(ប៉េកាំង)៖ រដ្ឋាភិបាលទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន បានឱ្យដឹងកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន នៅសប្តាហ៍ក្រោយ ដែលនឹងបន្ធូរបន្ថយភាពតានតឹង រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួនកំពុងព្យាយាមធ្វើឱ្យទំនាក់ទំនងកាន់តែមានភាពល្អប្រសើរជាមួយប្រទេសចិន ខណៈពេលដែលមហាអំណាចទាំងពីរនេះ មានជម្លោះជាមួយគ្នាស្ទើរតែគ្រប់អ្វីៗទាំងអស់ រាប់ចាប់ពីពាណិជ្ជកម្មរហូតដល់សិទ្ធិមនុស្ស ព្រមទាំងបញ្ហាកោះតៃវ៉ាន់ផងដែរ។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយ ដែលចេញដោយក្រសួងពាណិជ្ជកម្មអាមេរិកថា៖ «លោកស្រីរដ្ឋមន្ត្រី Raimondo ទន្ទឹងរង់ចាំការពិភាក្សាក្នុងន័យស្ថាបនា អំពីបញ្ហាទាក់ទងនឹងទំនាក់ទំនងពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន បញ្ហាដែលប្រឈមដោយធុរកិច្ចអាមេរិក និងវិស័យនានាសម្រាប់កិច្ចសហប្រតិបត្តិការ ដែលមានសក្តានុពល»។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានឱ្យដឹងថា លោកស្រី Raimondo នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង និងទីក្រុងសៀងហៃក្នុងអំឡុងដំណើរទស្សនកិច្ចមួយ ចាប់ពីថ្ងៃទី២៧ ដល់ ៣០ខែសីហា។ ទីក្រុងប៉េកាំងក៏បានបញ្ជាក់ពីដំណើរទស្សនកិច្ចនេះផងដែរ ដោយបន្ថែមថា លោកស្រី Raimondo ត្រូវបានអញ្ជើញដោយសមភាគីចិនគឺលោក Wang Wentao។
ដំណើរទស្សនកិច្ចរបស់លោកស្រី Raimondo នឹងធ្វើឡើងដោយផ្អែកលើការព្រមព្រៀងមួយរវាងប្រធានាធិបតីចិន លោក ស៊ី ជីនភីង និងលោកប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន នៅកោះបាលីកាលពីឆ្នាំមុន «ដើម្បីធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងសហរដ្ឋអាមេរិក និងប្រទេសចិនលើបញ្ហាជាច្រើន»។
ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងបានធ្លាក់ចុះដល់កម្រិតដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ ដោយវិធានការទប់ស្កាត់ពាណិជ្ជកម្ម របស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងប្រទេសចិន ស្ថិតក្នុងចំណោមបញ្ជីកំពូលនៃភាពមិនចុះសម្រុងគ្នា។
ទីក្រុងវ៉ាស៊ីនតោនបានឱ្យដឹងថា ការរឹតបន្តឹងពាណិជ្ជកម្មរបស់ខ្លួន មានសារៈសំខាន់ណាស់ក្នុងការការពារសន្តិសុខជាតិ ខណៈដែលទីក្រុងប៉េកាំងមើលឃើញថា វិធានការទប់ស្កាត់ទាំងនោះ គឺជារារាំងការការកើនឡើងអំណាចសេដ្ឋកិច្ចរបស់ខ្លួន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕