(ភ្នំពេញ)៖ លោក ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (គ.ស.ព.) បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូសហគ្រិន ដែលប្រកបធុរកិច្ចលើវិស័យរ៉ែនិងថាមពល, កម្មន្តសាលម៉ាស៊ីនកម្តៅនិងម៉ាស៊ីនត្រជាក់, ទេសចរណ៍, សណ្ឋាគារប្រចាំខេត្តហ្វូជៀន ដែលដឹកនាំដោយ លោក Xu Shiwen ប្រធានសហព័ន្ធសហគ្រាស ប្រចាំទីក្រុងហ្វូចូវ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)។
លោកបានសម្តែងនូវការស្វាគមន៍ជូនចំពោះគណៈប្រតិភូ ដែលបានមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្ទាល់ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីបច្ចុប្បន្នភាពច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគ ព្រមទាំងកាលានុវត្តភាពនិងបរិយាកាសវិនិយោគនៅកម្ពុជា។ ស្របពេលដែលរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយឯកឧត្តមកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រពីរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបន្តការពារសន្តិភាពបន្តការអភិវឌ្ឍ ការអញ្ជើញមកស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជារបស់គណៈប្រតិភូ នាពេលនេះឆ្លុះបញ្ចាំងមិនត្រឹមតែការជឿទុកចិត្ត លើរដ្ឋាភិបាលថ្មីប៉ុណ្ណោះទេ ថែមទាំងគាំទ្រដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាក្រោមម្លប់សន្តិភាពដ៏កក់ក្តៅ។
លោកបានគូសរំលេច អំពីសក្តានុពលលើវិស័យនិងសកម្មភាពវិនិយោគនានាដូចមានចែងក្នុងមាត្រា ២៤ នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលជាឱកាសសម្រាប់វិនិយោគិន ក្នុងការដាក់ទុនវិនិយោគ ដើម្បីទទួលបានផលចំណេញបន្ថែមពីលើកិច្ចសម្រួលនិងការលើកទឹកចិត្តដែលផ្តល់ដោយរាជរដ្ឋាភិបាល។ ក្នុងន័យនេះ លោកបានបង្ហាញជំនឿចិត្តថា គណៈប្រតិភូខេត្តហ្វូជៀន នឹងសិក្សាសមិទ្ធិលទ្ធភាពលើវិស័យដែលសហគ្រាសមានចំណាប់អារម្មណ៍ ក្នុងគោលដៅសម្រេចបាននូវការវិនិយោគប្រកបដោយវិបុលភាព និងចីរភាព។
លោកសង្ឃឹមយ៉ាងមុតមាំថា វិនិយោគិន និងធុរជនដែលបានអញ្ជើញមកសិក្សានាឱកាសនេះ នឹងទាញយកប្រយោជន៍ជាអតិបរមាពីការវិនិយោគ លើវិស័យដែលកម្ពុជាកំពុងមានសក្តានុពល តាមរយៈរូបភាពវិនិយោគដោយផ្ទាល់ ឬដោយចូលហ៊ុនជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជន ដើម្បីបម្រើទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារតំបន់និងអន្តរជាតិ៕