(ព្រះវិហារ)៖ ក្រុមមហ៊ុនអែមរុរ៉ាយស៍ និងក្រុមហ៊ុនហ្គោលដិនរ៉ាយស៍ បានចុះហត្ថលេខាលើកិច្ចសន្យា ទិញ លក់ ស្រូវសរីរាង្គចំនួន ២២០០តោន ពីសហគមន៍កសិកម្មចំនួន ១១ក្នុងខេត្តព្រះវិហារ។
ពិធីនេះបានរៀបចំធ្វើឡើងនៅមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក្រោមវត្តមាន លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងមានការចូលរួមពីលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខប្រម៉ាញ់និងនេសាទខេត្ត, លោក កាន់ គន្ធី អគ្គនាយករង ក្រុមហ៊ុនអេមរុរ៉ាយស៍ លោកស្រី សៅ សុនិតា អគ្គនាយករង ក្រុមហ៊ុនហ្គោលដិនរ៉ាយស៍ អង្គការដៃគូរអភិវឌ្ឍន៍ មន្ទីរពាណិជ្ជកម្មខេត្ត សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ព្រមទាំងថ្នាក់ដឹកនាំសហគមន៍កសិកម្ម និងកសិករជាក្រុមផលិតជាច្រើនរូបទៀត។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ បានបញ្ជាក់ថា សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ គឺជាសហភាពដំបូង ដែលបានបង្កើតឡើងនៅកម្ពុជា ក្នុងខែមេសា ឆ្នាំ២០១៦ មានសមាជិកសរុបចំនួន ២៥សហគមន៍ ជាមួយនឹងកសិករ ចំនួន ៥ ៤០៣គ្រួសារ ដែលមានទីតាំងនៅស្រុកទាំង០៧នៃខេត្តព្រះវិហារ ។ទស្សនៈ វិស័យរបស់សហភាពនេះ គឺ «កសិករនៅខេត្តព្រះវិហារ នឹងមានជីវភាពធរធារស់នៅ ប្រកបដោយ ភាពរុងរឿង និងសេចក្តីថ្លៃថ្នូរ»។
តាមរយៈ ការចុះហត្ថលេខាលើកិច្ចសន្យា ទិញ-លក់ ស្រូវសរីរាង្គពីសហគមន៍នេះ ក្រុមហ៊ុនហ្គោលដេនរ៉ាយស៍នឹងទទួលទិញស្រូវសរីរាង្គចំនួន ១២០០តោន ពីសហគមន៍កសិកម្ម ចំនួន ០៧ ដែលមានអ្នកផលិត ១ ០០០គ្រួសារ និងក្រុមហ៊ុនអេមរុរ៉ាយស៍ នឹងទទួលទិញស្រូវ សរីរាង្គប្រភេទស្រូវស ចំនួនប្រមាណ ១០០០តោន ពីសហគមន៍កសិកម្មចំនួន៤ ដែលមានអ្នក ផលិតចំនួន៥០០គ្រួសារ ដែលជាកិច្ចសន្យាទិញបន្ថែមលើបរិមាណដែលបានចុះហត្ថលេខាកាលពី ខែមិថុនាកន្លងមកថ្មីៗនេះ។
ឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយ៍កម្ពុជា បានឲ្យដឹងថា ឆ្នាំ ២០២៣នេះ គឺជាឆ្នាំទី៩ហើយ នៃការចុះកិច្ចសន្យាបញ្ជាទិញស្រូវសរីរាង្គពីសហគមន៍កសិកម្មក្នុង ខេត្តព្រះវិហារ។
លោកបានប្ដេជ្ញាខិតខំប្រឹងប្រែង យកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញការផ្សព្វផ្សាយ និងនាំចេញអង្ករសរីរាង្គខេត្តព្រះវិហារ ឆ្ពោះទៅកាន់ទីផ្សារពិភពលោកឱ្យកាន់តែទូលំទូលាយ និងខ្លាំងក្លាបំផុត ក្នុងគោលដៅធ្វើយ៉ាងណាឱ្យអង្ករព្រះវិហារ កាន់តែមានកេរ្ដិ៍ឈ្មោះល្បី នៅឆាកអន្ដរជាតិ។ ទោះបែបនេះក្ដី លោកនៅតែបន្ដទទូចស្នើសុំដល់កសិករផលិតទាំងអស់ សូមមេត្តាបន្ដភាពស្មោះត្រង់របស់ខ្លួន ធ្វើយ៉ាងណាត្រូវគោរពទៅតាមគោលការណ៍ កិច្ចសន្យា ពិសេសស្ដង់ដាសរីរាង្គ។
លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ បានថ្លែងថា រាជរដ្ឋាភិបាលបន្តវេន បាននឹងកំពុងសិក្សាលើការធ្វើពាណិជ្ជកម្ម ដើម្បីស្វែងរកទីផ្សារដោយការនាំចេញផលិតផលកសិកម្ម របស់កម្ពុជា ទៅកាន់ទីផ្សារពិភពលោក ហើយកសិកម្ម គឺនៅតែជាឆ្អឹងខ្នង នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ហើយខេត្តព្រះវិហារ គឺជាខេត្តគោលដៅនៃវិស័យកសិកម្ម។
លោកអភិបាលរងខេត្តព្រះវិហារ ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងសហការគ្នាបានយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ ដោយមានការសម្របសម្រួលពីមន្ទីរកសិកម្ម រហូតឈានដល់ការសម្រេចបានជាបន្ដបន្ទាប់នូវក្នុងក្របខណ្ឌកសិកម្មតាមកិច្ចសន្យា ដែលអាចចាត់ទុកថាជាខ្សែបន្ទាត់ ឬជានិតិវិធី សម្រាប់ឲ្យភាគីអ្នកផលិត និងអ្នកបញ្ជាទិញដើរព្រមគ្នា ឆ្ពោះទៅទិសដៅមួយយ៉ាងជាក់លាក់ពិតប្រាកដ តម្លាភាព សច្ចភាព និងជំនឿទុកចិត្តគ្នា ដោយឈរលើគោលការណ៍សំខាន់ ៣គឺ៖ ធានាបាននូវបរិមាណផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព គុណភាព ផលិតផល ធានាបាននូវតម្លៃ សាមគ្គីភាព កិច្ចសហការ ជំនឿទុកចិត្ត និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដើម្បីជំរុញឲ្យវិស័យកសិកម្ម នៅក្នុងខេត្តព្រះវិហារ នឹងក្លាយជាកសិកម្ម បែបសរីរាង្គចាប់ពីមូលដ្ឋាន រហូតដល់ទីផ្សារចរាចរផលិតផល ដើម្បីសម្រេចបាននូវគោលនយោបាយ ជំរុញផលិតកម្ម ស្បៀង និងការនាំចេញរបស់រាជរដ្ឋាភិបាលកម្ពុជា ជួយបង្កើននូវកំណើនសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា នៅទូទាំងខេត្តព្រះវិហារ ការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២៣ បានអនុវត្តន៍ផ្ទៃដីភ្ជួររាស់បាន ចំនួន ១០០ ០៥៩ហិកតា និងផ្ទៃដីដែលបានព្រោះ ស្ទូង និងបុក ដាំ មានចំនួន ១០០ ៣០១ ហិកតា លើផែនការ ៩៩ ៨១៧ហិកតា ស្មើនឹង ១០០.៤៨%។
ការបង្កបង្កើនផលដំណាំរួមផ្សំ ដំណាំកសិឧស្សាហកម្ម និងដំណាំឈើហូបផ្លែ គិតត្រឹម ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ អនុវត្តបាន ៨៤ ០៣៧ ហិកតា នៃផែនការ ៨២ ៣១៥ ហិកតា ស្មើនឹង ១០២.០៩%៕