(ភ្នំពេញ)៖ សមាគមធនាគារនៅកម្ពុជា និង ​សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ នៅព្រឹកថ្ងៃទី២៩ ខែសីហានេះ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ដង់ដារកិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទានសម្រាប់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ​ដើម្បី​ផ្ដល់ភាពងាយស្រួលដល់អតិថិជន លើកកម្ពស់តម្លាភាព និងកិច្ចការពារអ្នកប្រើប្រាស់ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល។

ស្ដង់ដារកិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទាន នឹងអនុវត្តតែចំពោះការផ្តល់ឥណទានថ្មី ឬអតិថិជនថ្មី ហើយនឹងមានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះតទៅ។

​លោកស្រីបណ្ឌិត ជា សេរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា​ កិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទាន គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងការចូលរួមចំណែកកិច្ចការពារអតិថិជន ក៏ដូចជាបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា​ ព្រមទាំងចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះផងដែរ។

លោកស្រីបន្តថា ការបង្កើតទម្រង់ស្ដង់ដារកិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទាន សម្រាប់​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានផ្តួចផ្តើមឡើងដោយធនាគារជាតិនៃកម្ពុជា និងបានផ្តល់អនុសាសន៍ដល់សមាគមធនាគារនៅកម្ពុជា និង ​​សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ ពិចារណា និងពិនិត្យលទ្ធភាព រៀបចំនូវស្ដង់ដារកិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទានរួមមួយ ដើម្បីអតិថិជនងាយយល់ពីលក្ខខណ្ឌចម្បងៗ និងអាចប្រៀបធៀបក្នុងជ្រើសរើសសេវាឥណទាន របស់គ្រឹះស្ថានហិរញ្ញវត្ថណាមួយ ហើយខចែង និងលក្ខខណ្ឌនានា ដែលបានកំណត់ត្រូវមានតម្លាភាព សមភាព ដើម្បីធានាពីសិទ្ធិ ​អត្ថប្រយោជន៍របស់អតិថិជន និងការប្រកួតប្រជែងដោយស្មើភាពគ្នា។

លោកស្រីបន្ថែម ស្ដង់ដារកិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទាន បានកំណត់ច្បាស់អំពី ​ការគិតកម្រៃប្រាក់ និងកម្រៃផ្សេងៗរបស់គ្រឹះស្ថាន,​ កំណត់លក្ខខណ្ឌ ឬការបុនហិរញ្ញប្បទានសំដៅដល់សិទ្ធិអតិថិជន ក្នុងការស្នើសុំឥណទានសារជាថ្មី ,​ ការជូនដំណឹងជាមុនអំពីការទូទាត់ការសងមុនពេលកំណត់, ការដកបណ្ណកម្មសិទ្ធិ, និងការបង្ហាញលេខបណ្តឹងតវ៉ានៅក្នុងកិច្ចសន្យា​ជាដើម។

​លោក សុខ រឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ បានថ្លែងថា កន្លងមកកិច្ចសន្យាឥណទានត្រូវបាន ធ្វើឡើងរៀងៗខ្លួន ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដោយមានលក្ខខណ្ឌ និងខចែងផ្សេងៗគ្នាទៅតាមគ្រឹះស្ថាននីមួយៗ។ ដូច្នេះដើម្បីលើកកម្ពស់តម្លាភាព និងកិច្ចការពារអ្នកប្រើប្រាស់នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល ​សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្កើតស្តង់ដារកិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទាននេះឡើង ក្រោមកិច្ចគាំពារពីធនាគារជាតិនៃកម្ពុជា និងដោយមានការត្រួតពិនិត្យពីអ្នកច្បាប់ឯករាជ្យ។

លោកបន្តថា កិច្ចសន្យា និងខចែងស្តង់ដារនេះ ត្រូវដាក់ឱ្យអនុវត្តរួមគ្នាក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ រួមមានធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ គ្រឹះស្ថានឥណទានជនបទ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ។

លោកមានប្រសាសន៍ថា «ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្តង់ដារកិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទាននេះ នឹងផ្ដល់ភាព ងាយស្រួលដល់អតិថិជន ខ្លី និងមានខ្លឹមសារដូចគ្នាទាំងអស់ សម្រាប់កិច្ចសន្យាកម្ចីក្រោម ៥ម៉ឺនដុល្លារ។ ការណ៍នេះនឹងធានាបាននូវកិច្ចការពារអតិថិជន តម្លាភាព និងការប្រកួតប្រជែងដោយស្មើភាពគ្នា ក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ដែលនឹងរក្សាបាននូវនិរន្តរភាពរបស់វិស័យហិរញ្ញវត្ថុទាំងមូល»

លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា​ ​ស្តង់ដាកិច្ចសន្យាឥណទានរួម និងខចែងស្តង់ដានៃកិច្ចសន្យា ឥណទានសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនេះ ត្រូវបានបង្កើតឡើង ដើម្បីជួយឱ្យសមាជិកទាំងអស់ នៃសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានទម្រង់ស្ដង់ដាកិច្ចសន្យារួម និងខចែង ស្ដង់ដានៃកិច្ចសន្យាឥណទាន ដែលស្របតាមលក្ខខណ្ឌតម្រូវនៃប្រកាស ស្តីពីខសន្យាមិនសុចរិត និងស្រប តាមស្មារតីនៃច្បាប់ស្តីពីការការពារអតិថិជន ស្តង់ដាកិច្ចសន្យាឥណទានរួមនេះ នឹងបន្តចូលរួមលើក កម្ពស់ការប្រកួតប្រជែងប្រកបដោយតម្លាភាព លើកកម្ពស់កិច្ចការពារអតិថិជន ព្រមទាំងចូលរួមចំណែក អភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាប្រកបដោយ ស្ថិរភាព ចីរភាព និងបរិយាបន្នផងដែរ។

ស្ដង់ដារកិច្ចសន្យាឥណទាន និងខចែងស្ដង់ដារកិច្ចសន្យាឥណទាន គឺជាស្តង់ដារកិច្ចសន្យាឥណទានអប្បបរមា ដែលចែកចេញជាបួនប្រភេទ រួមមាន ១. ស្ដង់ដារកិច្ចសន្យាខ្ចីបរិភោគមានទ្រព្យធានា, ២. ស្ដង់ដារកិច្ចសន្យាខ្ចីបរិភោគគ្មានទ្រព្យធានា, ៣. កិច្ចព្រមព្រៀងភតិសន្យាហិរញ្ញវត្ថុចលនវត្ថុ និង ៤.ស្តង់ដារកិច្ចសន្យាឥណទានជាក្រុម។