(ចូហានណេសប៊ឺក)៖ ឯកអគ្គរដ្ឋទូតអាហ្រ្វិកខាងត្បូងប្រចាំក្រុមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន (BRICS) ឱ្យដឹងថា BRICS នឹងពិភាក្សាស៊ីជម្រៅអំពីការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកក្នុងការធ្វើពាណិជ្ជកម្មរវាងរដ្ឋសមាជិកនៅកិច្ចប្រជុំកំពូលមួយក្នុងប្រទេសអាហ្វ្រិកខាងត្បូងនៅសប្តាហ៍ក្រោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
លោក Anil Sooklal បានថ្លែងក្នុងបទសម្ភាសន៍មួយនៅការិយាល័យរបស់ទីភ្នាក់ងារព័ត៌មាន Bloomberg ក្នុងទីក្រុងចូហានណេសប៊ឺក (Johannesburg) កាលពីថ្ងៃចន្ទថា កិច្ចពិភាក្សានឹងផ្តោតលើបញ្ហានានារួមទាំងការបង្កើតប្រព័ន្ធទូទាត់រួម ខណៈពេលដែលគណៈកម្មាធិការបច្ចេកទេសមួយទំនងជាត្រូវបានបង្កើតឡើងដើម្បីចាប់ផ្តើមពិចារណាលើលទ្ធភាពបង្កើតរូបិយប័ណ្ណរួមមួយរបស់ក្រុមប្រទេសនេះ។
លោក Anil Sooklal បានថ្លែងក្នុងសន្និសីទមួយថា មិនមានផែនការពិភាក្សាអំពីការជំនួសប្រាក់ដុល្លារអាមេរិកដែលគេចាត់ទុកថាជារូបិយប័ណ្ណរបស់ពិភពលោកនោះទេ។
លោក Sooklal បានមានប្រសាសន៍ថា៖ «ការធ្វើពាណិជ្ជកម្មដោយប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកស្ថិតនៅលើរបៀបវារៈយ៉ាងរឹងមាំ។ មិនមានប្រធានបទអំពីការដកប្រាក់ដុល្លារនៅលើរបៀបវារៈនៃកិច្ចប្រជុំរបស់ BRICS ទេ។ BRICS មិនបានអំពាវនាវឱ្យមានការដកប្រាក់ដុល្លារទេ។ ប្រាក់ដុល្លារនឹងបន្តក្លាយជារូបិយប័ណ្ណសកលដ៏សំខាន់។ នោះជាការពិត»។
សមាជិកក្រុមប្រទេស BRICS ដែលរួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង កំពុងព្យាយាមធ្វើពាណិជ្ជកម្មបន្ថែមទៀតរវាងប្រទេសជាសមាជិកដោយប្រើប្រាស់រូបិយប័ណ្ណផ្ទាល់ខ្លួនរបស់ពួកគេ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងទទួលបានឥទ្ធិពលសកលកាន់តែច្រើន និងទប់ទល់នឹងការត្រួតត្រារបស់សហរដ្ឋអាមេរិក។ ធនាគារអភិវឌ្ឍន៍ថ្មី (NDB) ដែលជាស្ថាប័នផ្តល់ប្រាក់កម្ចីបង្កើតឡើងដោយក្រុមប្រទេស BRICS បានកំណត់គោលដៅមួយភាគបីនៃការផ្តល់ប្រាក់កម្ចីរបស់ខ្លួនជារូបិយប័ណ្ណក្នុងស្រុកនៅឆ្នាំ២០២៦។
លោក Leslie Maasdorp ប្រធានផ្នែកហិរញ្ញវត្ថុរបស់ធនាគារ NDB បាននិយាយកាលពីខែមុនថា ការបង្កើតរូបិយប័ណ្ណរួមរបស់ BRICS ដើម្បីប្រជែងនឹងប្រាក់ដុល្លារគឺជាមហិច្ឆតារយៈពេលមធ្យមទៅវែង។
កិច្ចប្រជុំកំពូលនៃមេដឹកនាំរបស់ក្រុមប្រទេស BRICS គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ ២៤ ខែសីហា នៅទីក្រុង Johannesburg ជាកន្លែងដែលពួកគេនឹងពិភាក្សាថាតើត្រូវទទួលស្គាល់ប្រទេសផ្សេងទៀតជាសមាជិករបស់ខ្លួនឬអត់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕