(ប៉េកាំង)៖ ទិន្នន័យផ្លូវការបានបង្ហាញនៅសប្តាហ៍នេះថា ប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេសចិនបានកើនឡើងច្រើនជាងការរំពឹងទុកនៅក្នុងខែកក្កដា ខណៈប្រាក់ដុល្លារបានធ្លាក់ចុះធៀបនឹងរូបិយប័ណ្ណសំខាន់ៗផ្សេងទៀតក្នុងខែកក្កដា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេសដែលមានទំហំធំបំផុតក្នុងពិភពលោកបានកើនឡើង ១១,៣ពាន់លានដុល្លារដល់ ៣,២០៤ពាន់ពាន់លានដុល្លារកាលពីខែមុន ធៀបនឹងការព្យាកររបស់ក្រុមអ្នកវិភាគដែលថាមានចំនួន ៣,២ពាន់ពាន់លានដុល្លារក្នុងការស្ទង់មតិដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ និងធៀបនឹងចំនួន ៣,១៩៣ពាន់ពាន់លានដុល្លារក្នុងខែមិថុនា។

ប្រាក់យន់បានឡើងថ្លៃ ១,៥ភាគរយធៀបនឹងប្រាក់ដុល្លារក្នុងខែកក្កដា ខណៈដែលប្រាក់ដុល្លារកាលពីខែមុនបានធ្លាក់ចុះថ្លៃ ១ភាគរយធៀបនឹងកញ្ចប់រូបិយប័ណ្ណសំខាន់ៗផ្សេងទៀតត។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសចិនបានកាន់កាប់មាសសុទ្ធចំនួន ៦៩,៦៩លានត្រូយអោន (២,១លានគីឡូក្រាម) គិតត្រឹមដំណាច់ខែកក្កដា កើនឡើងពី ៦៧,៩៥លានត្រូយអោននៅដំណាច់ខែមិថុនា។

តម្លៃមាសបម្រុងរបស់ប្រទេសចិនបានកើនឡើងដល់ ១៣៥,៣៦ពាន់លានដុល្លារគិតត្រឹមដំណាច់ខែកក្កដាកើនឡើងពី ១២៩,៩៣ពាន់លានដុល្លារនៅដំណាច់ខែមិថុនា៕