើម្បីគាំទ្រសេដ្ឋកិច្ចរបស់ខ្លួនក្នុងអំឡុងពេលបិទខ្ទប់ប្រទេស ខណៈពេលដែលកំពុងប្រឈមនឹងល្បឿនអតិផរណាទាប។ មូលនិធិ IMF បានប៉ាន់ប្រមាណថា បំណុលសរុបនៅក្នុងប្រទេសចិនបានកើនឡើង ៧,៣ភាគរយដល់ ២៧២% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២២។
មូលនិធិ IMF បានឱ្យដឹងនៅក្នុងរបាយការណ៍ដដែលនេះថា៖ «ប្រទេសចិនគឺជាកម្លាំងដ៏សំខាន់ដែលជំរុញបំណុលពិភពលោកក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ»។ មូលនិធិនេះបានបន្តថា៖ «ការកើនឡើងអនុបាតបំណុលរបស់ប្រទេសចិនធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) គឺមិនស្របគ្នាទៅនឹងកំណើននៅប្រទេសដែលមានសេដ្ឋកិច្ចធំៗផ្សេងទៀតឡើយ»៕