(តូក្យូ)៖ សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានកើនឡើងរយៈពេលត្រីមាសទីបីជាប់គ្នាគិតត្រឹមត្រីមាសទីក្នុងឆ្នាំនេះ ដោយសារការនាំចេញរថយន្តរឹងមាំ និងការមកដល់របស់ភ្ញៀវទេសចរបានជួយប៉ះប៉ូវដល់ការធ្លាក់ចុះការប្រើប្រាស់បន្ទាប់ពីការស្ទុះងើបសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ថមថយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសជប៉ុនបានកើនឡើង ៦ភាគរយនៃអត្រាកំណើនប្រចាំឆ្នាំ ឬកើនឡើង ១,៥នៃអត្រាប្រចាំត្រីមាសដែលខ្ពស់ជាងការព្យាករដែលថាមានកំណើន ០,៨ភាគរយក្នុងការស្ទង់មតិរបស់ដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
កំណើនសេដ្ឋកិច្ចនៅត្រីមាសទី២នេះ បានកើតមានឡើងបន្ទាប់ពីប្រទេសមហាអំណាចសេដ្ឋកិច្ចនៅអាស៊ីមួយនេះសម្រេចបានកំណើនសេដ្ឋកិច្ច ៣,៧ភាគរយនៅក្នុងត្រីមាសទីមួយ ដែលជាកំណើនលឿនបំផុតគិតចាប់តាំងពីត្រីមាសចុងក្រោយនៃឆ្នាំ២០២០មក។
ទិន្នន័យផលិតផលក្នុងស្រុកសរុបដ៏រឹងមាំនេះផ្តល់ភាពធូរស្រាលដល់អ្នកបង្កើតគោលនយោបាយដែលកំពុងស្វែងរកតុល្យភាពកំណើនសេដ្ឋកិច្ចជាមួយនឹងអតិផរណាប្រកបដោយនិរន្តរភាព និងកំណើនប្រាក់ឈ្នួលថេរ។
លោក Marcel Thieliant ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Capital Economics បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា សន្ទុះកំណើនសេដ្ឋកិច្ចដែលជំរុញដោយការនាំចេញទំនងជាមិនមាននិរន្តរភាពនោះទេ។
លោក Thieliant បានប្រសាសន៍ថា៖ «បើទោះជាការនាំចេញទំនិញមូលធនបានស្ទុះងើបឡើងវិញនៅក្នុងខែមិថុនា ស្របពេលដែលការធ្លាក់ចុះដ៏ធំបំផុតនៃការវិនិយោគក្រៅប្រទេសឥឡូវនេះស្ថិតនៅពីក្រោយយើង យើងមិនរំពឹងថានឹងមានការស្ទុះងើបសេដ្ឋកិច្ចឡើងវិញយ៉ាងខ្លាំងក្លានោះទេ»។
ការនាំចេញបានកើនឡើង ៣,២ភាគរយក្នុងត្រីមាសទី២ ដែលនាំមុខដោយការនាំចេញរថយន្ត និងលំហូរទេសចរណ៍ចូលក្នុងប្រទេស ខណៈដែលការចំណាយមូលធនមានកម្រិតថេរ។
តម្រូវការខាងក្រៅ ឬការនាំចេញសុទ្ធបានបន្ថែម ១,៨ភាគរយទៅក្នុងកំណើនសេដ្ឋកិច្ចនៅត្រីមាសទីពីរ ខណៈការនាំចូលបានធ្លាក់ចុះរយៈពេលបីត្រីមាសជាប់គ្នាគិតត្រឹមត្រីមាសទី២ ស្របពេលដែលតម្រូវការក្នុងស្រុកបានធ្លាក់ចុះ ០,៣ភាគរយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕