(ក្រុងឡុងដ៍)៖ រូបិយប័ណ្ណរូប្លររបស់ប្រទេសរុស្ស៊ីបានធ្លាក់ថ្លៃដល់តម្លៃទាបបំផុតរបស់ខ្លួនគិតចាប់តាំងពីសប្តាហ៍ដំបូងនៃការចាប់ផ្តើមកើតមានសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ខណៈទណ្ឌកម្មរបស់ប្រទេសលោកខាងលិចដាក់បន្ទុកលើការនាំចេញថាមពល និងធ្វើឱ្យធ្លាក់ចុះតម្រូវការរូបិយប័ណ្ណនេះ។ នេះបើយោងតាមទី ។
ភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ រូបិយប័ណ្ណរូប្លត្រូវបានជួញដូរក្នុងតម្លៃ ១០១រូប្លក្នុងមួយដុល្លារសហរដ្ឋអាមេរិក ដោយបន្តធ្លាក់ចុះជាង ២៥ភាគរយនៃតម្លៃរបស់ខ្លួនគិតចាប់តាំងពីដើមឆ្នាំ និងឈានដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត ១៧ខែ។
នៅក្នុងការអត្ថបទចេញផ្សាយនៅលើទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS កាលពីថ្ងៃច័ន្ទ លោក Maksim Oreshkin ទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានស្តីបន្ទោសការធ្លាក់ចុះថ្លៃប្រាក់រូប្លនេះគឺដោយសារតែ «គោលនយោបាយរូបិយវត្ថុធូររលុង»។
លោកបានថ្លែងថា រូបិយប័ណ្ណដ៏រឹងមាំស្ថិតគឺជាអត្ថប្រយោជន៍សម្រាប់សេដ្ឋកិច្ចរុស្ស៊ី ហើយរូបិយប័ណ្ណទន់ខ្សោយ «បង្កឱ្យមានភាពស្មុគស្មាញដល់ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ និងប៉ះពាល់អវិជ្ជមានដល់ប្រាក់ចំណូលពិត (ក្រោយកាត់កងអតិផរណា) របស់ប្រជាជន»។
លោក Oreshkin បាននិយាយថា ធនាគារកណ្តាលរបស់រុស្ស៊ីមាន «ឧបករណ៍ដែលចាំបាច់ទាំងអស់» ដើម្បីធ្វើឱ្យស្ថានការណ៍មានស្ថិរភាព។ លោកបានបន្ថែមថា លោករំពឹងថាស្ថានភាពនឹងងាកមករកដំណើរការធម្មតាវិញក្នុងពេលឆាប់ៗនេះ។
ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ដោយដកស្រង់សំដីលោក Alexei Zabotkin ទេសាភិបាលរងធនាគារកណ្តាលរុស្ស៊ីខណៈថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ធនាគារកណ្តាលកំពុងប្រកាន់ខ្ជាប់ទៅនឹងអត្រាប្តូរប្រាក់ទីផ្សារពីព្រោះ «វាអនុញ្ញាតឱ្យសេដ្ឋកិច្ចសម្របខ្លួនប្រកបដោយប្រសិទ្ធភាពទៅនឹងការផ្លាស់ប្តូរលក្ខខណ្ឌខាងក្រៅ»៕