(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី «ប្រព័ន្ធពន្ធដារកម្ពុជា បច្ចុប្បន្នភាពនៃច្បាប់ស្តីពីសារពើពន្ធ និងការប្រើប្រាស់កម្មវិធីវិក្កយបត្រនាំសំណាងរបស់អគ្គនាយកដ្ឋានពន្ធដារ» ជូនដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យវេស្ទើន និងវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា ក្រោមអធិបតីភាពរបស់លោក លីម ដឺលុច អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
សិក្ខាសាលានេះ មានការចូលរួមពីលោកប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន លោកនាយកសាលាជាតិពន្ធដារ លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋានថ្នាក់កណ្តាល នាយករងសាលាជាតិពន្ធដារ ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងលោកគ្រូអ្នកគ្រូពីសាកលវិទ្យាល័យ និងនិស្សិតពីសាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យវេស្ទើន និងវិទ្យាស្ថានពាណិជ្ជសាស្រ្តអេស៊ីលីដា សរុបប្រមាណ ២៥០ នាក់។
លោក លីម ដឺលុច បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក លោកស្រី អ្នកនាង កញ្ញា ជាលោកគ្រូ អ្នកគ្រូ និងនិស្សិតដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការចូលរួមកម្មវិធីសិក្ខាសាលានាព្រឹកនេះ។
លោកអគ្គនាយករង បានគូសបញ្ជាក់សិក្ខាសាលាព្រឹកនេះ ផ្តោតលើចំណុចសំខាន់២ គឺការផ្តល់នូវចំណេះដឹងផ្នែកពន្ធដារ ជូនដល់និស្សិតនៃសាកលវិទ្យាល័យទាំង៣ និងការប្រើប្រាស់កម្មវិធីវិក្កយបត្រនាំសំណាង។ បន្ថែមពីនេះ លោកអគ្គនាយករង បានចែករំលែកនូវបទពិសោធន៍ចំនួន ពាក់ព័ន្ធនឹងការសិក្សា ដោយជំរុញឱ្យនិស្សិតទាំងអស់ខិតខំប្រឹងប្រែងសិក្សា ក្រេបយកចំណេះដឹង ដើម្បីឈានដល់ការបំពេញការងារ ឱ្យបានល្អនាពេលអនាគត។
លោកអគ្គនាយករងបានសង្កត់ធ្ងន់ដល់វាគ្មិនធ្វើបទបង្ហាញ ធ្វើយ៉ាងណាបកស្រាយពន្យល់ណែនាំដល់លោកគ្រូ អ្នកគ្រូ និងប្អូនៗដែលជានិស្សិតចូលរួមនៅព្រឹកនេះ ឱ្យបានយល់ច្បាស់ពីច្បាប់សារពើពន្ធ ដែលបានកែសម្រួលថ្មី ដើម្បីអាចយកទៅចែករំលែកបន្ត ក្នុងន័យពង្រីកចំណេះដឹងលើវិស័យពន្ធដារ ឱ្យកាន់តែទូលំទូលាយ និងជាផ្នែកមួយចូលរួមដល់ការពង្រឹងអនុលោមភាពពន្ធដារ របស់អ្នកជាប់ពន្ធឱ្យកាន់តែប្រសើរឡើងផងដែរ។
បន្ថែមពីនេះទៀត លោកអគ្គនាយករង ក៏បានលើកឡើងពីកម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) ដែលមានអត្ថប្រយោជន៍ជាច្រើន ដល់អ្នកប្រើប្រាស់ដូចជា បានចូលរួមជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងការប្រមូលចំណូលពន្ធដារ តាមរយៈការថតវិក្កយបត្រមកក្នុងកម្មវិធី អាចគ្រប់គ្រងការចំណាយរបស់ខ្លួនប្រចាំថ្ងៃ និងអាចមានឱកាសឈ្នះរង្វាន់ជាច្រើនទៀតផងដែរ។
ក្នុងអង្គសិក្ខាសាលានេះផងដែរ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារ បានធ្វើបទបង្ហាញអំពី ប្រធានបទសំខាន់ទាំងពីរខាងលើយ៉ាងក្បោះក្បាយ ជូនដល់និស្សិតដែលបានចូលរួម ព្រមទាំងអនុញ្ញាតឱ្យសួរនូវសំណួរពាក់ព័ន្ធនឹងច្បាប់ ស្តីពីសារពើពន្ធផងដែរ៕