(ព្រះវិហារ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំសហការីអញ្ជើញចុះទស្សនកិច្ចសិក្សា ខ្សែច្រវាក់ផលិតកម្មកែច្នៃស្វាយចន្ទី នៅក្រុមហ៊ុន សាន់តាណា អាហ្រ្គោ ប្រដាក់ ឯ.ក ដែលមានអាស័យដ្ឋានស្ថិតនៅ ភូមិជិអោក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។
បច្ចុប្បន្នក្រុមហ៊ុនកំពុងធ្វើការដាំដុះ និងប្រមូលផលស្វាយចន្ទីលើផ្ទៃដីចំនួន ១,០០០ហិកតា ហើយក្រុមហ៊ុនផ្ទាល់ បានធ្វើការកែច្នៃស្វាយចន្ទី សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារប្រទេសចិន អឺរ៉ុប ជាដើម។ ម្យ៉ាងទៀត, ក្រុមហ៊ុនមានឃ្លាំងស្តុក ដែលអាចផ្ទុកបានដល់ចំនួន ៥ពាន់តោន សម្រាប់ស្តុកទុកធ្វើការកែច្នៃផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកបណ្ឌិត កៅ ថាច បានបញ្ជាក់ពីការជួយគាំទ្រដល់ក្រុមហ៊ុន និងលើកទឹកចិត្ត និងជំរុញឲ្យក្រុមហ៊ុនបន្តការវិនិយោគពង្រីកលើការដាំដុះ និងកែច្នៃស្វាយចន្ទី ឲ្យបានកាន់តែច្រើន និងទូលំទូលាយ ដើម្បីសម្រេចឲ្យបានស្របតាមគោលនយោបាយ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល៕