(ភ្នំពេញ)៖ ឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមហ៊ុន Tropicam Group បានលើកឡើងថា នៅឆ្នាំ២០២៣នេះ វិស័យកសិកម្មនឹងបន្ដរក្សាភាពវិជ្ជមាន ប៉ុន្ដែការរកស៊ីក្នុងវិស័យនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់។
លោកថា ក្នុងពេលដែលដំណើរការសេដ្ឋកិច្ចមិនសូវជាល្អប្រសើរ អ្នករកស៊ីក្នុងវិស័យកសិកម្ម គួរគម្បីគិតទៅលើគន្លឹះចំនួន៣ គឺតម្រូវការទីផ្សារ, ការផលិតកម្មកែច្នៃ និងការប្រមូលទិញ។
ការលើកឡើងរបស់ឧកញ៉ា ហ៊ុន ឡាក់ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា ឆ្នាំ២០២៣ រៀបចំឡើងដោយសមាគមឧកញ៉ាកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ឧកញ៉ា ហ៊ុន ឡាក់ បានថ្លែងថា «ក្នុងពេលដែលដំណើរការសេដ្ឋកិច្ចមិនសូវជាល្អ ក្នុងនាមជាអ្នកវិនិយោគផ្ទាល់ ត្រូវគិតលើចំណុចសំខាន់រួមមាន តម្រូវការទីផ្សារ, ផលិតកម្មកែច្នៃ និងការប្រមូលទិញ។ នៅកម្ពុជា ស្រូវ និងគ្រាប់ស្វាយចន្ទី ជាផលិតផលមានសក្ដានុពលអាចធ្វើការនាំចេញ ប៉ុន្ដែជាក់ស្ដែងមួយឆ្នាំៗ នៅកម្ពុជាផលិតផលទាំងនេះសល់ច្រើន ផ្ទុយទៅវិញផលិតផលទាំងពីរប្រភេទនេះ ត្រូវបានប្រទេសជិតខាងមកប្រមូលទិញ ខណៈផលិតករនៅទីនេះមិនដឹងថា ត្រូវយកផលិតផលទាំងនោះទៅធ្វើអ្វីនោះឡើយ»។
លោកបន្តថា ការកែច្នៃជាចំណុចសំខាន់ កម្ពុជាច្រើនតែនាំចេញផលិតផល ដែលមិនទាន់បានកែច្នៃ ដែលធ្វើឲ្យបាត់បង់នូវផលចំណេញជាច្រើន ខណៈប្រទេសជិតខាងយកទៅធ្វើការកែច្នៃ នឹងធ្វើការនាំចេញដែលផ្ដល់ភាពចំណេញច្រើន ជាងការនាំចេញវត្ថុធាតុដើម។
ឧកញ៉ា ហ៊ុន ឡាក់ បានបញ្ជាក់ថា «ខ្ញុំរំពឹងថា វិស័យកសិកម្មនឹងរក្សាភាពវិជ្ជមាន ប៉ុន្ដែត្រូវប្រុងប្រយ័ត្នបន្ដិច។ ជាក់ស្ដែងនៅក្នុងប្រទេសចិន បរិត្តផរណា ទំនិញមួយចំនួនដែលមានការចុះថោក មិនសំដៅលើទំនិញស្បៀងអាហារនោះឡើយ ដែលទំនិញទាំងនេះ ចុះថោកដោយសារកត្តាសេដ្ឋកិច្ចមិនល្អ ប្រជាជនកាត់បន្ថយការចំណាយ»៕