(ភ្នំពេញ)៖ រយៈពេល ៧ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសម្រាប់ថវិកាជាតិបានចំនួន ៩ ៣៦៧.៤៤ ប៊ីលានរៀល (ប្រមាណជា ២ ៣១២.៩៥ លានដុល្លារ) ស្មើនឹង ៦៤,៧៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
ទិន្នន័យនេះត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting) ក្រោមអធិបតីភាពលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៦ ខែសីហានេះ។
ថ្លែងក្នុងកិច្ចប្រជុំលោករដ្ឋមន្ត្រី បានលើកឡើងពីហានិភ័យដែលបណ្តាល ពីភាពមិនប្រាកដប្រជា ការប្រែប្រួលបរិបទសេដ្ឋកិច្ចសកល ដែលបង្កដោយសារការធ្លាក់ចុះ នៃស្ថានភាពសេដ្ឋកិច្ចពិភពលោក និងវិបត្តិសង្គ្រាមរុស្សី-អ៊ុយក្រែន ប៉ះពាល់ដល់បណ្ដាប្រទេសដែលជាប្រភព ទុនសម្រាប់វិនិយោគធំៗមកកម្ពុជា និងធ្វើឱ្យមានកំណើននៃអតិផរណា ដែលអាចជាហានិភ័យក្នុងការគ្រប់គ្រងប្រមូល ចំណូលពន្ធឈានទៅប៉ះពាល់ដល់ចំណូលពន្ធ ឱ្យបានគ្រប់តាមផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ និងពិសេសមូលដ្ឋាន ក្នុងការព្យាករផែនការសម្រាប់ឆ្នាំបន្ទាប់ ទោះជាយ៉ាងណាក្តី តាមរយៈស្ថានភាពនៃចំណូលពន្ធសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ រំពឹងថាការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធ សម្រាប់ឆ្នាំ២០២៣ អាចនឹងសម្រេចបានគ្រប់តាមផែនការ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
លោកបន្តថា ការធ្វើកំណែទម្រង់ និងទំនើបកម្មពន្ធដារចាប់តាំងពីឆ្នាំ២០១២ រហូតមក បានធ្វើឱ្យប្រព័ន្ធពន្ធដារមានភាពរឹងមាំ ដែល រដ្ឋបាលកិច្ចល្អ គឺជាឆ្អឹងខ្នងនៃកំណែទម្រង់ ហើយថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ខិតខំប្រឹងប្រែង ស្រុះដៃគ្នាអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម និងកាន់តែសកម្មថែមទៀត ដើម្បីបន្តធានាបាននូវនិរន្តរភាព ចំណូលពន្ធ និងបន្តចូលរួមអនុវត្តការងារកំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធ។
លោកបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ នៃអគ្គនាយកដ្ឋានពន្ធដារ ត្រូវបន្តពង្រឹងការយកចិត្តទុក-ដាក់ខ្ពស់លើគុណភាពនៃការផ្ដល់សេវា និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ខ្លួន ប្រកាន់ខ្ជាប់នូវអភិក្រមការងារ ៤ ប្រការ របស់អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោករដ្ឋមន្ត្រីបានការកត់សម្គាល់ លើចំណូលតាមសកម្មភាពសំខាន់ៗមួយចំនួន មានការថយចុះសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះ កម្មន្តសាលភេសជ្ជៈឬផលិតភេសជ្ជៈ (ថយចុះ ១១.១៦%) អចលនទ្រព្យ (ថយចុះ ៦.៧៧%) ការសាងសង់ (ថយចុះ ២.៤៤%) ហើយទន្ទឹមនឹងគ្នានោះ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យក៏បាន (ថយចុះ ២៦.៥៦%)។ សម្រាប់ការប្រមូលបំណុលពន្ធ មានការថយចុះសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២៣ ពោលគឺធ្លាក់ចុះ ២១.១២% ធៀប នឹងរយៈពេលដូចគ្នាឆ្នាំ២០២២។
លោករដ្ឋមន្ត្រីបានបន្តជំរុញឱ្យពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ដែលជាក់ស្តែងក្នុងខែកក្កដា ឆ្នាំ២០២៣ ទទួលបាន ២៧.៥៨ ប៊ីលានរៀល (ប្រមាណ ៦.៨១ លានដុល្លារ) និងសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២៣ ទទួលបាន ១៨៦.៧៩ ប៊ីលានរៀល (ប្រមាណ ៤៦.១២ លានដុល្លារ)។
លោកក៏បានជំរុញឱ្យពង្រឹងការបណ្តុះបណ្តាល អំពីការផ្តល់សេវាល្អជូនដល់មន្ត្រីពន្ធដារ ជាពិសេសមន្ត្រីជួរមុខ ក្នុងគោលដៅរក្សាបាន និងធ្វើឱ្យប្រសើរឡើងនូ វការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងបង្កើនភាពជឿជាក់ពីសំណាក់សាធារណជន និងអ្នកជាប់ពន្ធមក លើអគ្គនាយកដ្ឋានពន្ធដារ ដែលក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣ បានរៀបចំ ៥៣៩ លើក មាន អ្នកចូលរួមចំនួន ៦៣ ៨៨២ នាក់។
លោកអគ្គនាយកបន្តថា ចំពោះវិស័យផលិតភេសជ្ជៈ (កម្មន្តសាលភេសជ្ជៈ) បាននិងកំពុងបន្តចុះត្រួតពិនិត្យជាក់ស្តែង តាមរោងចក្រ ដើម្បី តាមដាន និងថែទាំបណ្តាញនិងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរារបស់សហគ្រាសផលិតក្នុងស្រុក (Flowmeter) ហើយបានរកឃើញមានករណីគេចវេះនិងការបំពានការអនុវត្តកាតព្វកិច្ចបំពាក់ឧបករណ៍ នេះ ដែលករណីនេះ អគ្គនាយកដ្ឋានពន្ធដារបាន និងកំពុងបន្តចាត់វិធានការពន្ធដារ យ៉ាងម៉ឺងម៉ាត់ ដើម្បីធានាបាននូវតម្លាភាព និងការប្រកួតប្រជែងដោយស្មើភាព សម្រាប់វិស័យនេះ៕