(ភ្នំពេញ)៖ សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប នឹងគ្រោងនាំចេញអំបិល ដែលជាផលិតផល ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ នៅចុងឆ្នាំ២០២៣នេះ បន្ទាប់ពីកម្ពុជាបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ ចំពោះផលិតផលអំបិល កំពត-កែប កាលពីខែមេសាកន្លងទៅ។
លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិល កំពត-កែប បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា នៅចុងឆ្នាំ២០២៣នេះ សមាគមនឹងសាកល្បងនាំចេញអំបិល GI ជាលើកដំបូងទៅកាន់ទីផ្សារអឺរ៉ុប ក្នុងបរិមាណតិចតួចសិន ក្នុងរង្វង់ប្រមាណពី៥ ទៅ២០តោន ដែលជាប្រភេទអំបិល គ្រួស ផ្កាអំបិល និងអំបិលស្លឹក។
លោកបន្ថែមថា សមាគមបានយកគម្រូអំបិលផ្ញើទៅទីផ្សារប្រទេសក្នុងតំបន់អឺរ៉ុបនេះហើយ ហើយគេបានទាក់ទងមកវិញផងដែរ ដោយរង់ចាំការបញ្ជាក់ជាចុងក្រោយសិន។ ជាមួយគ្នានេះ ក្រៅពីទីផ្សារអឺរ៉ុប លោកថែមទាំងបានយកប៉ាន់ ឬគម្រូទៅប្រទេសផ្សេងទៀតផងដែរ ដូចជាសហរដ្ឋអាមេរិកជាដើម។
លោកបន្ថែមថា មុនពេលដែលអំបិលកំពត-កែប ចុះបញ្ជី GI ក៏ធ្លាប់មានក្រុមហ៊ុនមួយចំនួន បាននាំចេញទៅក្រៅប្រទេសផងដែរ និងទទួលបានគាំទ្រច្រើន។
បើតាមប្រធានសមាគមរូបនេះ បច្ចុប្បន្នអំបិលដែលផលិតត្រូវតាមស្តង់ដារ GI មានប្រមាណជាង ៥ពាន់តោន ដែលបានផលិតលើផ្ទៃប្រមាណជាង ២០០ហិកតា នៅក្នុងខេត្តកំពត និងខេត្តកែប។
អំបិលកំពតកែបត្រូវបានក្រសួងពាណិជ្ជកម្ម សម្រេចចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ រួមគ្នាជាមួយផលិតផលកម្ពុជា ពីរប្រភេទទៀត គឺ ទឹកត្រីកំពតកែប និងបង្កងតាកែវ នៅថ្ងៃទី ២៦ មេសា ឆ្នាំ២០២៣ ក្នុងទិវាកម្មសិទ្ធិបញ្ញាពិភពលោក។
បន្ទាប់ពីផលិតផលអំបិល កំពត-កែប បានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រកាលពីខែមេសា លោកកត់សម្គាល់ថា មានតែកសិករប្រមាណ ១០ក្រុមប៉ុណ្ណោះ ដែលមានលទ្ធភាពផលិតតាមស្តង់ដារអំបិល GI ដោយសារការផលិតអំបិល GI ត្រូវការបច្ចេកទេសនៃការផលិតខ្ពស់ជាងអំបិលធម្មតា ខណៈបច្ចុប្បន្ននេះមានអ្នកផលិត ៥ក្រុមហើយ ដែលដាក់បានពាក្យចូលជាសមាជិក សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិល កំពត-កែប។
លោកលើកឡើងថា នៅឆ្នាំក្រោយអាចនឹងមានអ្នកសុំចុះបញ្ជីផលិតអំបិលស្តង់ដារ GI បន្ថែមទៀត ដោយសមាគមនឹងបន្ថែមការចុះផ្សព្វផ្សាយ ណែនាំ និងបណ្តុះបណ្តាលឱ្យពួកគាត់យល់ពីសៀវភៅបន្ទុក នៃការផលិតអំបិលតាមស្តង់ដារលក្ខណៈនៃGI។
លោកន្តថា «ទាមទារឱ្យយើងធ្វើការបណ្តុះបណ្តាលគាត់ ឱ្យគាត់ស្គាល់ពីសៀវភាពបន្ទុក ដែលបង្ហាញពីលក្ខណៈស្តង់ដារ GI ថាត្រូវធ្វើរបៀបណា? នៅស្រែបែបម៉េច? កសិករនៅពេលដែលគាត់ផលិតក្នុងឆ្នាំ ២០២២-២០២៣ នេះ កសិករភាគច្រើនមិនបានត្រៀមទេ យើងមានតែប៉ុន្មាននាក់ទេដែលគាត់យល់ដឹងពី GI និងបានត្រៀមលក្ខណៈ ដើម្បីឈានរកការទទួលស្គាល់ជាប្រភេទអំបិល GI។ នៅឆ្នាំក្រោយ បន្ទាប់ពីយើងធ្វើការផ្សព្វផ្សាយដល់គាត់ អាចនឹងមានអ្នកស្ម័គ្រចិត្តចូលច្រើនទៀត ព្រោះយើងអត់ចង់បង្ខំទេ។ ការចូលជាសមាជិកផលិតអំបិល GI មានអត្ថប្រយោជន៍ច្រើន ដោយសារអំបិលប្រភេទនេះ មានការទទួលស្គាល់ពីថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ ដែលធ្វើឱ្យអំបិលប្រភេទ GI មានតម្លៃថ្លៃជាងអំបិលធម្មតា»។
លោកបានឱ្យដឹងផងដែរ សម្រាប់អំបិល GI អាចនឹងតម្លៃលើសពីអំបិលធម្មតា ពី៥០% ទៅ១០០% ពោលគឺប្រសិនបើអំបិលធម្មតាក្នុងមួយបេ (ចំណុះ៥០គីឡូក្រាម) មានតម្លៃ ២០០០០រៀល អំបិល GI នឹងលក់ក្នុងតម្លៃ ចាប់ពី ៣០០០០រៀលទៅ។
សូមជម្រាបថា បច្ចុប្បន្ននេះ អ្នកផលិតអំបិលនៅខេត្តកំពត និងកែប មានប្រមាណ ១៣៩ក្រុម។ នៅឆ្នាំនេះ ការផលិតអំបិលបានជាង៧ម៉ឺនតោន ដោយសារការផលិតជួបឧបសគ្គមួយចំនួន ព្រោះតែភ្លៀងបានចាប់ផ្តើមធ្លាក់តាំងពីខែមេសា ដែលធ្វើឱ្យកសិករខកខានក្នុងការប្រមូលផល។
តែយ៉ាងណាលោកបញ្ជាក់ថា បរិមាណអំបិលដែលផលិតបាននេះអាចនឹងល្មមក្នុងការប្រើប្រាស់ នៅក្នុងប្រទេសក្នុងឆ្នាំនេះ ព្រោះបច្ចុប្បន្ននេះ ក៏មានការនាំចូលអំបិលក្រៅផ្លូវការតាមច្រករបៀងផ្សេងៗពីប្រទេសជិតខាងផងដែរ។ យ៉ាងនេះក្តី លោកអំពាវពាវដល់អ្នកប្រើប្រាស់ទាំងអស់ សូមគាំទ្រផលិតផលខែ្មរ ព្រោះមានគុណភាពល្អ មិនចាញ់អំបិលដែលនាំចូលនោះទេ៕