(ភ្នំពេញ)៖ អ្នកជំនាញហិរញ្ញវត្ថុ ជំរុញឱ្យយុវជនដែលមានចំណេះដឹងហិរញ្ញវត្ថុ បង្កើតមាតិកាវីដេអូផ្សព្វផ្សាយពីចំណេះដឹងហិរញ្ញវត្ថុឱ្យបានច្រើន ដើម្បីឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន ចាប់អារម្មណ៍ និងទទួលបានចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលនាំឱ្យពួកគាត់មិនងាយក្នុងការចាញ់ការបោកបញ្ចោតណាមួយ ដែលនាំឱ្យខាតបង់ប្រាក់។
លោក ទិត្យ កំរង ស្ថាបនិកក្រុមហ៊ុនឬទ្ធិពល និងជាស្ថាបនិកកម្មវិធីពានរង្វាន់ប្រកួតប្រជែង ស្តីពីការអប់ចំណេះដឹងហិរញ្ញវត្ថុ (FECA) បានលើកឡើងថា ចំណេះដឹងចំណេះដឹងហិរញ្ញវត្ថុ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ ពិតមានជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ ជាពិសេសយុវជន ដែលធ្វើឱ្យពួកគាត់គ្រប់គ្រងហិរញ្ញវត្ថុបានល្អ និងមិនងាយចាញ់បោកគេ។
លោកបន្តថា នៅពេលពួកគាត់គ្មានចំណេះដឹងហិរញ្ញវត្ថុ នឹងធ្វើឱ្យគាត់ងាយប្រឈមនឹងការឆបោក ពីជនខិលខូចមួយចំនួន តាមរយៈរូបភាពការវិនិយោគ ដោយទទួលបានអត្រាការប្រាក់ខ្ពស់ ការខ្ចីលុយតាមអនឡាញ ឬការឆបោកផ្សេង ដូចជាការសុំលេខកូតសម្ងាត់ជាដើម។ ប្រសិនបើគាត់មានចំណេះដឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ ពួកគាត់នឹងមានការពិចារណាខ្ពស់ ដោយមិនឱ្យគេបោកបាននោះទេ។
លោកបានលើកឡើងថា «ចំណេះដឹងហិរញ្ញវត្ថុ ជាជំនាញជីវិត (Life Skill) មួយដែលចាំបាច់សម្រាប់ជីវិត វាជាជំនាញដែលទាក់ទងនឹងការរក ចំណូល ការចំណាយ បំណុល និងការសន្សំ។ ចំណេះដឹងហិរញ្ញវត្ថុបង្រៀន យើងពីការរៀបចំផែនការហិរញ្ញវត្ថុ គម្រោង ថវិកាផ្ទាល់ខ្លួនក៏ដូចជាក្រុមគ្រួសារ។ ស្របពេលដែលធនធានរបស់យើងមានកម្រិត ចំណេះដឹងហិរញ្ញវត្ថុជួយយើងឱ្យ ចាត់ចែងធនធានទាំងនោះ ដើម្បីបម្រើឱ្យតម្រូវការចាំបាច់ប្រចាំថ្ងៃ អាចដោះស្រាយបាននូវបញ្ហា ឬគ្រោះថ្នាក់នានាដែល មិនអាចស្មានទុកជាមុន និងធានាបាននូវអនាគតដ៏ល្អប្រសើរមួយ សម្រាប់កូនចៅជំនាន់ក្រោយរបស់ខ្លួន។ ជំនាញនេះ កាន់តែសំខាន់សម្រាប់យុវជន ដើម្បីពួកគេអាចត្រៀមខ្លួន មុនពេលប្រឡូកចូលក្នុងជីវិតការងាររបស់ពួកគេ»។
លោកបានឱ្យដឹងថា យោងតាមរបាយការណ៍អង្កេតមួយ ដែលផ្សព្វផ្សាយដោយ ADB កាលពីឆ្នាំ២០១៨ ប្រជាពលរដ្ឋកម្ពុជាដែលយល់ដឹងពីចំណេះដឹងហិរញ្ញវត្ថុមានតែ ១៨%ប៉ុណ្ណោះ ចំណែក ៨៥% បានឆ្លើយថាខ្លួនមិនសូវមានចំណេះដឹងហិរញ្ញវត្ថុនោះទេ ។
យ៉ាងនេះក្តី តាមរយៈការជំរុញរបស់ស្ថាប័នពាក់ព័ន្ធទាំងរដ្ឋាភិបាល និងឯកជន ដែលបានរួមគ្នាផ្សព្វផ្សាយពីចំណេះដឹងហិរញ្ញវត្ថុ ជូនដល់ប្រជាពលរដ្ឋ លោកសង្កេតឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសបច្ចេកវិទ្យាហិរញ្ញវត្ថុ។
លោកបន្តថា «ខ្ញុំមិនមានទិន្នន័យដែលវាស់ថា ការចម្រើនចំណេះដឹងហិរញ្ញវត្ថុនេះ មានប៉ុន្មានភាគរយទេ ប៉ុន្តែយើងមើលឃើញពីសកម្មភាពផ្ទាល់ថា គ្រប់ភាគីពាក់ព័ន្ធបានខិតខំប្រឹងប្រែងធ្វើការងារនេះ ហើយខ្ញុំគិតថា គ្រប់មធ្យោបាយដែលយើងបានធ្វើនឹងនាំឱ្យប្រជាពលរដ្ឋ មានការកើនឡើងនូវចំណេះដឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាពិសេសគឺយុវជន។»
លោកបន្ថែមថា ដើម្បីលើកកម្ពស់ ចំណេះដឹងហិរញ្ញវត្ថុនេះ ក្រៅពីការបង្កើតការកម្មវិធីប្រកួតប្រជែងមាតិកាវីដេអូ ឬទ្ធិពលនឹងបន្តការបណ្តុះបណ្តាល នៅតាមទីតាំងនានានៅទីទាំងប្រទេស ហើយថ្មីៗនេះឬទ្ធិពល បានរៀបចំកម្មវិធីសិក្សា ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីសិក្សា នៅតាមបណ្តាសាកលវិទ្យាល័យមួយចំនួនផងដែរ។
លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ មានប្រសាសន៍ថា ចំណេះដឹងហិរញ្ញវត្ថុមានសារៈសំខាន់ណាស់ ព្រោះនៅពេលដែលប្រជាជនមានចំណេះដឹងហិរញ្ញវត្ថុកាន់តែច្រើន នឹងជួយដល់កំណើនសេដ្ឋកិច្ច ជាពិសេសម្ចាស់អាជីវកម្មតែម្តង។ នៅពេលពួកគាត់មានចំណេះដឹង និងចេះគ្រប់គ្រង់ហិរញ្ញវត្ថុបានល្អប្រសើរ នឹងធ្វើឱ្យអាជីវកម្មកាន់តែរីកចម្រើន និងងាយទទួលបាននូវឥណទាន ដែលមានអត្រាការប្រាក់សមរម្យផងដែរ។ ជាមួយគ្នានេះ វានឹងជួយជំរុញលឿននៃការចាយលុយ និងការទូទាត់កាន់តែលឿននិងងាយស្រួល។
ការលើកឡើងរបស់ លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ និងលោក ទិត្យ កំរង ធ្វើឡើងនៅក្នុងកម្មវិធីពានរង្វាន់ប្រកួតប្រជែង ស្ដីពីការអប់រំចំណេះដឹងហិរញ្ញវត្ថុ (FECA) ដែលបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីចំណេះដឹងហិរញ្ញវត្ថុឱ្យកាន់តែបានទូលំទូលាយទៅដល់ប្រជាជនខ្មែរ តាមរយៈការប្រកួតប្រជែងគំនិតប្រកបដោយភាពច្នៃប្រឌិត ដែលមានលក្ខណៈជាសិល្បៈ ដើម្បីឱ្យសារអប់រំងាយស្រួលយល់ និងអាចអនុវត្តបានសម្រាប់ប្រជាពលរដ្ឋគ្រប់កម្រិតនៅ ទូទាំងប្រទេសកម្ពុជា។
ក្នុងរដូវកាលទី៣នេះ ក្រុមហ៊ុនឫទ្ធិពល និងអេបកត់លុយរៀបចំឡើង កម្មវិធីនេះឡើង ដោយមានការគាំទ្រពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ តាមរយៈមូលនិធិ ស.អ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈសហគ្រិនខ្មែរ។ នៅវគ្គផ្តាច់ព្រ័ត្រដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មាន៣ក្រុមទទួលបានជ័យលាភី រួមមាន៖ ជ័យលាភីលេខ១ បានទៅលើក្រុម F4 Media ផលិតរឿង «អាជីវកម្ម និង បច្ចេកវិទ្យា»,ជ័យលាភីលេខ២ បានទៅលើក្រុម Mono Studio ផលិតរឿង «កូនជ្រូក» និងជ័យលាភីលេខ៣ បានទៅលើក្រុម PRISM ផលិតរឿង«មិនល្អត្រង់ណា»៕