(ក្រុងឡុងដ៍)៖ ក្រុមហ៊ុន H&M បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ខ្លួនកំពុងតាមដានករណីចោទប្រកាន់ចំនួន២០ ពាក់ព័ន្ធនឹងការរំលោភបំពានការងារនៅតាមរោងចក្រកាត់ដេរក្នុងប្រទេសមីយ៉ាន់ម៉ា ដែលផ្គត់ផ្គង់សម្លៀកបំពាក់ទៅឱ្យក្រុមហ៊ុនអ្នកលក់រាយធំជាងគេទីពីររបស់ពិភពលោកមួយនេះ។
ការស៊ើបអង្កេតរបស់ក្រុមហ៊ុន H&M កើតមានឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីម្ចាស់ក្រុមហ៊ុន Inditex ដែលជាម្ចាស់ម៉ាក Zara និងជាគូរប្រជែងរបស់ H&M បានឱ្យដឹងថា ក្រុមហ៊ុនកំពុងផ្អាកការបញ្ជាទិញសន្សឹមៗពីប្រទេសស្ថិតអាស៊ីអាគ្នេយ៍មួយនេះ។
អង្គការតស៊ូមតិសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានតាមដានករណីរំលោភបំពានកម្មករចំនួន ១៥៦ករណីនៅតាមរោងចក្រកាត់ដេរមីយ៉ាន់ម៉ាចាប់ពីខែកុម្ភៈ ឆ្នាំ ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣ ពោលគឺកើនឡើងពី ៥៦ករណីកាលពីឆ្នាំកន្លងទៅ ដែលបង្ហាញពីការធ្លាក់ចុះសិទ្ធិកម្មករគិតចាប់តាំងពីកើតមានរដ្ឋប្រហារយោធាក្នុងខែកុម្ភៈ ឆ្នាំ២០២១មក។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់របាយការណ៍មួយរបស់អង្គការមិនមែនរដ្ឋាភិបាលមួយគឺអង្គការមជ្ឈមណ្ឌលធនធានធុរកិច្ច និងសិទ្ធិមនុស្ស (BHRRC) ថា ការកាត់បន្ថយប្រាក់ឈ្នួល និងការលួចប្រាក់ឈ្នួលគឺជាការចោទប្រកាន់ដែលត្រូវបានរាយការណ៍ញឹកញាប់បំផុត បន្ទាប់មកគឺការបណ្តេញចេញពីការងារដោយអយុត្តិធម៌ អត្រាការងារអមនុស្សធម៌ និងការបង្ខំឱ្យធ្វើការថែមម៉ោង។
ក្រុមហ៊ុន H&M បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ករណីទាំងអស់ដែលបានលើកឡើងនៅក្នុងរបាយការណ៍របស់អង្គការ BHRRC កំពុងត្រូវបានតាមដាន ហើយបើចាំបាច់ ត្រូវមានការដោះស្រាយតាមរយៈក្រុមការងារក្នុងស្រុករបស់យើងដោយឈរលើមូលដ្ឋានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ»។
ក្រុមហ៊ុនលក់រាយរបស់ប្រទេសស៊ុយអែតមួយនេះបានឱ្យដឹងទៀតថា៖ «យើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវឌ្ឍចុងក្រោយបង្អស់នេះនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយយើងឃើញមានការកើនឡើងនូវបញ្ហាប្រឈមក្នុងប្រតិបត្តិការរបស់យើងស្របតាមស្តង់ដារ និងតម្រូវការរបស់យើង»៕