(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានជំរុញឲ្យមន្ត្រីពន្ធដារ បន្ដផ្សព្វផ្សាយ និងពង្រឹងការអនុវត្តវិធានវិក្កយបត្រ ក្នុងចំណោមអ្នកជាប់ពន្ធ និងកម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) ឲ្យមានការចូលរួមបន្ថែមទៀត ពីសាធារណជន។
លោក គង់ វិបុល បានណែនាំដល់មន្ត្រីរបស់ខ្លួនដូច្នេះថា «បន្តផ្សព្វផ្សាយ និងពង្រឹងការអនុវត្តវិធានវិក្កយបត្រ ក្នុងចំណោមអ្នកជាប់ពន្ធ និងកម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) ឲ្យមានការចូលរួមបន្ថែមទៀត ពីសាធារណជន ដើម្បីធានាបាននូវប្រសិទ្ធភាពនិងតម្លាភាព ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធអាករនានា»។
កម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) ជាការរួមចំណែកមួយ ក្នុងការពង្រឹងការប្រមូលចំណូលពន្ធដារ ពង្រឹងកាតព្វកិច្ចសារពើពន្ធឲ្យបានត្រឹមត្រូវ តម្លាភាព អនុលោមភាពសារពើពន្ធ កាត់បន្ថយការគេចវេសពន្ធ តាមរយៈការចេញវិក្កយបត្រ ធានាថាការចេញវិក្កយបត្រទាំងអស់ របស់អ្នកផ្គត់ផ្គង់ទំនិញ ឬសេវា បានបំពេញកាតព្វកិច្ចពន្ធត្រឹមត្រូវតាមច្បាប់។
សាធារណជន ក៏មានឱកាសចាប់ឆ្នោតផ្សងសំណាងទទួលបានរង្វាន់ជាច្រើនផងដែរ ពីកម្មវិធីវិក្កយបត្រនាំសំណាងនេះ។
ការចាប់ឆ្នោតផ្សងសំណាងនេះ គឺសម្រាប់សាធារណជនទាំងឡាយណា ដែលបានបញ្ចូលវិក្កយបត្រចំណាយរបស់ខ្លួន តាមរយៈកម្មវិធីវិក្កយបត្រនាំសំណាង GDT Lucky Draw App ដែលអាចធ្វើការដោនឡូត (Download) កម្មវិធីនេះតាមរយៈ App Store ឬ Play Store បានដោយឥតគិតថ្លៃ។
ការចាប់ឆ្នោតផ្សងសំណាង នឹងត្រូវធ្វើឡើងចំនួន២លើក ក្នុង១ឆ្នាំ ដែលរួមមានរង្វាន់ដូចជា៖ រថយន្តសេរីទំនើបចំនួន ២រង្វាន់ ម៉ូតូសេរីថ្មីចំនួន ១០រង្វាន់ ទូរស័ព្ទដៃ ១០រង្វាន់ ទូរទស្សន៍ ២០រង្វាន់ និងរង្វាន់ផ្សេងៗជាច្រើនទៀត។ កម្មវិធីវិក្កយបត្រនាំសំណាង បានបង្កើតឡើងនៅខែឧសភា ឆ្នាំ២០២២៕