(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រទេសវៀតណាមមានអង្ករពី ៧ លានទៅ ៨ លានតោនសម្រាប់នាំចេញនៅឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Le Minh Hoan បានឱ្យដឹងនៅក្នុងរបាយការណ៍ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានវៀតណាមថា ទិន្នផលស្រូវនៅឆ្នាំនេះត្រូវបានរំពឹងថានឹងមានពី ២៧លានទៅ ២៨លានតោន។
លោក Hoan បាននិយាយថា ទិន្នផលមានគ្រប់គ្រាន់សម្រាប់ធានាបាននូវសន្តិសុខស្បៀងក្នុងស្រុកសម្រាប់ប្រទេសនាំចេញអង្ករធំជាងគេទីបីក្នុងពិភពលោកកាលពីឆ្នាំ២០២២មួយនេះបន្ទាប់ពីប្រទេសឥណ្ឌាដែលជាប្រទេសនាំចេញលេខមួយ និងប្រទេសថៃដែលជាប្រទេសនាំចេញលេខពីរ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា យោងតាមទិន្នន័យរបស់រដ្ឋាភិបាលវៀតណាម ការនាំចេញអង្ករពីប្រទេសវៀតណាមក្នុងរយៈពេលប្រាំពីរខែដំបូងក្នុងឆ្នាំនេះបានកើនឡើង ២១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ៤,៨៩លានតោន។ ការនាំចេញរបស់វៀតណាមមានចំនួន ៧,១លានតោនកាលពីឆ្នាំមុន។
ប្រទេសឥណ្ឌាដែលមានចំណែកជាង ៤០% នៃពាណិជ្ជកម្មអង្ករពិភពលោកកាលពីខែមុនបានបញ្ជាឱ្យបញ្ឈប់ការនាំចេញប្រភេទអង្ករដែលត្រូវបាននាំចេញច្រើនធំបំផុតរបស់ខ្លួនដើម្បីទប់ស្កាត់កំណើនតម្លៃក្នុងស្រុកដោយបានធ្វើឱ្យតម្លៃអង្ករពិភពលោកកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ១៥ឆ្នាំ និងបង្កឱ្យមានការព្រួយបារម្ភអំពីអតិផរណាស្បៀងអាហារពិភពលោកដែលមានអត្រាខ្ពស់រួចស្រាប់ទៅហើយនោះ។
ក្រុមពាណិជ្ជកម្មករអង្ករមួយរូបបាននិយាយថា តម្លៃអង្ករប្រភេទបាក់ ៥% របស់វៀតណាមកើនឡើងដល់ ៦៣០ ទៅ ៦៤០ដុល្លារក្នុងមួយតោនកាលពីថ្ងៃសុក្រ។ ក្រុមពាណិជ្ជកម្មករដដែលនេះបានបន្ថែមថា ពាណិជ្ជកម្មអង្ករមានភាពស្ងប់ស្ងាត់ ខណៈដែលក្រុមហ៊ុននាំចេញរំពឹងថានឹងឡើងថ្លៃបន្ថែមទៀត។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាមកាលពីសប្តាហ៍មុនបាននិយាយថា ការកើនឡើងតម្លៃអង្ករពិភពលោកបានផ្តល់ឱកាសបង្កើនការនាំចេញ ប៉ុន្តែលោកបានសង្កត់ធ្ងន់លើតម្រូវការក្នុងការធានាសន្តិសុខស្បៀងក្នុងស្រុក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕