(ហាណូយ)៖ ធនាគារ Kasikornbank ដែលជាធនាគារធំទីពីររបស់ប្រទេសថៃកំពុងពិភាក្សាទិញធនាគារវៀតណាម Home Credit Vietnam ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃរហូតដល់ ១ពាន់លានដុល្លារ ដែលនឹងជំរុញបន្ថែមដល់ការពង្រីកអាជីវកម្មរបស់ធនាគារនេះក្នុងប្រទេសវៀតណាម។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ធនាគារដែលមានមូលដ្ឋាននៅទីក្រុងបាងកកដែលហៅកាត់ថា KBank សង្ឃឹមថានឹងក្លាយជាធនាគារមួយក្នុងចំណោមធនាគារកំពូលទាំង ២០របស់វៀតណាមបើគិតពីទ្រព្យសកម្មនៅឆ្នាំ២០២៧។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យរបស់ក្រុមហ៊ុនប្រមូលទិន្នន័យទីផ្សារហិរញ្ញវត្ថុ Refinitiv របស់អាមេរិកថា ធនាគារ KBank មានទ្រព្យសកម្មសរុបចំនួន ១១៩,៧ពាន់លានដុល្លារ ដែលស្ថិតនៅលំដាប់ទីពីរបន្ទាប់ពីធនាគារ Bangkok Bank ក្នុងប្រទេសថៃ។
ដំណឹងនេះកើតមានឡើងនៅពេលដែលធនាគារនានារបស់វៀតណាមកំពុងស្ថិតក្រោមសម្ពាធ ខណៈដែលសេដ្ឋកិច្ចកំពុងធ្លាក់ចុះ ហើយភាពចលាចលក្នុងវិស័យអចលនទ្រព្យបានធ្វើឱ្យមានការកើនឡើងកម្ចីអាក្រក់ និងបង្កឱ្យមានការកាត់បន្ថយអត្រាការប្រាក់យ៉ាងទូលំទូលាយ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងទៀតថា កិច្ចព្រមព្រៀងដែលអាចកើតមានមួយនឹងបង្ហាញពីនិន្នាការនៃការច្របាច់បញ្ចូលគ្នាក្នុងវិស័យហិរញ្ញវត្ថុរបស់ទ្វីបអាស៊ី និងធ្វើឱ្យប្រតិបត្តិការច្របាច់ប្រញ្ចូលគ្នានិងទិញលក់ (M&A) របស់ធនាគារ KBank ក្លាយជាប្រតិបត្តិការធំទីពីរនៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុរបស់វៀតណាមនៅឆ្នាំនេះ បន្ទាប់ពីការលក់ភាគហ៊ុនចំនួន ១,៥ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Vietnam Prosperity Joint Stock Commercial Bank ទៅឱ្យក្រុមហ៊ុន Sumitomo Mitsui របស់ប្រទេសជប៉ុនកាលពីខែមីន។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ប្រភពចំនួនពីរថា ធនាគារ KBank បានពិភាក្សាជាមួយក្រុមហ៊ុនផ្តល់ប្រឹក្សាហិរញ្ញវត្ថុនានាដើម្បីស្វែងរកការទិញយកដែលអាចកើតមាននេះ បើទោះបីជាការពិភាក្សានេះកំពុងបន្តធ្វើលើង ហើយមិនមានការសម្រេចចិត្តចុងក្រោយត្រូវបានធ្វើឡើងក៏ដោយ។
ប្រភពមួយក្នុងចំណោមប្រភពទាំងពីរនេះបានឱ្យដឹងថា៖ «ធនាគារ KBank បច្ចុប្បន្នកំពុងផ្តល់សេវាកម្មដំណោះស្រាយប្រាក់កម្ចី KBank Biz ដែលជាសេវាកម្មឥណទានសម្រាប់ក្រុមហ៊ុនលក់រាយខ្នាតតូច។ កិច្ចព្រមព្រៀងដែលមានកើតមានជាមួយធនាគារ Home Credit នឹងអនុញ្ញាតឱ្យធនាគារ KBank លើកកម្ពស់លទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុសម្រាប់អតិថិជនអាជីវកម្មខ្នាតតូច»៕