(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្ដី ជូនដំណឹងមួយ ស្ដីពី ការត្រៀមចាត់វិធានការ ដើម្បីរក្សាស្ថិរភាពអត្រាប្ដូរប្រាក់។

តាមរយៈសេចក្ដីជូនដំណឹងបញ្ជាក់ថា វិធានការដែលត្រៀមរួមមាន ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការប្រើប្រាស់ឧបករណ៍ នយោបាយរូបិយវត្ថុដទៃទៀត ដើម្បីរក្សាតម្លៃប្រាក់រៀល សំដៅរក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជាឱ្យមានស្ថិរភាព។

ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាប្តូរប្រាក់ជារៀលធៀបនឹងដុល្លារអាមេរិក បានកើនឡើងគួរឱ្យកត់សម្គាល់ ដែលមូលហេតុចម្បងដោយសារកត្តារដូវកាល និងសម្ពាធនៃការឡើងថ្លៃ នៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិ។

ចំពោះកត្តារដូវកាលកំណើនតម្រូវការប្រាក់រៀល បានថយល្បឿនក្នុងដំណាក់កាលនៃ ការបង្កបង្កើនផលកសិកម្ម និងរដូវកាលដែលសកម្មភាពវិស័យទេសចរណ៍មិនមានភាពមមាញឹក (low season)។ ចំណែកប្រាក់ដុល្លារអាមេរិកជារួម បានបន្តឡើងថ្លៃធៀបនឹងរូបិយប័ណ្ណផ្សេងៗទៀតលើពិភពលោក ក្រោយពីធនាគារកណ្តាលអាមេរិក បន្តដំឡើងអត្រាការប្រាក់គោល ដែលទាក់ទាញមូលធនឱ្យហូរចូលទៅសហរដ្ឋអាមេរិក និងបង្កើនតម្រូវការប្រាក់ដុល្លារអាមេរិកលើទីផ្សារអន្តរជាតិ។

ធនាគារជាតិនៃកម្ពុជា បន្តប្រកាន់យករបបអត្រាប្តូរប្រាក់អណ្ដែតមានការគ្រប់គ្រង ដែលអនុញ្ញាតឱ្យអត្រាប្ដូរប្រាក់រៀលប្រែប្រួល ក្នុងកម្រិតសមស្រប។ ក្នុងទិសដៅនេះធនាគារជាតិនៃកម្ពុជា ត្រៀមខ្លួនចាត់វិធានការតាមការចាំបាច់ដែលរួមមាន ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុដទៃទៀត ដើម្បីរក្សាតម្លៃប្រាក់រៀល សំដៅរក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជា ឱ្យមានស្ថិរភាព៕