(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា ទើបតែបញ្ជាក់ឱ្យដឹងថា រដ្ឋបាលគយចិន បានបញ្ចប់នីតិវិធី ក្នុងការអនុញ្ញាតឱ្យផលិតផលជលផលរបស់កម្ពុជា ៤មុខទៀត អាចនាំចេញដោយផ្ទាល់ ទៅកាន់ប្រទេសចិនបាន ដែលផលិតផលជលផលចិញ្ចឹមទាំង ៤មុខនេះរួមមាន៖ បង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង។
លោក សុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាភិបាលសមាគមវារីវប្បករកម្ពុជា បានឲ្យដឹងថា ការបញ្ចប់នីតិវិធីក្នុងការអនុញ្ញាតឱ្យផលិតផលជលផល របស់កម្ពុជា ៤មុខទៀត អាចនាំចេញដោយផ្ទាល់ ទៅកាន់ប្រទេសចិនបាន នឹងជះភាពល្អប្រសើរដល់អ្នកចិញ្ចឹម ខណៈការចិញ្ចឹមផលផលជលផលទាំង ៤មុខនេះ ប្រជាពលរដ្ឋអាចធ្វើបាន និងត្រៀមខ្លួនជានិច្ច។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣នេះ លោក សុខ រ៉ាដែន បានថ្លែងថា «ជាដំណឹងដ៏រីករាយមួយ ដល់សមាគមវារីវប្បករកម្ពុជា ជាពិសេសអ្នកចិញ្ចឹម បច្ចុប្បន្ននេះយើងកំពុងរង់ចាំមើលថា តើនឹងមានយន្ដការបែបណា ក្នុងការជំរុញបន្ថែម លើការនាំចេញផលិតផលជលផល ៤ប្រភេទនេះ ព្រោះថាកាណាភាគីចិន មានតម្រូវការច្រើន អ្នកចិញ្ចឹមក៏មានការផលិតច្រើនដូចគ្នា»។
លោក សុខ រ៉ាដែន បានបញ្ជាក់ទៀតថា «យើងនៅតែសង្ឃឹមថា ការអនុញ្ញាតឱ្យផលិតផលជលផលរបស់កម្ពុជា ៤មុខ នាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន នឹងសម្រេចបានជោគជ័យ ហើយព័ត៌មាននេះ បានជះភាពល្អប្រសើរដល់អ្នកចិញ្ចឹម ចំពោះការចិញ្ចឹមទៀតសោតកសិករបានត្រៀមខ្លួន និងអាចសម្រេចបាន ឲ្យតែយើងទទួលបានពូជនៃសត្វ ដែលតម្រូវឲ្យចិញ្ចឹម ដែលនឹងផ្ដល់ដោយក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងភាគីចិនបានតម្រូវ»។
សម្រាប់ក្រុមហ៊ុន ដែលត្រូវបានរដ្ឋបាលគយចិន ទទួលស្គាល់សម្រាប់ការនាំចេញផលិតផលជលផលទាំង៤ប្រភេទនេះគឺ ក្រុមហ៊ុន Cambodian Tienit International Trading។ ការអនុញ្ញាតនេះ ជាសមិទ្ធផលដ៏សំខាន់ក្នុងការនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។
សូមជម្រាបថា កាលពីខែឧសភា ឆ្នាំ២០២៣ ផលិតផលជលផលធម្មជាតិរបស់កម្ពុជាចំនួន ១១ប្រភេទ ទទួលបានការអនុញ្ញាតឲ្យនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន។ ផលិផលចំនួន ១១ប្រភេទនេះរួមមាន៖ កំពឹសទឹកសាប, ត្រីប្រាធំ, ត្រីប្រាខ្ចៅ, ខ្យងទឹកសាបពីរប្រភេទ, អន្ទង់ទឹកសាប, បង្កងកណ្តូបពីរប្រភេទ, បង្គាខ្លឹង, បង្គាស និងបង្គាប៉ារ៉ា៕