(ប៉េកាំង)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo កាលពីថ្ងៃចន្ទ បានបើកកិច្ចពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាលចិន ដោយនិយាយថា វាមានសារៈសំខាន់យ៉ាងខ្លាំង សម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង២ ក្នុងពិភពលោកនេះ ក្នុងការមានទំនាក់ទំនងសេដ្ឋកិច្ច ប្រកបដោយស្ថិរភាព។ នេះបើយោងតាមកាសែត Channel News Asia។
កាសែត Channel News Asia បានរាយការណ៍ថា លោកស្រី Raimondo កំពុងសម្លឹងជំរុញទំនាក់ទំនងពាណិជ្ជកម្ម ខណៈដែលក្រុមហ៊ុនអាមេរិកបានរាយការណ៍ពីបញ្ហាប្រឈមកាន់តែច្រើន ក្នុងប្រតិបត្តិការអាជីវកម្ម នៅក្នុងប្រទេសចិន ខណៈពេលដែលប្រទេសចិន បានរិះគន់យ៉ាងខ្លាំងដល់កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការរារាំងការចូលប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច បច្ចេកវិទ្យាទំនើប។
លោកស្រី Raimondo បាននិយាយថា ពិភពលោកទាំងមូលរំពឹងថា សហរដ្ឋអាមេរិក និងចិននឹងមានទំនាក់ទំនងសេដ្ឋកិច្ច ប្រកបដោយស្ថិរភាព។ ប្រទេសទាំងពីរមានទំហំពាណិជ្ជកម្មរួមគ្នាជាង ៧០០ពាន់លានដុល្លារប្រចាំឆ្នាំ។
លោកស្រីបានមានប្រសាសន៍ថា «យើងមានទំហំពាណិជ្ជកម្មចំនួន ៧០០ពាន់លានដុល្លារ ហើយខ្ញុំយល់ស្របជាមួយអ្នកថា វាមានសារៈសំខាន់យ៉ាងខ្លាំងដែលយើងមានទំនាក់ទំនងសេដ្ឋកិច្ចដែលមានស្ថិរភាព»។
លោកស្រីបានបន្ថែមថា៖ «វាជាទំនាក់ទំនងដ៏ស្មុគស្មាញ។ វាជាទំនាក់ទំនងដ៏លំបាក។ ពិតណាស់យើងនឹងមិនយល់ស្របលើបញ្ហាជាក់លាក់ណាមួយឡើយ។ ខ្ញុំគិតថា យើងអាចរីកចម្រើនបាន ប្រសិនបើយើងនិយាយដោយផ្ទាល់ បើកចំហ និងអនុវត្តជាក់ស្តែង»។
លោកស្រី Raimondo បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ ហើយបានជួបលោក Lin Feng ប្រធាននាយកដ្ឋានអាមេរិកនិងអូសេអានីនៃក្រសួងពាណិជ្ជកម្ម ព្រមទាំងជួបលោក Nicholas Burns ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិនផងដែរ។
ក្រសួងពាណិជ្ជកម្មអាមេរិកបានឱ្យដឹងថា ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ លោកស្រីក៏នឹងធ្វើដំណើរទៅកាន់ទីក្រុងសៀងហៃ ដែលជាទីក្រុងសេដ្ឋកិច្ចដ៏ធំមួយរបស់ប្រទេសចិនផងដែរ។ លោកស្រីនឹងចាកាចេញពីប្រទេសចិននៅថ្ងៃពុធ។ នេះបើយោងតាមកាសែត Channel News Asia៕