(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានឱ្យដឹងថា មុន និងក្រោយការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧នេះ ការទិញលក់មូលបត្រនៅក្នុងទីផ្សារ ​មានភាពប្រក្រតីជាធម្មតា និងមានទំនោរកាន់តែកើនឡើងជាងមុន ដែលថ្ងៃខ្លះបានកើនឡើងពី ៥០ម៉ឺនដុល្លារក្នុងមួយថ្ងៃ។

លោក ស៊ូ សុជាតិ លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការផ្លាស់ប្តូរព័ត៌មាន និងការជួយគ្នាទៅវិញទៅមក រវាងនិយ័តករមូលបត្រកម្ពុជា និងគណៈកម្មការមូលបត្រឡាវ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ។

លោកថា ដោយសារការបោះឆ្នោតប្រព្រឹត្ត ទៅដោយរលូនរក្សាបាននូវសុខសន្តិភាព បានធ្វើឱ្យសកម្មភាពជួញដូរ នៅក្នុងទីផ្សារមូលបត្រ ដំណើរការទៅដោយប្រក្រតី និងមានសន្ទុះខ្លាំងជាងមុន ខណៈមុនការបោះឆ្នោតមានក្រុមហ៊ុនធំៗពីរ បានចូលទីផ្សារ រួមមានក្រុមហ៊ុន Cellcard និងក្រុមហ៊ុន MJQE ដែលធ្វើឱ្យការជួញដូរភាគហ៊ុនរ បស់ក្រុមហ៊ុនទាំងពីរនេះមានការកើនឡើង។

លោកបន្ថែមថា «អ្វីដែលនិយ័តករកម្ពុជា សង្កេតឃើញគឺការជួញដូរមានភាពសកម្ម និងមានទំនោរកើនឡើង បន្ទាប់ពីមានក្រុមហ៊ុនធំៗ ២បានឈានជើងចូលទីផ្សារ ដែលធ្វើឱ្យទំហំនៃការជួញដូរប្រចាំថ្ងៃកាន់តែកើនឡើង ដោយថ្ងៃខ្លះការជួញដូរបានហក់ឡើងដល់ ៥០ម៉ឺនដុល្លារក្នុងមួយថ្ងៃ ហើយថ្ងៃខ្លះលើសពី ៥០ម៉ឺនដុល្លារ ឬជិត១លានដុល្លារក្នុងមួយថ្ងៃ ដែលធ្វើឱ្យទំនោរទីផ្សារកាន់តែល្អ សកម្មភាពក្នុងទីផ្សារកាន់តែខ្លាំង»

សូមជម្រាបថា គិតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនចំនួន ២០ហើយ ដែលបានចុះបញ្ជីលក់មូលបត្រ​ ក្នុងនោះក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិមានចំនួន ១១ ​និងក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលចំនួន ៩៕