(ញូវយ៉ក)៖ ក្រុមហ៊ុនអចលនទ្រព្យចិន China Evergrande Group ដែលកំពុងជួបវិបត្តិបានដាក់ពាក្យសុំការការពារពីម្ចាស់បំណុលនៅក្នុងតុលាការក្ស័យធនរបស់សហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃដំណើរការរៀបចំបំណុលឡើងវិញ ខណៈក្ដីបារម្ភកើនឡើងជុំវិញវិបត្តិអចលនទ្រព្យកាន់តែអាក្រក់របស់ប្រទេសចិន និងការធ្លាក់ចុះសេដ្ឋកិច្ច។
ធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលលក់ដាច់បំផុតរបស់ប្រទេសចិន ក្រុមហ៊ុន Evergrande បានក្លាយជាក្រុមហ៊ុនជួបវិបត្តិបំណុលដែលមិនធ្លាប់មានពីមុនមកក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន បន្ទាប់ពីធ្លាក់ចូលទៅក្នុងវិបត្តិសាច់ប្រាក់នៅពាក់កណ្តាលឆ្នាំ២០២១។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនេះបានស្វែងរកការការពារស្ថិតក្រោមជំពូកទី១៥ នៃច្បាប់ក្ស័យធនរបស់សហរដ្ឋអាមេរិក ដែលការពារក្រុមហ៊ុនបរទេសដែលកំពុងដំណើរការការរៀបចំបំណុលឡើងវិញពីម្ចាស់បំណុលដែលសង្ឃឹមថានឹងប្តឹងក្រុមហ៊ុន ឬបង្កទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននៅក្នុងសហរដ្ឋអាមេរិក។
ការដាក់ឯកសារប្រកាសក្ស័យធនគឺជានីតិវិធីទូទៅមួយ ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលជំពាក់បំណុលច្រើនបំផុតក្នុងពិភពលោកដែលមានបំណុលជាង ៣០០ពាន់លានដុល្លារនេះត្រូវតែដាក់ឯកសារនេះសម្រាប់ជាផ្នែកមួយនៃដំណើរការរៀបចំបំណុលឡើងវិញស្ថិតក្រោមច្បាប់របស់អាមេរិក។
ការរៀបចំបំណុលឡើងវិញនៅឯបរទេសរបស់ក្រុមហ៊ុន Evergrande ពាក់ព័ន្ធនឹងទឹកប្រាក់សរុបចំនួន ៣១,៧ពាន់លានដុល្លារអាមេរិក ដែលរួមមានមូលបត្របំណុល ទ្រព្យបញ្ចាំ និងកាតព្វកិច្ចទិញបំណុលត្រលប់មកវិញ។
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិនជាច្រើនបានខកខានគោរពតាមកាតព្វកិច្ចបំណុលនៅឯបរទេសរបស់ខ្លួន ដោយបានបន្សល់ទុកផ្ទះដែលសាងសង់មិនទាន់រួចរាល់ ការលក់ធ្លាក់ចុះ និងធ្វើឱ្យទំនុកចិត្តរបស់វិនិយោគិនធ្លាក់ចុះដែលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕