(ភ្នំពេញ)៖ អង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) និងទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បាននាំក្រុមហ៊ុនបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ជប៉ុនចំនួនប្រាំពីរ ដើម្បីរួមគ្នាសិក្សាស្វែងយល់ អភិវឌ្ឍន៍ធ្វើយ៉ាងណាឲ្យមានភាពប្រសើរឡើងនៃវិស័យកសិកម្មនៅកម្ពុជា តាមរយៈបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ជប៉ុន។

ក្នុងសន្និសីទស្ដីពីការបង្កើតកិច្ចសហការរួមគ្នា រវាងកម្ពុជា-ជប៉ុន ជំរុញធ្វើឲ្យប្រសើរឡើងលើវិស័យកសិកម្ម ការតាមដានការបំភាយឧស្ម័ន និងនវានុវត្តន៍ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ របស់លំហអាកាស និងផ្ការរណនេះមានការចូលរួមពី លោកឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, លោកស្រី Marisa Haruta ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅស្រុកកម្ពុជា JETRO, លោក Atsushi UENO ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា និងលោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍នៃកម្ពុជា។

ក្នុងសន្និសីទស្ដីពីការបង្កើតកិច្ចសហការរួមគ្នា រវាងកម្ពុជា-ជប៉ុន អង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន និងទីភ្នាក់ងាររុករកអវកាសជប៉ុន
បាន​ណែនាំមកនូវក្រុមហ៊ុនបច្ចេកវិទ្យាទំនើបចុងក្រោយ របស់ជប៉ុនចំនួនប្រាំពីរ ដើម្បីរួមគ្នាធ្វើឱ្យប្រសើរឡើង លើវិស័យកសិកម្មនៅកម្ពុជា។

លោក Atsushi Ueno ឯកអគ្គរដ្ឋទូតបានថ្លែងថា ឆ្នាំនេះជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា និងខួបលើកទី៥០នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន។ ជាក់ស្ដែងសម្រាប់កម្មវិធីថ្ងៃនេះ ដូចដែលបានជូនដំណឹងហើយថា ក្រុមហ៊ុន និងអង្គការជប៉ុនចំនួន៧កំពុងជួបជុំគ្នា ដើម្បីណែនាំបច្ចេកវិទ្យារបស់ក្រុមហ៊ុនខ្លួននីមួយៗ ដែលជាបច្ចេកវិទ្យាទំនើប ប្រមូលទិន្នន័យដោយប្រើផ្កាយរណប AI និងឧបករណ៍ចាប់សញ្ញា (censors)។

ឯកអគ្គរដ្ឋទូតបានបន្ដថា «ខ្ញុំជឿជាក់ថា អាជីវកម្មប្រកបដោយភាពច្នៃប្រឌិតទាំងនេះ នឹងក្លាយជាកម្លាំងចលករ ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងបង្កើនប្រាក់ចំណេញក្នុងវិស័យកសិកម្មរបស់កម្ពុជា»

លោកឧកញ៉ា សុខ ពិសិដ្ឋ បានថ្លែងឲ្យដឹងថា កម្ពុជា និងជប៉ុនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងយូរអង្វែង។
ជប៉ុនជាអ្នកវិនិយោគបរទេស និងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់កម្ពុជា ជាក់ស្ដែងក្នុងឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានប្រមាណ២.៤ ពាន់លានដុល្លារ ចំណែកការវិនិយោគរបស់ជប៉ុននៅកម្ពុជាមានប្រហែល ២.៩ពាន់លានដុល្លារ នេះបើយោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

លោកបានបន្ដថា ការវិនិយោគសំខាន់ៗមួយចំនួនរបស់ជប៉ុននៅកម្ពុជារួមមាន ផ្សារទំនើប រោងចក្រដំឡើងរថយន្ត រោងចក្រផលិតម៉ូទ័រ ឧបករណ៍អគ្គិសនី ឬរោងចក្រផលិតឧបករណ៍ និងមន្ទីរពេទ្យជាដើម។ និយាយចំពោះកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម នៃប្រទេសទាំង២មានអាយុកាលតាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ក្នុងនោះជប៉ុនបានផ្តល់ជំនួយបច្ចេកទេស និងឧបករណ៍ គាំទ្រដល់ការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ និងផលិតកម្មស្រូវនៅកម្ពុជា។

ប៉ុន្មានឆ្នាំចុងក្រោយនេះជប៉ុនបានណែនាំកម្ពុជា នូវការតាមដានការបំភាយ និងការច្នៃប្រឌិត ដោយប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណប ក្នុងគោលបំណងលើកកម្ពស់ភាពធន់ និងនិរន្តរភាពនៃវិស័យកសិកម្ម។

លោកបានបញ្ជាក់ថា «តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាបែបនេះ កម្ពុជានឹងអាចលើកកម្ពស់ ការប្រកួតប្រជែងផ្នែកកសិកម្មរបស់ខ្លួន កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងជំរុញវប្បធម៌នៃការច្នៃប្រឌិត ក្នុងចំណោមប្រជាជនក្នុងតំបន់»

លោកស្រី Marisa Haruta បានថ្លែងថា ដូចអ្នកទាំងអស់គ្នាបានដឹងហើយថា កម្ពុជាជាប្រទេសមានភាពបត់បែនខ្លាំង ក្នុងការចាប់យកឱកាស ដើម្បីឆ្ពោះទៅរកផ្លូវបច្ចេកវិទ្យាថ្មីៗដូចជា បច្ចេកវិទ្យា blockchain តាមរយៈការដំណើរការប្រព័ន្ធបាគងជាដើម មិនត្រឹមតែប៉ុណ្ណោះ ក៏បានឃើញពីបច្ចេកវិទ្យាជាច្រើនដែលផ្ដល់សុវត្ថិភាព ភាពងាយស្រួល រួមមាន ការទូទាត់ និងសេវាកម្មដឹកជញ្ជូនជាដើម។

លោកស្រីបានបញ្ជាក់ថា «ខ្ញុំ​គិត​ថានេះ​ជា​ពេល​វេលា​ដ៏​ល្អ​បំផុត ​សម្រាប់​ការ​ណែនាំ​ក្រុមហ៊ុន​ ដែលមានបច្ចេកវិទ្យា​ទំនើបមកកម្ពុជា ជាក់ស្ដែងយើងមានក្រុមហ៊ុន និងសមាគមបច្ចេកវិទ្យាខ្ពស់ចំនួន៧ ដែលផ្ដល់ដំណោះស្រាយ ធ្វើឱ្យប្រសើរឡើងនូវវិស័យកសិកម្មនៅកម្ពុជា»

សូមជម្រាបថា ក្រុមហ៊ុនចំនួន៧នោះរួមមាន៖ ASUZETO SINGAPORE PTE LTD/ASUENE INC (JAPAN), GREEN CARBON INC, NIPPON KOEI CO., LTD, SAGRI CO., LTD, SYNSPECTIVE INC, TENCHIJIN INC, and YANMAR AGRIBUSINESS CO., LTD៕