(ភ្នំពេញ)៖ នាថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៣នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងទេសចរណ៍ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយវិនិយោគិនលើ «ការអនុវត្តផ្នែកប្រតិបត្តិការ និងការថែទាំ (Operation and Maintenance - O&M) នៃគម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត ក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន» នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
សិក្ខាសាលានេះបានដឹកនាំដោយលោក ឱម ម៉ាក់ធារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន ដោយមានការចូលរួមពីតំណាងប្រតិបត្តិករនៃកំពង់ផែទេសចរណ៍ក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងក្រុមហ៊ុននាវាចរណ៍ ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនទីប្រឹក្សា ក្រុមហ៊ុនមេធាវី និងក្រុមហ៊ុនវិនិយោគ ប្រមាណ ៨០នាក់ និងតាមរយៈប្រព័ន្ធវីដេអូហ្សូមផងដែរ។
សិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណងចែករំលែកព័ត៌មានពាក់ព័ន្ធគម្រោង ព័ត៌មានពាក់ព័ន្ធទីផ្សារ ក៍ដូចជាតម្រូវការផ្នែកបច្ចេកទេស និងប្រតិបត្តិការ លក្ខខណ្ឌនៃការដេញថ្លៃ និងក្របខណ្ឌពេលវេលាក្នុងការរៀបចំគម្រោង ដែលជាឱកាសដ៍ពិសេសសម្រាប់បង្កើតកិច្ចសហការរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលក្នុងការវិនិយោគលើកំពង់ផែទេសចរណ៍អន្តរជាតិនេះ។
សិក្ខាកាមបានបង្ហាញការគាំទ្រ និងចំណាប់អារម្មណ៍ចំពោះគម្រោងនេះ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការសាកសួរព័ត៌មាន និងផ្តល់ធាតុចូលបន្ថែម ដើម្បីឱ្យការអភិវឌ្ឍគម្រោងកំពង់ផែទេសចរណ៍នេះមានភាពគ្រប់ជ្រុងជ្រោយ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល នឹងបញ្ចប់ការរៀបចំរបាយការណ៍ការសិក្សាសមិទ្ធិលទ្ធភាពរបស់គម្រោង ដើម្បីឈានទៅធ្វើកិច្ចលទ្ធកម្មជ្រើសរើសដៃគូឯកជនសម្រាប់អនុវត្តផ្នែកប្រតិបត្តិការ និងការថែទាំ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន នាពេលខាងមុខឆាប់ៗនេះ។
លោក ឱម ម៉ាក់ធារិទ្ធ បានលើកឡើងថា គម្រោងកំពង់ផែទេសចរណ៍ខេត្តកំពតនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍តាមឆ្នេរនៃខេត្តកំពត និងខេត្តកែប ក៏ដូចជាវិស័យទេសចរណ៍សមុទ្រនៅកម្ពុជា ដោយតភ្ជាប់ខេត្តកំពតជាមួយកោះត្រល់ (ភូកុក) ប្រទេសវៀតណាម និងបណ្តាកោះផ្សេងៗទៀតនៅក្នុងតំបន់។
តាមរយៈនេះ លោកបានលើកទឹកចិត្ត និងជំរុញឱ្យដៃគូឯកជនចូលរួមដំណើរការនៃកិច្ចលទ្ធកម្មជ្រើសរើសដៃគូឯកជនផងដែរ៕