(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្នុងរយៈពេល ៧ខែ ក្នុងឆ្នាំ២០២៣នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសដែលជាសមាជិកអាសិប(RCEP) សម្រេចបាន ៤ ៥៩០លានដុល្លារអាមេរិក កើនឡើង ២១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។
លោកបន្តថា កិច្ចព្រមព្រៀងអាសិប ត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មអាស៊ានទៅក្នុងសេដ្ឋកិច្ចពិភពលោក។ ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់, ទប់ទល់នឹងទំនោរនៃការប្រឆាំងសកលភាវូបនីយកម្ម និងការការពារនិយម ហើយក៏ជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន ដែលមាន១៥ប្រទេស ជាមួយនឹងផលិតផលក្នុងស្រុកសរុបចំនួន ២៦.២ ទ្រីលានដុល្លារអាមេរិក។
លោកបន្តថា អាសិប តំណាងឱ្យ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក,២៨% នៃពាណិជ្ជកម្មពិភពលោក និង៣២.៥% នៃការវិនិយោគសកល។
ថ្លែងក្នុងពិធីសម្ពោធនៃការបោះពុម្ពផ្សាយសៀវភៅស្តីពី «អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគផ្នែកច្បាប់» លោក ប៉ាន សូរស័ក្តិ ជឿជាក់ថា ការបោះពុម្ពផ្សាយសៀវភៅនេះនឹងបម្រើដល់វិស័យឯកជនក្នុងការទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងដ៏ធំនេះ ហើយក៏អាចឱ្យវិស័យឯកជនទទួលបានប្រភពនៃកំណើនថ្មី ដើម្បីបង្កើតភាពរុងរឿងកាន់តែច្រើនសម្រាប់ប្រទេស។
សូមជម្រាបថា កិច្ចព្រមព្រៀង RCEP បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ គឺជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មី ចំនួនរាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា។
កិច្ចព្រមព្រៀង RCEP មានការចូលរួមពីប្រទេសចំនួន១៥ រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត ដូចជា អូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ ដែលបានចាប់ផ្តើម បង្កើតដំបូងនៅ ឆ្នាំ២០១២ នៅភ្នំពេញ៕