(ហុងកុង)៖ ភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យ China Evergrande Group របស់ប្រទេសចិនបានធ្លាក់ចុះរហូតដល់ ៨៧ភាគរយនៅព្រឹកថ្ងៃចន្ទ នៅពេលចាប់ផ្តើមជួញដូរភាគហ៊ុនឡើងវិញ ក្រោយពេលផ្អាករយៈពេល ១៧ខែ ដោយបានបាត់បង់តម្លៃជិត ២.៤ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande ដែលជំពាក់បំណុលគេច្រើនជាងគេបំផុត ក្នុងពិភពលោក ស្ថិតក្នុងចំណុចផ្តោតនៃវិបត្តិក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន ដោយក្រុមហ៊ុននេះ បានបរាជ័យសងបំណុលជាច្រើនលើក គិតចាប់តាំងពីចុងឆ្នាំ២០២១មក។ នៅខែក្រោយ តុលាការនឹងសម្រេចលើផែនការរៀបចំបំណុលឡើងវិញ របស់ក្រុមហ៊ុន Evergrande ដែលមានបំណុលបរទេសសរុបជិត ៣២ពាន់លានដុល្លារអាមេរិក។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ភាគហ៊ុនដែលបានចុះបញ្ជីនៅទីក្រុងហុងកុងបានជួញដូរក្នុងតម្លៃទាបត្រឹមតែ ០.២២ដុល្លារហុងកុងក្នុងមួយហ៊ុនកាលពីថ្ងៃចន្ទ ដោយមូលធននីកម្មទីផ្សារបានធ្លាក់ចុះមកនៅត្រឹម ២.៩ពាន់លានដុល្លារហុងកុង (៣៦៩.៧៣លានដុល្លារអាមេរិក) ពី ២១.៨ពាន់លានដុល្លារហុងកុង (២.៧៨ពាន់លានដុល្លារអាមេរិក) ពីពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុននេះ ត្រូវបានជួញដូរចុងក្រោយ។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានឡើងថ្លៃដល់កម្រិតខ្ពស់មិនធ្លាប់មានក្នុងឆ្នាំ២០១៧ ដល់ ៤២០ពាន់លានដុល្លារហុងកុង។
ភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យនេះត្រូវបានផ្អាកចាប់តាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ ក្រុមហ៊ុន China Evergrande New Energy Vehicle Group និងក្រុមហ៊ុន Evergrande Property Services Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Evergrande ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង ក៏បានបន្តការជួញដូរឡើងវិញផងដែរកាលពីខែមុនបន្ទាប់ពីផ្អាករយៈពេល ១៦ខែ។ នេះបើយោតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕