(ម៉ានីល)៖ មន្ត្រីកសិកម្មហ្វីលីពីនជាន់ខ្ពស់មួយរូបបានឱ្យដឹងថា ប្រទេសហ្វីលីពីនកំពុងពិភាក្សាអំពីការនាំចូលអង្ករពីប្រទេសវៀតណាម និងឥណ្ឌា ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះស្វែងរកបង្កើនស្តុកបម្រុងអង្ករ និងបន្ទាបតម្លៃក្នុងប្រទេស។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។

ភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា លោក Domingo Panganiban អនុរដ្ឋលេខាធិការជាន់ខ្ពស់នៃក្រសួងកសិកម្មហ្វីលីពីនបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្ញើដោយការិយាល័យរបស់ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. ថា ក្រុមហ៊ុននាំចេញវៀតណាមបានផ្តល់សម្រង់តម្លៃរួចហើយ ដែលទាបជាងការប្រជុំកាលពីពេលថ្មីៗនេះរហូតដល់ ៤០ដុល្លារ។

លោក Panganiban បានមានប្រសាសន៍ថា៖ «ការណ៍នេះសង្ឃឹមថានឹងត្រួសត្រាយផ្លូវសម្រាប់ប្រទេសហ្វីលីពីនដើម្បីទទួលបានលក្ខខណ្ឌកាន់តែប្រសើរសម្រាប់ការនាំចូលអង្ករបន្ថែមពី ៣០ម៉ឺនតោនទៅ ៥០ម៉ឺនតោនសម្រាប់ឆ្នាំនេះ»

លោក Panganiban បានបន្ថែមថា ការទិញអង្ករបន្ថែមអាចទម្លាក់តម្លៃអង្ករសម្រាប់ប្រទេសហ្វីលីពីន ដោយសារវានឹងបង្កើនស្តុកបម្រុងជាតិ ដែលទោះបីជាគ្មានការនាំចូលក៏ដោយ ក៏ត្រូវបានគេរំពឹងថានឹងអាចប្រើប្រាស់បានពី ៥២ ទៅ ៥៧ថ្ងៃបន្តនៅពេលមុខទៀត។ លោកប្រធានាធិបតី Marcos បាននិយាយកាលពីដើមខែនេះថា ប្រទេសអាស៊ីអាគ្នេយ៍មួយនេះមានស្តុកអង្ករគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ បើទោះបីជាមានការប្រែប្រួលអាកាសធាតុដោយសារបាតុភូតអ៊ែលនីណូនៅឆ្នាំក្រោយក៏ដោយ។

ហ្វីលីពីនគឺជាប្រទេសផលិតអង្ករដ៏ធំបំផុតមួយក្នុងពិភពលោក ប៉ុន្តែជាធម្មតាប្រទេសនេះទិញអង្ករពីប្រទេសផ្គត់ផ្គង់ធំៗដូចជាប្រទេសថៃ និងវៀតណាម ដើម្បីជួយបំពេញកង្វះខាតផលិតកម្មដែលបណ្តាលមកពីព្យុះទីហ្វុង។ ក្រុមមន្ត្រីកសិកម្មហ្វីលីពីនបានឱ្យដឹងកាលពីខែធ្នូថា ការនាំចូលអង្ករនៅឆ្នាំនេះទំនងជានឹងកើនដល់ប្រហែល ២,៥លានតោន ខណៈនៅឆ្នាំ២០២២ មានប្រហែល ៣,៥លានតោន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕