(ភ្នំពេញ)៖ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន World Bridge Group បានស្នើដល់អ្នកវិនិយោគ ងាកមកចាប់អារម្មណ៍វិនិយោគ លើវិស័យដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ។
ការស្នើបែបនេះរបស់អ្នកឧកញ៉ា សៀ ឬទ្ធី ធ្វើឡើងក្នុងវេទិកាធុរកិច្ច ឆ្នាំ២០២៣ រៀបចំដោយសមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) ក្រោមកិច្ចសហការជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក)។
អ្នកឧកញ៉ា សៀ ឬទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «បើនិយាយពីការដឹកជញ្ជូនដែលថោក គឺជាការដឹកជញ្ជូនតាមផ្លូវទឹក ប៉ុន្ដែសព្វថ្ងៃ យើងអត់ទាន់មានការវិនិយោគណាមួយ ទៅលើវិស័យផ្លូវទឹកនៅឡើយទេ យើងមានសក្ដានុពលច្រើនណាស់ ទៅលើការវិនិយោគផ្លូវទឹក នៅតាមដងទន្លេ ដែលយើងអាចធ្វើបាន [...] ខ្ញុំស្នើដល់អ្នកវិនិយោគទាំងអស់ គួរគិតគូរក្នុងការវិនិយោគ»។
អ្នកឧកញ៉ា សៀ ឬទ្ធី បានគូសបញ្ជាក់ថា វិស័យដឹកជញ្ជូន គឺជាវិស័យដែលមាននិរន្ដភាព និងមានចំណូល ដូច្នេះអ្នកវិនិយោគទាំងអស់ គួរតែបង្វែការវិនិយោគ លើវិស័យដីធ្លី មកវិនិយោគ លើវិស័យដឹកជញ្ជូនវិញ។
បើតាមការបញ្ជាក់របស់អ្នកឧកញ៉ា សៀ ឬទ្ធី, វិស័យដឹកជញ្ជូននៅកម្ពុជា នាពេលសព្វថ្ងៃនេះមានកំណើនល្អ ក៏ប៉ុន្ដែវានៅមានការប្រកួតប្រជែង ដែលទាំងរាជរដ្ឋាភិបាល និងវិស័យឯកជនគួរចូលរួមគ្នាដោះស្រាយ៕