(ភ្នំពេញ)៖ ផលិតផលជលផលរបស់កម្ពុជា «ជើងដំបូង» ត្រូវបាននាំចេញ ទៅកាន់ទីផ្សារប្រទេសចិនហើយនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ទទួលបានការអនុញ្ញាតពីរដ្ឋបាលគយចិន។
ផលិតផលជលផលដែលបាននាំចេញទៅទីផ្សារចិន ជើងដំបូងនេះ គឺ កំពឹសទឹកសាបបង្កក និងអន្ទង់បង្កក ដែលជាផលិតផលជលផលធម្មជាតិ ដោយក្រុមហ៊ុនបានប្រមូលទិញពីប្រជានេសាទទូទៅ យកមកបង្កក ដើម្បីនាំចេញ។
កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា ការនាំចេញផលិតផលជលផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូងនេះ គឺជាជោគជ័យមួយជំហានរបស់កម្ពុជា។
កញ្ញាបន្តថា «ក្រសួងសូមអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយវារីវប្បករ រហូតសម្រេចបានការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូង នាថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២៣»។
កញ្ញបានគូសបញ្ជាក់បន្ថែមថា ការងារអាទិភាពដំបូង នឹងធ្វើយ៉ាងណារក្សានូវគុណភាព ស្របតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន ដើម្បីធានាឲ្យបានថា ផលិតផលជលផលរបស់ខ្មែរនៅតែអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបាន។
ចំណែកការងារបន្ទាប់ គឺជំរុញឲ្យផលិតផលជលផលរបស់ខ្មែរ មានគុណភាពកាន់តែខ្ពស់ មានសោភណ្ឌភាពកាន់តែល្អ មានសុវត្ថិភាព និងមានរសជាតិកាន់តែឆ្ងាញ់ ក្នុងគោលដៅពង្រឹងនិងពង្រីកតម្រូវការរបស់អតិថិជននៅលើទីផ្សារប្រទេសចិន។
នៅពេលដែលសេចក្ដីត្រូវការនៅទីផ្សារចិនកើនឡើង ការនាំចេញផលិតផលជលផលពីកម្ពុជាទៅកាន់ប្រទេសចិននឹងមានកំណើន។ ចំណែកវារីវប្បករ អ្នកចិញ្ចឹមត្រីនៅស្រុកខ្មែរ នឹងមានការងារធ្វើកាន់តែច្រើន។
កញ្ញាបន្ថែមថា តាមរយៈការជំរុញការនាំចេញផលិតផលជលផលខ្មែរទៅកាន់ទីផ្សារប្រទេសចិននេះ ក្រសួងសង្ឃឹមថា វានឹងអាចជួយបង្កើនជីវភាពបងប្អូនវារីវប្បករនៅស្រុកខ្មែរយើងឲ្យកាន់តែមានការរីកចំរើនទៅមុខ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។
សូមជម្រាបថា កាលពីខែឧសភា ឆ្នាំ២០២៣ ផលិតផលជលផលធម្មជាតិរបស់កម្ពុជាជាង១០ប្រភេទ ទទួលបានការអនុញ្ញាតឲ្យនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន។ ផលិផលទាំងនោះរួមមាន៖ កំពឹសទឹកសាប, ត្រីប្រាធំ, ត្រីប្រាខ្ចៅ, ខ្យងទឹកសាបពីរប្រភេទ, អន្ទង់ទឹកសាប, បង្កងកណ្តូបពីរប្រភេទ, បង្គាខ្លឹង, បង្គាស, និងបង្គាប៉ារ៉ា៕