(បាកក)៖ ការសិក្សាចុងក្រោយបំផុតមួយរបស់ក្រសួងពាណិជ្ជកម្មថៃបានបង្ហាញថា វិស័យទេសចរណ៍ និងការនាំចេញផលិតផលគីមី និងគ្រាប់ប្លាស្ទិករបស់ប្រទេសថៃ ត្រូវបានរំពឹងថានឹងធ្លាក់ចុះដោយសារសេដ្ឋកិច្ចចិនកំពុងថមថយសន្ទុះ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
លោក Poonpong Naiyanapakorn អគ្គនាយកនៃការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម (TPSO) នៃក្រសួងពាណិជ្ជកម្មថាបានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា វិបត្តិសាច់ប្រាក់ងាយស្រួលក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិនគឺជាក្តីកង្វល់ដ៏ធំមួយសម្រាប់សេដ្ឋកិច្ច ដោយរារាំងដល់ការស្ទុះងើបសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសនេះដែលកើតមានបន្ទាប់ពីទីក្រុងប៉េកាំងបានដកចេញវិធានការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ ដ៏តឹងរ៉ឹង។
អាជីវកម្មអចលនទ្រព្យនៅក្នុងប្រទេសចិនភាគច្រើនប្រើប្រាស់ប្រាក់កម្ចីដ៏ច្រើនសម្រាប់គម្រោងធំៗ។ លោក Poonpong បាននិយាយថា ការណ៍នេះបង្កើតឱ្យមានហានិភ័យនៃការកើនឡើងតម្លៃអចលនទ្រព្យហួសហេតុ។
កាលពីដើមខែនេះ ធនាគារកណ្តាលចិនបានប្រកាសពីលក្ខណៈវិនិច្ឆ័យ «បន្ទាត់ក្រហមបី (Three Red Lines)» សំដៅកាត់បន្ថយហានិភ័យនៃការកើនឡើងតម្លៃអចលនទ្រព្យហួសហេតុ និងទប់ស្កាត់ការកើនឡើងបំណុលនៅក្នុងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ។ មានតែ ៦,៣% នៃក្រុមហ៊ុនអចលនទ្រព្យរបស់ចិនប៉ុណ្ណោះបានឆ្លើយតបទៅនឹងលក្ខណៈវិនិច្ឆ័យទាំងនេះបាន ដែលធ្វើឱ្យក្រុមហ៊ុនភាគច្រើនស្ទើរតែមិនអាចមានលទ្ធភាពខ្ចីប្រាក់បន្ថែមសម្រាប់ដំណើរការប្រតិបត្តិការរបស់ខ្លួន។
គួបផ្សំជាមួយនឹងការធ្លាក់ចុះការលក់ក្នុងអំឡុងពេលជំងឺរាតត្បាត អាជីវកម្មជាច្រើនប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ រួមទាំងក្រុមហ៊ុនខ្នាតធំៗ Evergrande ផងដែរ។
ដោយសារទំហំដ៏ធំនៃវិស័យអចលនទ្រព្យដែលរួមចំណែកប្រហែល ២៩% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន បញ្ហារបស់វិស័យនេះមានផលវិបាកយ៉ាងធំធេងសម្រាប់សេដ្ឋកិច្ចចិន។ នៅក្នុងត្រីមាសទីពីរឆ្នាំនេះ សេដ្ឋកិច្ចបានកើនឡើងត្រឹមតែ ០,៨% ប៉ុណ្ណោះធៀបនឹងត្រីមាសទីមួយ។
កត្តានេះក៏បានជះឥទ្ធិពលដល់ស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាជនផងដែរ ដោយសារប្រជាជនប្រហែល ៧០% នៃអ្នករស់នៅក្នុងទីក្រុងវិនិយោគលើអចលនទ្រព្យដើម្បីទទួលបានប្រាក់ចំណូល ហើយការធ្លាក់ថ្លៃអចលនទ្រព្យនាំឱ្យមានការខាតបង់ហិរញ្ញវត្ថុយ៉ាងខ្លាំង។
យោងតាមលោក Poonpong ផលវិបាកនៃព្រឹត្តិការណ៍ទាំងនេះក៏បានប៉ះពាល់ដល់សេដ្ឋកិច្ចថៃផងដែរ ជាពិសេសប៉ះពាល់ដល់វិស័យទេសចរណ៍ និងការចំណាយរបស់អ្នកប្រើប្រាស់ក្នុងការធ្វើដំណើរទៅក្រៅប្រទេសក្នុងចំណោមជនជាតិចិន និងផលប៉ះពាល់ផ្សេងទៀត។
នៅក្នុងឆមាសទីមួយឆ្នាំ២០២៣ ភ្ញៀវទេសចរចិនត្រឹមតែ ១,៤លាននាក់ប៉ុណ្ណោះបានទៅទស្សនាប្រទេសថៃ ពោគឺថយចុះគួរឱ្យកត់សម្គាល់។
ជាងនេះទៀត វិស័យនាំចេញបានរងផលប៉ះពាល់តាមរយៈបណ្តាញមួយចំនួន រួមទាំងការធ្លាក់ចុះអំណាចទិញរបស់អតិថិជនចិន ដោយសារការថមថយសេដ្ឋកិច្ចដែលបណ្តាលមកពីការធ្លាក់ចុះវិស័យអចលនទ្រព្យ និងផលប៉ះពាល់លើការនាំចេញវត្ថុធាតុដើមមួយចំនួនដោយសារបញ្ហាអចលនទ្រព្យរបស់ប្រទេសចិន ជាពិសេសផលិតផលគីមី (ប្រើក្នុងសំណង់) និងគ្រាប់ប្លាស្ទិក។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕