(ភ្នំពេញ)៖ ក្រសួងកសិកម្ម និងអគ្គរដ្ឋបាលគយចិន (GACC) បានបើកកិច្ចប្រជុំ និងចុះវាយតម្លៃហានិភ័យសមាសភាពចង្រៃលើដំណាំដូងកម្ពុជា ដើម្បីឈានដល់ការរៀបចំ និងការចុះហត្ថលេខាលើពិធីសារ ស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ ពីកម្ពុជាទៅកាន់ប្រទេសចិន។
កិច្ចប្រជុំរវាងក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម ដែលដឹកនាំដោយបណ្ឌិត ម៉ាក់ សឿន អគ្គនាយករង អគ្គនាយកដ្ឋានកសិកម្ម និងក្រុមការងារជំនាញនៃអគ្គរដ្ឋបាលគយចិន ដឹកនាំដោយលោកស្រី Chen Yongqing មន្រ្តីគយជាន់ខ្ពស់ប្រចាំខេត្តក្វាងចូវ បានធ្វើឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣។
ជុំវិញករណីនេះបណ្ឌិត សួង ណយ ស្ថាបនិកសហគមន៍កសិកម្មដូងក្រអូបកម្ពុជា និងជាអគ្គលេខាធិការរង នៃគណៈកម្មការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៩ ខែសីហានេះ ប្រសិនបើកម្ពុជាមានឱកាសនាំចេញដូង ទៅកាន់ប្រទេសចិន គឺជារឿងល្អ។ តែយ៉ាងណាលើកឡើងថា បច្ចុប្បន្ននេះ កម្ពុជាមិនមានដូងច្រើនគ្រប់គ្រាន់ សម្រាប់នាំចេញនោះទេ ដោយសារការផ្គត់ផ្គង់នៅក្នុងស្រុកមិនទាន់គ្រប់គ្រាន់នៅឡើយទេ ហើយបាននាំចូលពីប្រទេសថៃ និងវៀតណាម មកផ្គត់ផ្គង់ផងដែរ។
លោកបានឱ្យដឹងថា កម្ពុជាត្រូវការពេលយ៉ាងហោចណាស់ ៥ឆ្នាំទៀត ឬយ៉ាងហោចណាស់ដាំឱ្យបាន ២លានដើម ទើបកម្ពុជាអាចមានដូងគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញបាន ខណៈបច្ចុប្បន្ននេះមានប្រមាណតែ ១លានដើមប៉ុណ្ណោះ។
លោកបន្តថា «ជាធម្មតាប្រទេសចិន នៅពេលដែលចាប់ផ្តើមអនុញ្ញាតឱ្យនាំចេញទៅ ដំណើរការនាំចេញប្រព្រឹត្តិទៅមិនដឹងថាឆាប់ ឬយូរទេ? ប៉ុន្តែបើសិនជាឆាប់ ខ្ញុំបារម្ភរឿងអត់មានដូងផ្គត់ផ្គង់ឱ្យគេ ឬអាចមកពីចិនដាំនៅក្រចេះ និងស្ទឹងត្រែង ដែលគាត់ដាំខ្លួនបានច្រើនហើយ គាត់ដឹងតម្រូវការត្រូវនាំចេញ? ព្រោះដូងដែលចិនដាំនៅក្រចេះ និងស្ទឹងត្រែង ខ្ញុំអត់មានទិន្នន័យថាគេដាំបានប៉ុន្មានដើមទេ»។
លោកថា រយៈពេល៣ឆ្នាំចុងក្រោយនេះ សមាជិករបស់សហគមន៍កសិកម្មដូងក្រអូបកម្ពុជា បានពង្រីកបន្ថែមជារៀងរាល់ឆ្នាំ ទៅតាមលទ្ធភាពនៃទុនរបស់ខ្លួន។ ជាពិសេសនៅក្នុងអំឡុងពេលរីករាលនៃជំងឺកូវីដ១៩ ចាប់ពីឆ្នាំ២០២០ ប្រជាកសិករ បានសម្រុកពង្រីកផ្ទៃដីដាំដុះដំណាំដូងច្រើន។ នៅឆ្នាំ២០២៣នេះ ដូងចាប់ផ្តើមផ្តល់ផលជាបណ្តើរៗហើយ ហើយចាប់ពីឆ្នាំ២០២៥ កម្ពុជានឹងមានដូងច្រើនសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ប៉ុន្តែក៏មិនមែនចំនួនច្រើនរហូតដល់ចាល់ទីផ្សារនោះទេ។
បើតាមម្ចាស់ចម្ការដូងរូបនេះបានឱ្យដឹងថា ដូងមួយផ្លែមានតម្លៃចាប់ពី ១៥០០រៀលទៅ ២៣០០រៀល សម្រាប់នៅរដូវប្រាំង និងចាប់ពី ២៣០០រៀលទៅ ២៨០០រៀល ចំពោះខែវស្សា។ លោកថា បើទោះបីជាការរីករាលដាលជំងឺកូវីដ១៩ និងមានផលប៉ះពាល់សេដ្ឋកិច្ចក៏ដោយ តម្លៃដូង និងតម្រូវនៅតែថេរ ដែលរហូតមកដល់ពេលនេះ ដំណាំដូងមិនដែលជួបបញ្ហាទីផ្សារនោះទេ។
លោកលើកទឹកចិត្តដល់កសិករដែលមានដីធំៗ គួរពិចារណាដាំដំណាំដូងនេះ យ៉ាងហោចណាស់ប្រមាណ២០%នៃទំហំផ្ទៃដី ព្រោះដូងជាប្រភេទដំណាំងាយដាំ និងងាយថែរក្សា ហើយដាំម្តងប្រមូលផលបាន៣០ឆ្នាំ និងអាចប្រមូលបានរាល់ខែ ដោយសារដូងគ្មានកំណត់រដូវកាលចេញផ្លែនោះទេ ដែលផ្តល់នូវចំណូលស្ទើររាល់អាទិត្យ រាល់ខែ បើទោះបីជាត្រូវប្រើរយៈពេលដាំ៤ឆ្នាំ ទើបទទួលបានផលក៏ដោយ។
ដំណាំដូងត្រូវបានដាំដុះច្រើនជាងគេ នៅខេត្តកំពង់ស្ពឺ កំពត កំពង់សោម ហើយបានពង្រីកការដាំដុះនៅតាមបណ្តាខេត្តជាច្រើនទៀតដូចជាកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ ស្វាយរៀង និងខេត្តសៀមរាបជាដើម៕