(ប៉េកាំង)៖ ប្រទេសចិនបញ្ឈប់ការនាំចូលអាហារសមុទ្រទាំងអស់ ពីប្រទេសជប៉ុន ដែលបង្កើនភាពតានតឹងរវាងប្រជាជាតិទាំងពីរ នៅពេលដែលជប៉ុន ចាប់ផ្តើមបង្ហូរទឹកសំណល់ ដែលត្រូវបានធ្វើប្រព្រឹត្តិកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយការិយាល័យគយចិនថា វិធានការផ្អាកទិញផលិតផលជលផលពីប្រទេសជប៉ុន «យ៉ាងទូលំទូលាយ» នេះ ចូលជាធរមាននៅថ្ងៃព្រហស្បតិ៍។
ប្រទេសចិន គឺជាទីផ្សារនាំចេញធំបំផុតសម្រាប់ការនាំចេញត្រី ពួកសត្វមានស្រការរឹង និងសត្វឆ្អឹងខ្នងក្នុងទឹករបស់ជប៉ុន ដោយក្រុមហ៊ុនជប៉ុនបាននាំចេញក្នុងតម្លៃជិត ៧២ពាន់លានយ៉េន (៤៩៦លានដុល្លារ) ទៅកាន់ប្រទេសចិនកាលពីឆ្នាំមុន។ ទីក្រុងប៉េកាំង គឺជាអ្នករិះគន់ខ្លាំងបំផុត ចំពោះផែនការរបស់ប្រទេសជប៉ុន ដែលនាយករដ្ឋមន្ត្រីជប៉ុន ហ៊្វូមីអូ គិហ្ស៊ីដា (Fumio Kishida) បានទទូចថានឹងបំពេញតាមស្តង់ដារសុវត្ថិភាព។
ជប៉ុនក៏បានសង្កត់ធ្ងន់ផងដែរថា ការបញ្ចេញទឹកសំណល់ស្រដៀងគ្នានេះ គឺជារឿងធម្មតា។ ការពិនិត្យវាយតម្លៃរយៈពេលពីរឆ្នាំ ដែលធ្វើឡើងដោយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បានរកឃើញថា យុទ្ធសាស្រ្តរបស់ប្រទេសជប៉ុននឹងមានផលប៉ះពាល់តិចតួច ដល់មនុស្ស និងបរិស្ថាន។
ទោះជាយ៉ាងនេះក្ដី ចិនបានបន្ទោសការបញ្ចេញទឹកសំណល់នេះថាមានភាព «អាត្មានិយម និងមិនទទួលខុសត្រូវ»។ អាជ្ញាធរគយចិនបានឱ្យដឹងទៀតថា ការផ្អាកនាំចូលនេះមានគោលបំណងការពារហានិភ័យឆ្លងសារធាតុវិទ្យុសកម្ម។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានលើកឡើងជាថ្មីនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុនបានបរាជ័យក្នុងការបង្ហាញថា ការការបង្ហូរទឹកចូលសមុទ្រនេះមានសុវត្ថិភាព និងមិនបង្កគ្រោះថ្នាក់ដល់មនុស្ស និងបរិស្ថាន។ លោក Wang បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំមួយនៅទីក្រុងប៉េកាំងថា តាមរយៈការបង្ហូរទឹកចោល ប្រទេសជប៉ុនកំពុងធ្វើឱ្យមានការរីករាលដាលហានិភ័យដល់ពិភពលោកទាំងមូល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕