(ភ្នំពេញ)៖ ដោយសារតែវិបត្ដិកូវីដ-១៩ និងសង្គ្រាមរវាងរុស្សី-អ៊ុយក្រែន បានធ្វើឲ្យស្ថាភាពសេដ្ឋកិច្ច នៅលើសាកលលោក មានសភាពភាពមិនសូវល្អប្រសើរនោះឡើយ ហើយក៏វាបានជះឥទ្ធិពលមកលើប្រទេសកម្ពុជាផងដែរ ជាក់ស្ដែងដូចជា វិស័យអចលនទ្រព្យជាដើម។
ពាក់ព័ន្ធនឹងបញ្ហាវិស័យអចលនទ្រព្យនេះ អ្នកឧកញ៉ា លាង ម៉េង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Chip Mong Group បានថ្លែងនូវការរំពឹងទុកថា នៅចុងឆ្នាំ២០២៤ ក្នុងអំឡុងខែតុលា វិស័យអចលនទ្រព្យកម្ពុជា នឹងមានភាពល្អប្រសើរ។
ការលើកឡើងបែបនេះ របស់អ្នកឧកញ៉ា លាង ម៉េង ធ្វើឡើងក្នុងវេទិកាធុរកិច្ចឆ្នាំ២០២៣ រៀបចំដោយសមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) ក្រោមកិច្ចសហការជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) នាចុងសប្តាហ៍កន្លងទៅនេះ។
លោកបានថ្លែងដូច្នេះថា «បើសម្រាប់ខ្ញុំអ្នកវិនិយោគធំ ក្នុងវិស័យចលនទ្រព្យមួយដែរ គម្រោងដែលខ្ញុំកំពុងធ្វើទាំងអស់មានប្រហែល៦ សួរថាខ្ញុំនៅលក់បានទេ? គឺនៅលក់បាន គ្រាន់តែចំនួនថយជាងមុន។ ថយជាងមុន ប៉ុន្តែអ្នកដែលទិញគម្រោងរបស់ខ្ញុំ គឺអ្នកទិញសម្រាប់រស់នៅ មិនមែនទិញដើម្បីប្រាក់ចំណេញទេ។ ចំពោះមុខថា តើវិនិយោគក្នុងវិស័យអលចនទ្រព្យ យើងមើលឃើញបែបណា? បើចំពោះខ្ញុំ ខ្ញុំឃើញថា សម្រាប់ឆ្នាំក្រោយយើងនៅរាងពិបាកបន្តិច ដោយសារពេលនេះយើងបានការបញ្ជាទិញពីមុនមក ដល់ទៅមុខទៅអាចធ្លាប់បន្តិច ប៉ុន្តែខ្ញុំសង្ឃឹមថាយើងមានរដ្ឋាភិបាលថ្មី ដែលគាត់បានយល់បញ្ហាច្បាស់ គាត់នឹងមានវិធីសាស្ត្រ ដើម្បីជួយជំរុញវិស័យនេះឱ្យប្រសើរឡើង [...] ខ្ញុំមើលឃើញថា ក្នុងឆ្នាំ២០២៤ ដើមឆ្នាំមិនទាន់សូវល្អ ប៉ុន្តែសម្រាប់ខែ១០ អីប្រហែលជាល្អ»៕