(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ បានជំរុញឱ្យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាពិសេសសហគ្រិនស្រ្តី ពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគិនពីក្រៅប្រទេស ខណៈក្នុងនាមក្រសួងដែលធ្វើការជិតស្និតជាមួយ SME នឹងខិតខំបម្រើ ជួយ និងផ្តល់ការគាំទ្រដល់វិស័យឯកជន ដើម្បីជំរុញឱ្យមានការអភិវឌ្ឍន៍។
លោក ហែម វណ្ណឌី ថ្លែងបែបនេះ ធ្វើឡើងក្នុងជំនួបជាមួយសមាគមសហគ្រិនស្រ្តីកម្ពុជា ដែលដឹកនាំដោយលោកស្រី កែវ មុំ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍។
លោកមានប្រសាសន៍ថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលអាណត្តិថ្មីសុទ្ធតែជាបញ្ញវ័ន្ត និងជាអ្នកដឹកនាំជំនាន់ក្រោយដែលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងជំរុញឱ្យសេដ្ឋកិច្ចជាតិមានការលូតលាស់។ ហេតុដូច្នេះហើយ លោកសង្ឃឹមថា វិស័យឯកជន នឹងខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត។
លោកបន្ថែមថា លោកចង់ឃើញ SME និងសមាគម មានសមត្ថភាពខ្លាំងជាងមុន និងមានធនធានមនុស្សពូកែជាងមុន ហើយអាចធ្វើការជាកម្រិតគោលនយោបាយ ដើម្បីអាចផ្សារភ្ជាប់ជាមួយក្រុមហ៊ុនបរទេសធំៗមកវិនិយោគ ដែលជាការចូលរួមចំណែកទាក់ទាញក្រុមហ៊ុនវិនិយោគធំៗ ព្រោះប្រសិនបើ SME ខ្សោយ គេនឹងមិនមកបណ្តាក់ទុនវិនិយោគនោះទេ ដោយសារគេត្រូវការ SME របស់កម្ពុជាជួយសហការជាមួយនឹងគេផងដែរ។ បេសកម្មនេះ មិនមែនតែជារបស់រដ្ឋាភិបាលតែមួយទេ តែក៏ជាបេសកម្មរបស់វិស័យឯកជន ដើម្បីរួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
លោកគូសបញ្ជាក់ទៀតថា៖ «បើយើងមានទស្សនវិស័យរួមបែបនេះ ខ្ញុំជឿជាក់ថា យើងនឹងប្រឹងប្រែង ពង្រឹងសមត្ថភាពពង្រឹងកម្លាំងធនធាន ហើយឈានទៅដល់ការជជែកកម្រិតគោលនយោបាយថែមទៀត។ កម្រិតគោលនយោបាយ គឺត្រូវធ្វើអីរួមគ្នាជាសមាគម ត្រូវធ្វើអីជាមួយរដ្ឋាភិបាល ហើយចង់ឱ្យរដ្ឋាភិបាលដោះស្រាយអ្វី? ហើយការទទួលខុសត្រូវរួមគ្នានេះ នឹងនាំឱ្យយើងរីកចម្រើនជាច្រើន»។
លោកបន្តថា «ក្នុងនាមជាក្រសួងបង្គោល និងក្រសួងសម្របសម្រួល យើងខ្ញុំនឹងខិតខំបំពេញការងារនេះឱ្យកាន់តែល្អប្រសើរថែមទៀត ដោះស្រាយបាននូវកង្វល់ បញ្ហា សំណូមពរនានា បើទោះបីជាមិនបានផ្តល់ទាំងអស់ តែនឹងខិតខំបន្តិចម្តងៗ ហើយឈរលើស្មារតីសហការគ្នា បើកចំហរ មានអីពិភាក្សាគ្នា ជួយគ្នាទៅវិញទៅមក»។
លោកលើកឡើងទៀតថា នៅខែវិច្ឆិកាខាងមុខនេះ រដ្ឋាភិបាលនឹងរៀបចំវេទិកា «វិស័យឯកជន ជាមួយរាជរដ្ឋាភិបាល» ដើម្បីស្តាប់បញ្ហា និងសំណូមពរមួយចំនួនរបស់ SME ។
លោកស្រី កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានលើកឡើងថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាពិសេសសហគ្រិនស្រ្តី នៅតែជួបបញ្ហាប្រឈម ដែលទាមទារឱ្យមានការចូលរួមស្ថាប័នពាក់ព័ន្ធ។ តាមរយៈសៀវភៅ «ស» ដែលបានចងក្រងដោយសមាគមសហគ្រិនស្រ្តីកម្ពុជា កត់សម្គាល់ឃើញថា បញ្ហាដែលពួកគេជួយប្រទះខ្លាំងគឺ ពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាក្នុងជីវកម្ម ដែលពួកគេត្រូវការចំណេះដឹងខាងផ្នែកបច្ចេកវិទ្យាឱ្យបានកាន់តែទូលំទូលាយ ដើម្បីជួយឱ្យមានភាពរឹងមាំ ក្នុងការពង្រឹង និងពង្រីកខ្លួនបន្ថែមទៀត។
លោកស្រី មានប្រសាសន៍ថា៖ «ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ដែលជំនាញខាងវិទ្យាសាស្រ្ត និងបច្ចេកទេសផ្សេង គាត់នឹងអាចផ្តល់នូវវគ្គបណ្តុះបណ្តាលផ្សេងៗ និងធ្វើការជាមួយក្រសួងស្ថាប័នផ្សេងៗ ដើម្បីជួយដោះស្រាយបញ្ហាផ្សេងរបស់សហគ្រិនស្រី្តយើងផងដែរ»។
លោកស្រីរំពឹងថា ក្នុងអាណត្តិថ្មីនេះវិស័យឯកជន នឹងមានការចូលរួមជាមួយរដ្ឋាភិបាលកាន់តែច្រើនឡើងក្នុងកម្រិតគោលនយោបាយ។ ហើយសង្ឃឹមថា វិស័យឯកជននឹងអាចបានចូលរួមក្នុងការចងក្រងជាគោលនយោបាយជាមួយក្រសួង ដើម្បីជួយដល់វិស័យ SME ឱ្យបានកាន់តែច្រើន៕