(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមអនុវត្តវិធានការបំពាក់ម៉ាស៊ីនស្គែនមុខកត់វត្តមានរបស់មន្រ្តីទទួលបន្ទុក និងដំឡើងកាមេរ៉ាសុវត្ថិភាព នៅតាមចំណុច ឬបរិវេណនៃឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា (Flowmeter) ដែលត្រូវធ្វើឡើងនៅគ្រប់រោងចក្រផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាទាំងអស់ នៅក្នុងប្រទេសកម្ពុជាទាំងមូល។
លោកបញ្ជាក់ ការបំពាក់បន្ថែមនូវឧបករណ៍ម៉ាស៊ីនស្គែនមុខកត់វត្តមាន របស់មន្រ្តីទទួលបន្ទុក និងកាមេរ៉ាសុវត្ថិភាព នៅតាមចំណុចយុទ្ធសាស្រ្តមួយចំនួននៅក្នុងរោងចក្រ គឺជាចំណែកដ៏ធំមួយទៀត ក្នុងការពង្រឹងប្រសិទ្ធភាព ស័ក្កិសិទ្ធិភាព និងតម្លាភាពមួយកម្រិតថែមទៀតនៃឧបករណ៍វាស់ចំណុះស្រាបៀរ និង ភេសជ្ជៈគ្មានជាតិសុរា។
លោកបន្ថែមថា សម្រាប់យុទ្ធនាការបំពាក់បន្ថែមនូវឧបករណ៍ ម៉ាស៊ីនស្គែនមុខកត់វត្តមានរបស់មន្រ្តីទទួលបន្ទុក និងកាមេរ៉ាសុវត្ថិភាព នៅតាមចំណុចយុទ្ធសាស្រ្តមួយចំនួននៅក្នុងរោងចក្រ នឹងធ្វើឡើងនៅគ្រប់រោងចក្រផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរាក្នុងស្រុកទាំងអស់នៅក្នុងឆ្នាំ២០២៣នេះ។
លោក គង់ វិបុល លើកឡើងបែបនេះ ធ្វើឡើងក្នុងដំណើរទស្សនកិច្ចនៅក្រុមហ៊ុន HEINEKEN (CAMBODIA) កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ដើម្បីបន្តពង្រឹង និងលើកស្ទួយកិច្ចសហប្រតិបត្តិការមួយកម្រិតថែមទៀតរវាង អគ្គនាយកដ្ឋានពន្ធដារ និងក្រុមហ៊ុន HEINEKEN (CAMBODIA) ដែលជាសហគ្រាសគំរូដ៏ល្អប្រសើរ ឈានមុខគេមួយនៅកម្ពុជា លើការប្រកាន់ជំហរយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍អភិបាលកិច្ចសាជីវកម្មល្អ ក្នុងកិច្ចប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាប្រចាំ ដែលមានន័យថា ជាសហគ្រាសមានអនុលោមភាពពន្ធខ្ពស់ តាមរយៈការបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋបានល្អប្រសើរ ទៀងទាត់ និងត្រឹមត្រូវស្របតាមច្បាប់និងលិខិតបទដ្ឋាន គតិយុត្តស្តីពីពន្ធដារជាធរមាន។
លោក គង់ វិបុល បានប្រកាសផ្តែផ្តាំជាចំហរ ដល់ក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា ក្នុងស្រុកទាំងអស់ឱ្យប្រកាន់ជំហរប្រកួតប្រជែង បែបលក្ខណៈតម្លាភាព និងស្មើភាពគ្នា និងត្រូវខិតខំបំពេញតួនាទីភារកិច្ច ជាសហគ្រាសដែលប្រកាន់ខ្ជាប់ខ្ជួននូវគោលការណ៍ នៃស្តង់ដារអភិបាលកិច្ចសាជីវកម្ម ក៏ដូចជាការបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ បានត្រឹមត្រូវ និងទៀងទាត់ជាប្រចាំ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារជាធរមាន។
លោកបានរំលឹកផងដែរថា ការបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា គឺជាវិធីសាស្រ្ត ឬវិធានការខ្នាតឧត្តមានុវត្តន៍សម្រាប់ផ្តល់ជាមូលដ្ឋានជាក់លាក់និងតម្លាភាពខ្ពស់មួយក្នុងការផ្ទៀងផ្ទាត់ និងតាមដានការប្រកាសបង់ប្រាក់ពន្ធរបស់សហគ្រាសពាក់ព័ន្ធ។
សូមបញ្ជាក់ថា HEINEKEN (CAMBODIA) ត្រូវបានចាត់ទុកថាជាសហគ្រាស ដែលបានបង់ពន្ធជូនរដ្ឋច្រើនជាងគេលំដាប់ទី១ សម្រាប់ឆ្នាំ២០២០, ២០២១ និង២០២២ ព្រមទាំងទទួលបានលិខិតសរសើរពីសម្តេចតេជោ ហ៊ុន សែនផងដែរ និងជាក្រុមហ៊ុនផលិតក្នុងស្រុកដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធល្អ និងបានស្ម័គ្រចិត្តមុនគេក្នុងការចាប់ផ្តើមបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈ គ្មានជាតិសុរា (Flowmeter) នៅក្នុងរោងចក្ររបស់ខ្លួនកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងគោលបំណងធានាបាននូវតម្លាភាព សមភាព និងស្មើភាពគ្នាក្នុងការប្រកួតប្រជែង ក៏ដូចជាការបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋបាន ត្រឹមត្រូវនិងទៀងទាត់ជាប្រចាំ៕