(ភ្នំពេញ)៖ មន្រ្តីកសិកម្ម បានលើកឡើងថា បើទោះជាក្នុងអំឡុងពេល៣ទៅ៥ថ្ងៃចុងក្រោយនេះ តម្លៃស្រូវនៅតំបន់មួយចំនួន បានធ្លាក់ចុះបន្តិចក៏ពិតមែន ប៉ុន្តែតម្លៃនេះនៅតែល្អ និងខ្ពស់ជាងឆ្នាំមុន ដែលធ្វើឱ្យកសិករនៅតែទទួលបានផលចំណេញ។
ការលើកឡើងរបស់មន្រ្តីកសិកម្ម ធ្វើឡើងបន្ទាប់ពី៣ ទៅ៥ថ្ងៃចុងក្រោយនេះ កសិករនៅខេត្តបាត់ដំបង បានជ្រួលច្របល់រឿងស្រូវធ្លាក់ចុះថ្លៃវិញ ដោយមិនដឹងមូលហេតុ។
ជុំវិញបញ្ហានេះ លោក ឈឹម វជិរា ប្រធានមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៧ ខែកញ្ញានេះថា ៣ទៅ៥ថ្ងៃមកនេះ តម្លៃស្រូវនៅខេត្តបាត់ដំបងបានធ្លាក់ចុះបន្តិច ដោយសារតែឈ្មួញវៀតណាមដែលធ្លាប់សម្រុកចុះមកទិញស្រូវ ពីកសិករនៅតាមខេត្តមួយចំនួន ដូចជាបាត់ដំបង ពោធិ៍សាត់ កំពង់ធំ បន្ទាយមានជ័យ ព្រៃវែងជាដើម បានផ្អាកមកទិញ។
លោកបានឱ្យដឹងថា នៅអំឡុងខែសីហា មានឈ្មួញវៀតណាមបានសម្រុកចុះមកទិញ ស្របពេលដែលឈ្មួញក្នុងស្រុកក៏បាននាំចេញទិញសម្រាប់នាំចេញ ដែលធ្វើឱ្យតម្លៃស្រូវឡើងថ្លៃរហូតដល់ជាង ១លាន២សែនរៀល ទៅ១លាន៣សែនរៀល ក្នុងមួយតោន សម្រាប់ប្រភេទស្រូវស្រង៉ែ និងស្រូវសែនក្រអូប លក់បានរហូតដល់ ១លាន៤សែនរៀលក្នុងមួយតោន ។
ប៉ុន្តែនៅអំឡុងសប្តាហ៍ទី១ ខែកញ្ញានេះ ឈ្មួញវៀតណាមបានផ្អាកមកទិញ ដោយសារតែវៀតណាម ក៏ដល់រដូវច្រូតកាត់ ហេតុនេះហើយទើបធ្វើឱ្យតម្លៃស្រូវបច្ចុប្បន្ននេះ បានធ្លាក់ចុះដល់១លាន១សែន ឬ១លាន១សែន ៥ម៉ឺនរៀល ដែលធ្វើឱ្យកសិករមិនសប្បាយចិត្ត និងមានការបារម្ភថាស្រូវអាចនឹងបន្តធ្លាក់ថ្លៃជាបន្តបន្ទាប់ទៀត។ ហើយតំបន់ខ្លះទៀត មានតម្លៃបានធ្លាក់ក្រោមនេះថែមទៀតផងដែរ ដោយសារឈ្មួញរាយរងមួយចំនួន បានឆ្លៀតឱកាសទម្លាក់ថ្លៃ ដោយទិញក្នុងតម្លៃ១លាន១សែនរៀល ចំពោះស្រូវស្រង៉ែ ហើយសម្រាប់ស្រូវសែនក្រអូបទិញក្នុងតម្លៃ ១លានជិត២សែន។
ប៉ុន្តែយ៉ាងណាមិញលោកលើកឡើងថា ករណីស្រូវនៅកន្លែងខ្លះ មានគុណភាពមិនសូវល្អ ក៏ជាហេតុធ្វើឱ្យតម្លៃស្រូវធ្លាក់ថ្លៃផងដែរ។
លោកបញ្ជាក់បន្ថែមថា បើទោះបីជា៣ទៅ៥ថ្ងៃចុងក្រោយនេះ តម្លៃស្រូវបានធ្លាក់ថ្លៃបន្តិចមែន ប៉ុន្តែតម្លៃនេះនៅតែខ្ពស់ជាងឆ្នាំមុន។
លោកលើកឡើងថា ប្រជាកសិកម្មមិនគួរមានការបារម្ភខ្លាំង អំពីការធ្លាក់ថ្លៃស្រូវពេកនោះទេ ព្រោះបច្ចុប្បន្ននេះ អង្ករនៅលើទីផ្សារអន្តរជាតិមានការឡើងថ្លៃខ្លាំង ស្របពេលភាគីពាក់ព័ន្ធបាននិងកំពុងរកដំណោះស្រាយរួមគ្នា ដើម្បីទប់ស្កាត់បញ្ហាស្រូវធ្លាក់។
លោកបានឱ្យដឹងទៀតថា តាមរយៈកិច្ចប្រជុំជាមួយលោក ភួ ពុយ អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង ជាមួយម្ចាស់រោងចក្រកែច្នៃស្រូវអង្ករធំៗ ក្នុងខេត្តបាត់ដំបង និងពោធិ៍សាត់ នាព្រឹកថ្ងៃទី៧ ខែកញ្ញានេះ បានជំរុញដល់ពួកគេជួយប្រមូលទិញស្រូវពីកសិករ ក្នុងតម្លៃចាប់ពី ១ ១៥០ ០០០រៀល ក្នុងមួយតោនឡើងទៅ ចំពោះស្រូវស្រង៉ែ និងស្រូវសែនក្រអូប ចាប់ពី ១ ២៤៥ ០០០ ទៅ ១ ២៥០ ០០០រៀលឡើងទៅ និងរួមគ្នាទប់ស្កាត់ឈ្មួញខិលខូច មួយចំនួនឆ្លៀតឱកាស បង្អាប់តម្លៃស្រូវពីកសិករក្រោមហេតុផលផ្សេងៗ និងកេងចំណេញដោយខ្លួន។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលយើងខំដោះស្រាយនេះ គឺចាប់ពីម៉ោងនេះតទៅ យើងនឹងរួមគ្នាដើម្បីទប់ស្កាត់ធ្វើម៉េចកុំឱ្យស្រូវធ្លាក់ក្រោមតម្លៃ ១លាន១សែនទៅ ១លាន១សែន៥ម៉ឺនរៀល សម្រាប់ស្រូវស្រង៉ែ និង១លាន២សែន៤ម៉ឺន៥ពាន់ ក្នុងមួយតោនសម្រាប់ស្រូវសែនក្រអូប»។
ជុំវិញបញ្ហានេះដែរ លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ស្ថានភាពតម្លៃស្រូវនៅតែល្អ សម្រាប់កសិករនាពេលបច្ចប្បន្ននេះ ជាពិសេសបើធៀបទៅនឹងឆ្នាំ២០២២ ក្នុងពេលវេលាដូចគ្នា ពោលគឺតម្លៃនៅខ្ពស់ជាង ១០០០រៀលក្នុងមួយគីឡូ ដែលឆ្នាំទៅចន្លោះពី ៨០០ ទៅ ៩០០ រៀលក្នុងមួយគីឡូក្រាម សម្រាប់ពូជ OM បើទោះបីជារយៈពេល ២ ឬ ៣ ថ្ងៃចុងក្រោយនេះ មានការធ្លាក់ថ្លៃបន្តិចបន្តួច នៅតាមតំបន់មួយចំនួនក៏ដោយ។
លោកបន្តទៀតថា «ម្យ៉ាងវិញទៀតឈ្មួញទិញលក់ទៅវៀតណាម នៅតែបន្តចូលមកទិញស្រូវដូចធម្មតា ហើយរោងម៉ាស៊ីនក្នុងស្រុកក៏នៅបន្តទិញស្រូវដែរ។ យើងកំពុងធ្វើការណែនាំ ដល់កសិករឲ្យទុកស្រូវ ឲ្យបានទុំល្អចាំច្រូត ដើម្បីទទួលបានតម្លៃល្អ ហើយរោងម៉ាស៊ីនក៏បានស្រូវល្អ សម្រាប់កែច្នៃជាអង្ករ។ ការសម្របសម្រួលឲ្យមានការសហការគ្នាល្អរវាងកសិករ និងកសិករ និងរវាងសហគមន៍កសិករ និងរោងម៉ាស៊ីន ជាយុទ្ធសាស្រ្តវែងឆ្ងាយរបស់យើង ក្នុងការពង្រីកទីផ្សារ និងរក្សាលំនឹងថ្លៃស្រូវអង្ករ ជូនកសិករ និងពាក់ព័ន្ធ»៕