(ភ្នំពេញ)៖ លោក ជូ វណ្ណៈ អគ្គនាយក នៃនិយ័តករអចលនវត្ថុ និងបញ្ចាំ បានឱ្យដឹងថា និយ័តករអចលនវត្ថុ និងបញ្ចាំ បាននិងកំពុងធ្វើការជាមួយម្ចាស់បុរីមួយចំនួន ដើម្បីដោះស្រាយករណីផ្ទះរបស់ប្រជាពលរដ្ឋដែលត្រូវបានបុរីរឹបអូសនាពេលកន្លងមក ខណៈគិតមកដល់ពេលនេះ និយ័តករអចលនវត្ថុ និងបញ្ចាំ ទទួលបានពាក្យបណ្តឹងពីពលរដ្ឋដែលត្រូវបានម្ចាស់បុរីរឹបអូសផ្ទះដោយសារគ្មានលទ្ធភាពបង់រំលោះបន្ត ប្រមាណជាង១០០០អតិថិជនហើយ។
ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ជូ វណ្ណៈ បានឱ្យដឹងថា ក្រុមការងារដោះស្រាយករណីនេះ បានជួបប្រជុំជាមួយបុរីបណ្តើរៗហើយ ដើម្បីរកដំណោះស្រាយ ដោយសារបុរីមួយចំនួន មានអតិថិជនច្រើនដែលត្រូវបានរឹបអូស។
លោកបានឱ្យដឹងថា «យើងកំពុងរៀបចំដោះស្រាយជាបណ្តើរៗហើយជាមួយម្ចាស់បុរី ព្រោះធម្មតាយើងមិនអាចឆ្លើយបានភ្លាមៗទេ គឺយើងត្រូវជួបជាមួយភាគីទាំងសងខាងសិនទាំងម្ចាស់បុរី ទាំងអ្នកដាក់ពាក្យបណ្តឹងសិន»។
លោកបន្ថែមថា ម្ចាស់ផ្ទះដែលបុរីរឹបអូសដោយសារគ្មានលទ្ធភាពបង់រំលោះបន្ត ប្រមាណជាង១០០០អតិថិជនហើយ បានមកដាក់ពាក្យបណ្តឹងនៅនិយ័តករអចលនវត្ថុ និងបញ្ចាំ ហើយក្រុមការងារ បាននិងកំពុងពិនិត្យពាក្យបណ្តឹងនេះបន្ថែមទៀត។
សូមជម្រាបថា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២៣ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ម្ចាស់បុរីទាំងអស់ឱ្យមានការយោគយល់ដល់អ្នកបង់រំលោះផ្ទះ ដោយត្រូវពន្យាររយៈពេលសង ឬបន្ថយចំនួនប្រាក់ដែលត្រូវបង់ប្រចាំខែជាដើម និងត្រូវររៀបចំឥណទានឡើងវិញ ដោយចៀសវាងការរឹបអូសផ្ទះពីអតិថិជន។
សម្តេចបានបញ្ជាក់ថា ប្រសិនបើមិនបង់ប្រចាំខែភ្លាមរឹបអូសភ្លាម នោះសេដ្ឋកិច្ចរបស់កម្ពុជា នឹងដើរដល់ចំណុចមួយដែលគ្រោះថ្នាក់លំបាកទាំងអស់គ្នា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការរឹបអូស នឹងធ្វើអ្នកដែលបង់អស់លុយច្រើនហើយនៅខ្វះតែបន្តិចបន្តួច ឬបង់បាន២ភាគ៣ នៃតម្លៃផ្ទះ មានការឈឺចាប់ ហេតុនេះហើយរដ្ឋាភិបាលកម្ពុជា ត្រូវតែគាំពារទាំងសង្ខាង៕