(ភ្នំពេញ)៖ បម្រែបម្រួលអាកាសធាតុ បានក្លាយជាបញ្ហាប្រឈមដ៏ធំ សម្រាប់វិស័យកសិកម្ម មិនថាតែនៅកម្ពុជា ឬបណ្តាប្រទេសផ្សេងទៀតនោះទេ។
កសិករកម្ពុជាតែងតែរងប៉ះពាល់ ជាពិសេសនៅរយៈពេល ២ឆ្នាំចុងក្រោយនេះដំណាំសំខាន់ៗមួយចំនួន ដូចជាស្វាយ ស្វាយចន្ទីជាដើម ទិន្នផលបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយសារតែបញ្ហាប្រែប្រែអាកាសធាតុ ដែលធ្វើឱ្យកសិកររងការខាតបង់ទាំងថ្លៃដើម និងប្រាក់ចំណេញ។
អ្នកជំនាញនៅក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា បានលើកទឹកចិត្តដល់កសិករ ដែលដាំដុះដំណាំផ្សេងៗ ដូចជាស្រូវ ស្វាយចន្ទី និងស្វាយជាដើម គួរតែប្រើប្រាស់សេវាធានារ៉ាប់រងកសិកម្ម ដើម្បីធានាដល់ការខាតបង់ពេលប្រមូលផលម្តងៗ។
សេវាធានារ៉ាប់រងកសិកម្ម គឺជាផ្នែកសំខាន់មួយ ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ជាពិសេសនៅពេលដែលពិភពលោកកំពុងតែព្រួយបារម្ភ អំពីការកើនឡើងនៃបម្រែបម្រួលអាកាសធាតុ។ វិស័យកសិកម្មនៅកម្ពុជា គឺមានសារៈសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដែលស្មើជាង ២០ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។ ប៉ុន្តែកសិករកម្ពុជា តិចតួចណាស់ដែលបានយល់ដឹង និងប្រើប្រាស់សេវាធានារ៉ាប់រងកសិកម្ម។
លោក យក់ ចំរើនប្ញទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ បានលើកឡើងថា សេវាធានារ៉ាប់រងកសិកម្ម បានជួយដល់កសិករយ៉ាងច្រើន ដែលពួកគេនៅតែអាចទទួលបានប្រាក់ចំណូលខ្លះ ឬរួចខ្លួនពីការធ្វើស្រែចម្ការរបស់ពួកគាត់ ដើម្បីមានទុនបន្តការដាំដុះនៅរដូវកាលក្រោយទៀត បើទោះបីជាបញ្ហាអាកាសធាតុបានធ្វើឱ្យទិន្នផល របស់ពួកគាត់ធ្លាក់ចុះក៏ដោយ។
លោកបន្តថា «កន្លងមកយើងជួយបានកសិករច្រើន។ យើងតែងតែនិយាយថា ធ្វើស្រែមួយឆ្នាំត្រូវមួយឆ្នាំខុស តែយើងមិនចង់ឱ្យគាត់ខុសរហូតទេ។ បើគាត់ខុស យ៉ាងហោចណាស់ក៏គាត់រួចខ្លួន គាត់មានចំណូលបន្តិចបន្តួច កុំឱ្យគាត់ទៅខ្ចីបុលគេបន្ថែមទៀត»។
លោកបន្ថែមថា បច្ចុប្បន្នហ្វតតេ កំពុងតែធ្វើការងារនេះ ដើម្បីជំរុញការផ្សព្វផ្សាយដល់កសិករ នៅតាមបណ្តាភូមិ ឃុំមួយចំនួន។ ហ្វតតេបាននិងកំពុងសាកល្បងផ្តល់ការធានារ៉ាប់នៅខេត្តចំនួន៣ រួមមានបាត់ដំបង កំពង់ធំ និងព្រៃវែង ដោយក្នុងមួយខេត្តជ្រើសរើសយក ២ស្រុក។
លោកបានឱ្យដឹងថា សព្វថ្ងៃនេះសេវាធានារ៉ាប់រងកសិកម្ម មានពីរប្រភេទ។ គឺទី១. ការធានារ៉ាប់ទៅលើការប្រែប្រួលអាកាសធាតុ។ ប្រភេទនៃធានារ៉ាប់រងនេះ គឺផ្តល់ធានារ៉ាប់រងទៅលើដំណាំបីប្រភេទរួមមានស្រូវ ស្វាយ និងស្វាយចន្ទី។ ការធានារ៉ាប់រងនេះ គឺពេលរដូវវស្សាចូលមកដល់ ដែលជាពេលសម្រាប់កសិករធ្វើស្រែចម្ការ។ ប្រសិនបើប្រជាកសិករ មិនអាចធ្វើស្រែចម្ការបានដោយសារគ្មានភ្លៀងធ្លាក់គ្រប់គ្រាន់ ក្រុមហ៊ុននឹងផ្តល់សំណងជូនដល់កសិករ ទៅតាមទំហំដែលបានព្រមព្រៀង ដែលធ្វើឱ្យកសិករមិនខាតបង់លុយ។
ប្រភេទធានារ៉ាប់រងទី២ គឺធានារ៉ាប់រងទៅលើទិន្នផល។ សម្រាប់ការធានារ៉ាប់រងប្រភេទនេះ គឺផ្តល់សំណងទៅការការធ្លាក់ចុះនៃទិន្នផលនៅពេលប្រមូលផល។ ប្រសិនបើដីមួយហិចតាត្រូវប្រមូលផលបាន៣តោន ប៉ុន្តែប្រសិនបើទិន្នផលធ្លាក់ចុះក្រោមបីតោន ដោយសារតែបញ្ហាអាកាសធាតុ ឬសត្វល្អិតបំផ្លាញ ក្រុមហ៊ុន នឹងសងសំណងទៅលើទិន្នផលដែលបាត់បង់។
បើតាម លោក យក់ ចំរើនប្ញទ្ធិ បច្ចុប្បន្ននេះ កសិករដែលប្រើប្រាស់សេវាធានារ៉ាប់កសិកម្ម ក្នុងនោះ ស្រូវប្រមាណ៨ម៉ឺនហិកតា ដែលបានប្រើប្រាស់ធានារ៉ាប់សម្រាប់ការដាំដុះស្រូវនៅរដូវវស្សា។ ដំណាំស្វាយ មានប្រមាណ២សែនដើម និងស្វាយចន្ទីប្រមាណ៦ពាន់ហិកតា។
លោកបន្តថា «យើងសង្ឃឹមថា នៅថ្ងៃក្រោយកសិករយើងនឹងដូចកសិករថៃដែលគេមានធានារ៉ាប់រង ក៏ដូចជាកសិករឥណ្ឌា កសិករអាមេរិក និងកសិករចិនជាដើម»។
យោងតាមទិន្នន័យពីក្រុមហ៊ុនហ្វតតេ មកទល់ពេលនេះកសិករប្រមាណ ៥៦០០០គ្រួសារ បានប្រើប្រាស់សេវាធានារ៉ាប់កសិកម្ម និងទទួលបានបុព្វលាភជិត១លានដុល្លាអាមេរិក៕