(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានទម្លាក់ការព្យាករពីកំណើនរបស់ខ្លួនសម្រាប់ឆ្នាំ២០២៣ ក្នុងគ្រាដែលមានការរំពឹងទុកថា តម្រូវការពីប្រទេសដែលមានសេដ្ឋកិច្ចធំៗ នឹងនៅតែខ្សោយក្នុងពេលខាងមុខ។ នេះបើយោងតាមកាសែត Channel News Asia។

កាសែត Channel News Asia បានរាយការណ៍ថា ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI) សិង្ហបុរីបានឱ្យដឹងកាលពីថ្ងៃសុក្រថា ផលិតផលក្នុងស្រុកសរុប (ផ.ស.ស) សម្រាប់ឆ្នាំនេះ ឥឡូវនេះត្រូវបានរំពឹងថានឹងស្ថិតក្នុងចន្លោះពី ០,៥ ទៅ ១,៥ភាគរយដោយធ្លាក់ចុះពីអត្រាចន្លោះពី ០,៥ ទៅ ២,៥ភាគរយពីការព្យាករកន្លងមក។

ការទម្លាក់ការព្យាករនេះធ្វើឡើងស្របពេលដែលមានទិន្នន័យបង្ហាញថា សេដ្ឋកិច្ចសិង្ហបុរីមានកំណើន ០,៥ ភាគរយនៅត្រីមាសទី២ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អត្រានេះមានកម្រិតទាបជាងការព្យាករជាន់ខ្ពស់ដែលមានអត្រា ០,៧ភាគរយ ប៉ុន្តែខ្ពស់ជាងបន្តិចធៀបនឹងកំណើន ០,៤ភាគរយក្នុងត្រីមាសទីមួយ។

បើធៀបនឹងត្រីមាសទី១ ដែលត្រូវបានកែតម្រូវតាមរដូវកាលវិញ សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានកើនឡើងតិចតួច ០,១ភាគរយនៅត្រីមាសទី២។ អត្រានេះស្ទុះងើបឡើងវិញពីការធ្លាក់ចុះ០,៤ភាគរយនៅក្នុងត្រីមាសទី១ ប៉ុន្តែទាបជាងការព្យាករជាន់ខ្ពស់ដែលមានអត្រា ០,៣ភាគរយ។

លោក Gabriel Lim លេខាធិការអចិន្ត្រៃយ៍នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ទទួលបន្ទុកគោលនយោបាយបានប្រាប់កាសែត Channel News Asia ថា កំណើនសេដ្ឋកិច្ចក្នុងអំឡុងត្រីមាសទីពីរត្រូវបានគាំទ្រជាចម្បងដោយវិស័យដឹកជញ្ជូននិងការស្តុកទុក សេវាកម្ម និងវិស័យព័ត៌មាន និងទូរគមនាគមន៍។

សម្រាប់ឆមាសទីមួយនៃឆ្នាំនេះ កំណើនផលិតផលក្នុងស្រុកសរុបរបស់សិង្ហបុរីមានជាមធ្យម ០,៤ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕