(ភ្នំពេញ)៖ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានឱ្យដឹងថា វិស័យដឹកជញ្ជូននៅកម្ពុជា នៅមិនទាន់មានភាពល្អប្រសើរឡើងវិញនោះទេ ខណៈប្រមាណ៧ខែ ឆ្នាំ២០២៣នេះ ការដឹកជញ្ជូនបានធ្លាក់ចុះប្រមាណពី ២០% ទៅ៣០% បើធៀបនឹងឆ្នាំមុន ដោយសារទំនិញនាំចេញធ្លាក់ចុះ និងការបញ្ជាទិញទំនិញពីក្រៅប្រទេសធ្លាក់ចុះ។
លោកបន្តថា កត្តាដែលធ្វើឱ្យវិស័យដឹកជញ្ជូន បន្តរងផលប៉ះផលនេះ ដោយសារវិបត្តិសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗ និងការកើនឡើងនូវអតិផរណា ធ្វើឱ្យការបញ្ជាទិញទំនិញ ពីទីផ្សារខាងក្រៅមានការធ្លាក់ចុះ ដែលនាំឱ្យមានការកាត់បន្ថយ នូវសកម្មភាពនាំចេញ និងនាំចូលទំនិញផ្សេងៗ ស្របពេលដែលវិស័យនេះទើបតែរងគ្រោះ ដោយសារវិបត្តិជំងឺកូវីដ១៩%។
លោកលើកឡើងបន្តថា ការដឹកជញ្ជូនតាមផ្លូវអាកាស ហាក់រងផលប៉ះពាល់ខ្លាំងជាងគេ ដោយបានធ្លាក់ចុះជាង ៦០% ចំណែកការដឹកជញ្ជូនតាមផ្លូវទឹកវិញធ្លាក់ចុះប្រមាណ ២០%។
លោកបានគូសបញ្ជាក់ថា បើទោះបីជាការដឹកជញ្ជូនធ្លាក់ ហើយតម្លៃប្រេងឥន្ធនៈកើនឡើងជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែក្រុមហ៊ុនដឹកជញ្ជូនភាគច្រើន មិនបានដំឡើងថ្លៃនោះទេ ដើម្បីជួយដល់សេដ្ឋកិច្ចកម្ពុជា។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ៧ខែឆ្នាំ២០២៣នេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ មានតម្លៃជាង ២៧ពាន់លានដុល្លារ ធ្លាក់ចុះ ១៥.៦% ក្នុងនោះកម្ពុជានាំចេញក្នុងតម្លៃជាង ១៣ពាន់លានដុល្លារ ធ្លាក់ចុះ ១.៨% និងនាំចូលមកវិញជាង ១៤ពាន់លានដុល្លារ ធ្លាក់ចុះ ២៥.៦%៕